អន្តរជាតិ
អាមេរិក ចង់​ឲ្យ​កូរ៉េខាងជើង​ជឿជាក់​ពាក្យសន្យា​របស់ខ្លួន
19, May 2017 , 10:38 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន (Rex Tillerson)
រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន (Rex Tillerson)
​សហរដ្ឋអាមេរិក ចង់​ឲ្យ​កូរ៉េខាងជើង​ជឿជាក់​លើ​ពាក្យសន្យា​របស់ខ្លួន​ដែលថា មិន​ឈ្លានពាន និង​មិន​ចង់​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​កូរ៉េខាងជើង​ឡើយ​។ នេះ​ជា​សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន (Rex Tillerson) នៅក្នុង​ជំនួប​ជាមួយ​បេសកជន​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១៨ ខែឧសភា​។ តាមន័យ​នេះ អាមេរិក ទំនងជា​មិន​ចង់​ប្រើ​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​ឡើយ ទោះជា​បា​នប​ញ្ជូ​នាវាចម្បាំង​ទៅ​ក្បែរ​ឧបទ្វីប​កូរ៉េ​ក្ដី​។​



​ក្រុង​វ៉ាស៊ីនតោន បាន​ពង្រាយ​នាវាមុជទឹក និង​នាវា​ដឹក​យន្តហោះ​ជា​បន្តបន្ទាប់​ទៅកាន់​ឧបទ្វីប​កូរ៉េ ដែល​គេ​មើលឃើញថា​ជាការ​សម្ញែង​ឥទ្ធិពល​យោធា​ដាក់​កូរ៉េខាងជើង​។ ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន បាន​សន្យាថា អាមេរិក​មិន​បង្ករឿង​ដាក់​កូរ៉េខាងជើង​ឡើយ ហើយក៏​មិនមាន​បំណង​ផ្ដួលរំលំ​របប​ដឹកនាំ​រដ្ឋ​កុម្មុយនីស្ត​ក្រី​ក្រី​នេះដែរ​។ លោក ធី​ល័​រ​សិន ចង់​ឲ្យ​កូរ៉េខាងជើង​ជឿ​សម្ដី​សន្យា​នេះ និង​ត្រូវ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ ទើប​អាមេរិក​បើកទ្វារ​ចរចា​តាម​ក្រោយ​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក បានលើកឡើង​ដូចនេះ ក្នុងជំនួប ជាមួយ លោក Hong Seok-hyun  ប្រេសិត​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដែល​នេះ​បង្ហាញថា អា​មេ​រិ ក​ផ្លាស់ប្ដូរ​ជំហរ​តឹងរ៉ឹង​របស់ខ្លួន​ដាក់​កូរ៉េខាងជើង និង​ងាក​ទៅប្រើ​ប្រាស់​ការសន្ទនា​វិញ​។ នៅមុននេះ រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនសូវ​ខ្វល់ខ្វាយ​រឿង​ចរចា​ឡើយ ហើយ​ថែម ទាំង គំរាម ប្រើ​កម្លាំង​ទ័ព​ទៀត​។ គេ​ក៏​មិនដឹងថា​ហេតុអ្វី​បែរជា​អាមេរិក​បន្ទន់ឥរិយាបថ​ដែរ​។

​បើតាម​សម្ដី​ប្រេសិត​កូរ៉េខាងត្បូង លោក ធី​ល័​រ​សិន និយាយថា ទណ្ឌកម្ម និង​សម្ពាធ​នាពេល​កន្លងមក មិនមាន​គោលដៅ​យាយី​កូរ៉េខាងជើង​ឡើយ តែ​វា​ជា​ឱកាស​សម្រាប់​ការអភិវឌ្ឍ​កូរ៉េខាងជើង​តាមរយៈ​ការបើកចំហរ និង​ការបញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ទៅវិញ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap រដ្ឋមន្ត្រីការបរទេស​អាមេរិក​សង្ឃឹមថា កូរ៉េខាងជើង នឹង​ចេះ​ប្រើប្រាស់​ឱកាស​នេះ ហើយ​ជឿជាក់​លើ​អាមេរិក ព្រោះ​មាន​ក្រុមហ៊ុន​ជាច្រើន​ចង់​រកស៊ី​នៅ​កូរ៉េខាងជើង​។

​មួយ​រយៈពេល​ចុងក្រោយ អាមេរិក បានបង្ហាញ​ជំហរ​ទន់ភ្លន់​ឲ្យ​គួរ​ចាប់អារម្មណ៍​ដាក់​កូរ៉េខាងជើង ដ្បិត​មុននេះ អាមេរិក​មិន​ពេញចិត្ត​ទង្វើ​របស់​កូរ៉េខាងជើង ដល់​ថ្នាក់​បញ្ជូន​ឧបករណ៍​សង្គ្រាម​ទៅ​កៀក​កូរ៉េខាងជើង​ទៀតផង​។ ប្រធានាធិបតី ត្រាំ ធ្លាប់​លើកឡើងថា លោក ចង់​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅពេល​ជាក់លាក់ ហើយពី​ម្សិលមិញ លោក​ក៏​និយាយ​ដែរ​ថា អាមេរិក​ចង់​បង្កើត​សន្តិភាព​តាមរយៈ​ការសន្ទនា​ប្រកបដោយ​ផ្លែផ្កា​។​

​យ៉ាងណាក្ដី ជំហរ​អាមេរិក​ដែល​មិន​ប្រែប្រួល គឺ​កូរ៉េខាងជើង ត្រូវ​បញ្ឈប់​សកម្មភាព​ព្រហើន និង​ត្រូវ​ឈប់​សាកល្បង​នុយក្លេអ៊ែរ ឬក៏​បាញ់​មី​ស៊ី​លត​ទៅទៀត​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក សង្កត់ធ្ងន់ថា ការធ្វើ​ដូចនេះ នឹង​បង្កើតជា​បរិយាកាស​ល្អប្រសើរ ដែល​អាច​ឈានដល់​ការចរចា​បាន​។ ប៉ុន្តែ​កូរ៉េខាងជើង​ឯណោះ ហាក់​បង្ហាញ​ជំហរ​រឹងរូស​ខ្លាំង ដោយ​ប្រកាសថា ខ្លួន​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ ដែលជា​អាយុជីវិត​របស់ខ្លួន​ទេ​៕    


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com