អន្តរជាតិ
ប្រធានាធិបតី ម៉ា​ក្រុង សន្យា​ស្ដារ​ឥទ្ធិពល​បារាំង​លើ​ពិភពលោក​ឡើងវិញ​
15, May 2017 , 11:59 am        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពិធីស្បថចូលកាន់តំណែង (រូបភាព Reuters)
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពិធីស្បថចូលកាន់តំណែង (រូបភាព Reuters)
​អ្នកនយោបាយ​កណ្ដាល​និយម អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​បារាំង​ថ្មី​នៅ​ថ្ងៃទី​១៤ ខែឧសភា បន្ទាប់ពី​ផ្ដួល​លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន (Marine Le Pen) ក្នុងការ​បោះឆ្នោត​ជុំ​ចុងក្រោយ​។ ជា​ប្រធានាធិបតី​បារាំង​ក្មេង​ជាងគេ លោក ម៉ា​ក្រុង សន្យា​ស្ដារ​មុខមាត់​បារាំង​ឡើងវិញ​ទាំង​នៅ​អឺរ៉ុប និង​លើ​ពិភពលោក​។ លោក ម៉ា​ក្រុង ក៏​នឹង​ផ្សះផ្សា​ការបែងចែក​នៅក្នុង​សង្គម​បារាំង​ដែល​កើតឡើង​អំឡុងពេល​ឃោសនាបោះឆ្នោត​ដែរ​។



​អ្នក​ចាស់​ចេញ អ្នកថ្មី​ចូល​។ អ្នកនយោបាយ​គ្មាន​បក្ស អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ក្លាយជា​ប្រធានាធិបតី​បារាំង​ផ្លូវការ ជំនួស​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ដែល​ចប់​អាណត្តិ​។ ពិធី​ស្បថ​ចូលកាន់​តំណែង បានធ្វើ​ឡើង​យ៉ាង​ឱឡារិក​នៅ​វិមាន​ប្រធានាធិបតី Elysee និង​នៅ​ទីតាំង​សំខាន់​មួយចំនួនទៀត​ក្នុង​រដ្ឋធានី​ប៉ារីស​។ ជា​ប្រធានាធិបតី​ទី​៨ នៃ​សាធារណរដ្ឋ​បារាំង​ទី​៥ លោក ម៉ា​ក្រុង នឹងត្រូវ​ដឹកនាំ​បារាំង​បន្តដំណើរ​ទៅមុខ​ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​៥ ។

​លោក ម៉ា​ក្រុង ដែល​៣​ឆ្នាំមុន​មិនសូវមាន​អ្នក​ស្គាល់​នោះ បានប្រកាស​ពង្រឹង​ឥទ្ធិពល​បារាំង​ឡើងវិញ​លើ​ឆាក​អន្តរជាតិ ពង្រឹង​មុខមាត់​បារាំង និង​ដោះស្រាយ​បញ្ហា​សង្គម​ដែល​បែកបាក់​ដោយសារ​ការ​ប្រឹង​ទាញយក​ប្រជាប្រិយភាព​របស់​អ្នកនយោបាយ​ក្នុងពេល​រក​សំឡេងឆ្នោត​។ ក្នុង​តំណែង​កំពូល​របស់​រដ្ឋ​លោក ម៉ា​ក្រុង ដឹង​ច្បាស់​ថា ប្រជាជន​បារាំង​រំពឹង​ខ្លាំងណាស់​លើ​រូបលោក ដែល​នេះ​តម្រូវ​ឲ្យ​លោក​ព្យាបាល​របួស​នៃ​ការបែកបាក់​ឲ្យ​បាន​។

​អំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត ប្រជាជន​ខ្លះ​គាំទ្រ​គោលនយោបាយ​បើកចំហរ​និយម មិន​រឹតត្បិត​សេដ្ឋកិច្ច និង​គាំទ្រ​អឺរ៉ុប ខណៈ​ប្រជាជន​បារាំង​ខ្លះទៀត​គាំទ្រ​អ្នកនយោបាយ​ស្ដាំនិយម​ជ្រុល ដែលមាន​គំនិត​ត្បិតត្បៀត គាំពារ​និយម និង​ប្រឆាំង​ការធ្វើសមាហរណកម្ម​តំបន់​ជាដើម​។ ការប្រកាន់​និន្នាការ​ម្ខាងៗ​បែបនេះ គឺជា​បញ្ហា​សង្គម​ដែល​រង់ចាំ​លោក ម៉ា​ក្រុង មក​ដោះស្រាយ ព្រោះ​អត្តសញ្ញាណ​បារាំង​កំពុង​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ដោយសារ​បញ្ហា​បែកបាក់​នេះ​។​

​មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​ឡើយ លោក ម៉ា​ក្រុង ក៏​សន្យា​ស្ដារ​ឥទ្ធិពល​បារាំង​លើ​ឆាក​អន្តរជាតិ​ម្ដងទៀត​ដែរ​។ នៅ​អឺរ៉ុប បារាំង​ត្រូវ​បង្កើន​តួនាទី​របស់ខ្លួន​ឲ្យ​កាន់​ខ្លាំង​បន្ថែមទៀត ព្រោះ​ចក្រភព​អង់គ្លេស​បានសម្រេច​ចិត្ត​ចាកចេញ​ទៅហើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​ថ្មី​រូបនេះ​សង្កត់ធ្ងន់ថា ពិភពលោក​ទាំងមូល និង​អឺរ៉ុប ត្រូវការ​បារាំង​ខ្លាំង​ជាង​ពេលណា​ទាំងអស់ គឺ​បារាំង​ដែល​ខ្លាំង​រឹងមាំ និង​អាច​តំណាង​ឲ្យ​ការ​សាមគ្គី និង​សេរីភាព​។​

​ប៉ុន្តែ​ជំហាន​ដំបូង​ដែល​លោក​ត្រូវធ្វើ​នោះ គឺ​ការស្វែងរក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា​ក្នុង​ខែមិថុនា​។ បើទោះជា​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​ក៏​មែនពិត តែ​គណបក្ស​ទើប​បង្កើត​ថ្មីថ្មោង​របស់លោក គ្មាន​សំឡេង​ក្នុង​សភា​ឡើយ ដែល​រឿងនេះ​អាចធ្វើ​ឲ្យ​លោក​ពិបាក​អនុវត្ត​នយោបាយ​របស់​លោក​បាន​។ យ៉ាងណាក្ដី នយោបាយ​លម្អៀង​ខ្លាំង​លើ​អ្នកជំនួញ​របស់លោក ម៉ា​ក្រុង ទំនងជា​បញ្ហា​ដែល​អន្ទោលតាមប្រាណ​លោក ព្រោះ​នយោបាយ​បែបនេះហើយ​ដែល​ធ្វើ​ឲ្យ​លោក ហូ​ឡង់ អស់​ឱកាស​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ទី​២ នោះ​៕


Tag:
 បារាំង​
  Emmanuel Macron
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com