ជាតិ
សាលាឧទ្ធរណ៍ ជម្រះ​រឿងក្តី ដែល​សាលាដំបូង បន្ត​ឃុំ​មន្ត្រី​អាដហុក ៦​ខែ​ទៀត​
24, May 2017 , 10:13 am        
រូបភាព
 ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២0១៧​នេះ សាលាឧទ្ធរណ៍ បាន​បើកសវនាការ​លើ​សំណុំរឿង​មន្ត្រី​អាដហុក​ទាំង​៤​រូប ដែល​កំពុង​ជា​ឃុំ​ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ​។ ការបើក​សវនាការ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​សុំ​ជំទាស់​នឹង​ចៅក្រម​ស៊ើប សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំ​មន្ត្រី​អាដហុក​ទាំង​៤​រូប ចំនួន​៦​បន្ថែមទៀត​។​



​ការដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ជំទាស់​បែបនេះ គឺ​ដោយសារតែ​ក្រុម​មេធាវី មិន​សុខ​ចិត្តនឹង​ចៅក្រម​ស៊ើបសួរ ដែល​បន្ត​ឃុំ​មន្ត្រី​អាដហុក​ទាំង​៤​រូប ដែលជា​កូនក្តី​របស់​ពួកគេ​។ បើ​គិត​មកដល់ពេលនេះ មន្ត្រី​អាដហុក​ទាំង​៤​រូប បាន​ជាប់ឃុំ​អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​។

​ក្រោយ​ជាប់ឃុំ​អស់​រយៈពេល​១​ឆ្នាំ ចៅក្រម​ស៊ើបសួរ ក៏​សម្រេច​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប ជាប់ឃុំ​ចំនួន​៦​ខែ​ទៀត​។ ការបន្ត​ឃុំខ្លួន​មន្ត្រី​អាដហុក​ចំនួន​៦​ខែ​ទៀត គឺ​ដោយសារតែ​ចៅក្រម​ស៊ើប សួរ នៅ​មិនទាន់​បញ្ចប់​ការសាកសួរ​ទៅលើ​សាក្សី និង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​។



​ដោយឡែក អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  លោក នី ចរិយា ដែល​កំពុង​ជាប់ឃុំ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ​ដែល​នោះ មិនបាន​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ជាមួយនឹង​មន្ត្រី​អាដហុក ឡើយ​។ នេះ​ជាការ​អះអាង​របស់លោក សំ សុ​គង់ ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា​។

​លោក សំ សុ​គង់ ធ្លាប់​និយាយថា លោក​បានដាក់​ពាក្យ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​តែម្តង ដើម្បី​សុំ​ឲ្យ​លោក នី ចរិយា បាន​នៅក្រៅ​ឃុំ​។ ប៉ុន្តែ​រហូតមក​ដល់ពេល សំណើ​របស់លោក មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ចៅក្រម​ស៊ើបសួរ​នោះទេ​។

​មន្ត្រី​អាដហុក​ទាំង​៤​រូប ដែល​រួមមាន​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី បាន​រង​ពីបទ​ចោទ «​សូកប៉ាន់​សាក្សី​»​។ ចំណែកឯ អគ្គលេខាធិការរង គ​.​ជ​.​ប លោក នី ចរិយា បាន​រង​ពីបទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ បើតាម​ការរកឃើញរ​បស់​តុលាការ អ្នក​ទាំង​៥​ខាងលើ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ​៕


Tag:
 អាដហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com