ជាតិ
ថៃ​អនុវត្តតាម​ព្រះរាជក្រឹត្យ​ដែល​រឹតបន្តឹង​លើ​ពលករ​ខុសច្បាប់​
29, Jun 2017 , 8:39 am        
រូបភាព
ដោយ:
​ព្រះមហាក្សត្រ​ថៃ​នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ បានចេញ​ព្រះរាជក្រឹត្យ​ថ្មី​មួយ​សំដៅលើ ការពង្រឹង​និង​រឹតបន្តឹង​ទៅលើ​ពលករ និង​ជនអន្តោប្រវេសន៍​ណា​ដែល​ឆ្លងដែន​ចូលទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​និង​និយោជក​ណា​ដែល​ទទួលយក​ធ្វើការ​នឹងត្រូវ​ទទួលទោស​ទណ្ឌ ព្រមទាំង​ត្រូវ​ពិន័យ​ជា​ប្រាក់​ផងដែរ​។​



​កំលាំង​ជំនាញ​ពិសេស​របស់​ក្រុម​តម្រួត​ថៃ បានចេញ​ប្រតិបត្តិការ​គ្រប់​ទីកន្លែង ត្រួតពិនិត្យ​យានយន្ដ​តាម​ដងផ្លូវ ហើយ​និង​បាន​លប​ឆ្មក់​ចូល​ទៅតាម​ទីតាំង​ផ្ទះជួល ដើម្បី​ពិនិត្យមើល​ទៅលើ​ពលករ​គ្រប់រូប​ដូចជា​ជនជាតិខ្មែរ ជនជាតិ​ភូមា និង​ឡាវ ពិនិត្យ​រក​ឯកសារ​ពា​ក់​ព័ន្ធ​ដែល​ធ្វើការ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​ដើម្បី​បម្រើ​ការងារ​ផ្សេងៗ​។​

​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ​របស់ អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី ២៨ ខែ​មិន​ថុ​នា ឆ្នាំ​២០១៧ ឲ្យ​ដឹងថា ព្រះមហាក្សត្រ​ថៃ​បានចេញ​ព្រះរាជក្រឹត្យ នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ អោយ​សមត្ថកិច្ច​អនុវត្តន៍ ទៅលើ​និយោជក​ថៃ​ណា​ទទួលយក​ពលករ​ដែ​ល​គ្មាន​លិខិតស្នាម និង​គ្មាន​ច្បាប់​អនុញ្ញាត​អោយបាន​ត្រឹមត្រូវ មក​ធ្វើការ​ជាមួយ​ខ្លួន ទោះជា​លក្ខណៈ​ក្រុមហ៊ុន ឬ​នៅតាម​ផ្ទះ​ក៏ដោយ ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី ៤​សែន​បាត ទៅ​៨​សែន​បាត​លើ​ពលករ​ម្នាក់​។ ហើយ​និង​និយោជក​ណា​ដែល​ប្រើ​ពលករ​អោយធ្វើ​ការងារ​ខុសពី​ទិសដៅ ដែល​ច្បាប់​បានអនុញ្ញាត ត្រូវ​ពិន័យ​ជា​ប្រាក់ មិន​លើសពី​៤​សែន​បាត លើ​ពលករ​ម្នាក់ មានន័យថា ច្បាប់​កំណត់អោយ​ធ្វើការ​ការងា​រក​សាង​(​សំណង់​) ប៉ុន្តែ​និយោជក​ប្រើ​អោយទៅ​ធ្វើ​ការងារ​ក្នុង​កសិដ្ឋាន ឬ​នៅក្នុង​លំនៅដ្ឋាន​វិញ​។​

​ចំពោះ​ពលករ​ណា​ដែល​ទៅធ្វើ​ការងារ​ខុសពី​ច្បាប់​ដែល​បានអនុញ្ញាត ត្រូវ​ពិន័យ​ជា​ប្រាក់​មិន​លើសពី ១​សែន បាត​មានន័យថា ច្បាប់​អនុញ្ញាតអោយ​ធ្វើការ​ងារ​សំណង់ តែ​ខ្លួន​បែ​ជា​ទៅសុំ​គេ​ធ្វើ​ការងារ​រោងចក្រ​វិញ​។

​ម្យ៉ាងវិញទៀត​បើ និយោជក ឬ​ថៅកែ​ណា​ដែល​ធ្វើការ​ដកហូតយក​ឯក​សារ​ពាក់ព័ន្ធ ឬ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​របស់​ពលករ​យ​ក​ទៅ​ទុក​ការពារ​ក្រែង​ពលករ​រត់​ត្រូវដាក់​ពន្ធនាគារ​៦​ខែ​និង​ពិន័យ​ជា​ប្រាក់​១​សែន​បាត​។ ហើយ​និង​ជន​ណា​ដែល​បោក​បញ្ឆោត ដើម្បី​នាំ​ពលករ​យកទៅអោយ​បុគ្គល​ផ្សេងទៀត​ក្នុង​គោលបំនង​ជួញដូរ​កំលាំង​ពលកម្ម ត្រូវដាក់​ពន្ធ​នាគរ​ចាប់ពី ៣​ឆ្នាំ ដល់​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ៦​សែន​បាត​ទៅ ១​លាន​បាត លើ​ពលករ​ម្នាក់​។​


Tag:
 ព្រះរាជក្រឹត្យ​ថៃ​
  ពលករ​ឥត​ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com