ជាតិ
​​​ន​យោ​បាយ​ជាតិ​
នៅ​ឃុំ​កោះ​តា​ស៊ុយ ខេត្តក្រចេះ CNRP ឈ្នះ CPP តែ​១​សន្លឹក​គត់​
06, Jun 2017 , 9:50 am        
រូបភាព
​មួយ​សន្លឹក​ពិតជា​មាន​ន័យ​ខ្លាំងណាស់​សម្រាប់​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​កោះ​តា​ស៊ុយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អណ​ត្តិ​ទី​៤ ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ការគាំទ្រ​លើស គណបក្ស​ប្រជាជន​កម្ពុជា​តែ​១​សំឡេង​ប៉ុណ្ណោះ​។​



​លោក​ជំទប់​ទី​២ ញែ​ម ឃី អាយុ​៥១​ឆ្នាំ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ជ័យជម្នះ​យ៉ាង​ប្រផិតប្រផើយ​បំផុត​លើ​មេឃុំ​របស់ខ្លួន គឺ​លោក នួន លាង​ហេង អាយុ​៦៥​ឆ្នាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ លទ្ធផល​ដែល​ផ្សាយ​ដោយ គ​.​ជ​.​ប បាន​បង្ហាញថា ក្នុងចំណោម​សន្លឹកឆ្នោត​បានការ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បានការ​គាំទ្រ​៣២២​សំឡេង គណបក្ស​ប្រជាជន​កម្ពុជា បាន​៣២១​សំឡេង និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​១០​សំឡេង​។​


​កាលពី​អណ​ត្តិ​មុន សង្កាត់​ដែលមាន​៥​អាសនៈ​នេះ ត្រូវ​គ្រប់គ្រង​ដោយ​លោក នួន លាង​ហេង ដែលជា​មេឃុំ និង​លោក ហែម ញ៉ ជំទប់​ទី​១​ក្នុង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក ញែ​ម ឃី ដែល​មកពី​គណបក្ស​សម រង្ស៊ី ជា​ជំទប់​ទី​២ ហើយ​គណបក្ស​ទាំងពីរ​មាន​សមាជិក​ម្នាក់ៗ​បន្ថែមទៀត​។​

​នៅ​អណ​ត្តិ​ទី​៤​នេះ លោក ញែ​ម ឃី បាន​ឈរ​លេខ​១​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ លោក នួន លាង​ហេង ឈរ​លេខ​១​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​លោកស្រី ឌុ​ត ស៊ី​ផេង ឈរ​លេខ​១​ឲ្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​៕



Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com