ជាតិ
ពីនេះ ពីនោះ
ជំនួញ ៥ប្រភេទដែលព្រះពុទ្ធ ទ្រង់ហាម !
× ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្ដែងអំពីជំនួញ ៥ប្រការដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាកមិនគួរប្រព្រឹត្តមានដូចខាងក្រោម៖
១- សត្ថវណិជ្ជា ជួញ «គ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ» គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង ឬឲ្យអ្នកដទៃគេធ្វើឲ្យ ឬបានមកដោយហេតុឯណាមួយហើយលក់គ្រឿងសាស្ត្រាវុធនោះ ។
២- សត្តវណិជ្ជា ជួញ «មនុស្ស» គឺមនុស្សមិនត្រូវជួញដូរមនុស្សជាតិដូចគ្នាដើម្បីធ្វើជាទាសាទាសីរបស់ជនណាមួយ ឬសម្រាប់បម្រើកាមគុណ ឬក៏ក្នុងរូបបែបណាមួយឡើយ ។ មនុស្សទាំងអស់មានសិទ្ធស្មើគ្នាក្នុងការរស់នៅមានសេរីភាព។
៣- មំសវណិជ្ជា ជួញ «សាច់» គឺចិញ្ចឹមនូវសត្វទាំងឡាយ មានជ្រូកជាដើមលុះដល់សត្វទាំងឡាយនោះចម្រើនធំឡើងក៏សម្លាប់យកសាច់លក់ ។
៤- មជ្ជវណិជ្ជា ជួញ «ទឹកស្រវឹង, គ្រឿងស្រវឹង ឬ គ្រឿងញៀន» គឺផ្សំគ្រឿងណាមួយឲ្យកើតឡើងជាគ្រឿងស្រវឹងដោយខ្លួនឯង ឬទិញគេយកមកហើយលក់នូវទឹកស្រវឹង គ្រឿងស្រវឹងនោះ ។
៥- វិសវណិជ្ជា ជួញ «ថ្នាំពិស ឬ ថ្នាំពុល» គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬបានមកដោយហេតុឯណានីមួយ ហើយលក់នូវថ្នាំពិស ថ្នាំពុលនោះ ។
ជំនួញ៥ប្រការនេះ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទមិនគប្បីជួញឡើយព្រោះជាហេតុនាំមកនូវអសន្តិសុខ, អសន្តិភាព។ ការជួញនូវជំនួញទាំង៥នេះមានឈ្មោះថា មិច្ឆាជីវៈ ឬ មិច្ឆាជីព ដែលផ្ទុយអំពីសម្មាអាជីវៈ ៕
ប្រភព៖ ដកស្រង់ពីគេហទំព័រ ៥០០០ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com