អន្តរជាតិ
លោក ប្រាយុទ្ធ ថា ថៃរឹតបន្តឹងការគ្រប់គ្រងពលករបរទេសព្រោះរងសម្ពាធពីអន្តរជាតិ
× នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានប្រាប់មូលហេតុដែលរដ្ឋាភិបាលរបស់លោកពង្រឹងការគ្រប់គ្រងពលករបរទេសដែលកំពុងធ្វើការនៅទឹកដីថៃ។ លោក ប្រាយុទ្ធ និយាយថា ថៃត្រូវការច្បាប់គ្រប់គ្រងពលករខុសច្បាប់ដ៏តឹងរ៉ឺង ព្រោះខ្លួនបានប្ដេជ្ញាចិត្តចំពោះមុខអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្ស។ យ៉ាងណាក្ដី បញ្ញត្តិថ្មីនេះ ត្រូវបានផ្អាកអនុវត្តសិន បន្ទាប់ពីមានប្រតិកម្មច្រើន ក៏ដូចជាទុកពេលឲ្យពលករបរទេសខុសច្បាប់បំពេញលក្ខខណ្ឌផ្លូវច្បាប់ឲ្យបានអស់។
ក្រឹត្យរបស់រដ្ឋាភិបាលថៃស្ដីពីការគ្រប់គ្រងពលករបរទេស ដែលចូលជាធរមាននៅថ្ងៃទី២៣ ខែមិថុនា បានបង្ខំឲ្យពលករបរទេសរាប់ម៉ឺននាក់ដែលធ្វើការខុសច្បាប់ត្រូវត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ដើម្បីចៀសវាងពីការចាប់ខ្លួន និងដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាស្វែងរកឯកសារស្របច្បាប់ មុននឹងត្រឡប់ទៅធ្វើការវិញ។ អាជ្ញាធរថៃ បានទុកពេលឲ្យពលករបរទេសទាំងអស់១២០ថ្ងៃ ដើម្បីបំពេញឯកសារផ្លូវច្បាប់ មុនចាប់ផ្ដើមអនុវត្តបញ្ញត្តិដ៏តឹងរ៉ឺងនេះ។
ប្រមុខរដ្ឋាភិបាលថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បាននិយាយការពារការចេញក្រឹត្យនេះ ដោយចាត់ទុកជារឿងចាំបាច់ក្នុងការរក្សាពាក្យសម្ដីរបស់ថៃលើឆាកអន្តរជាតិជុំវិញការទប់ស្កាត់ការរត់ពន្ធមនុស្ស។ ថ្លែងនៅថ្ងៃទី៣ ខែកក្ដដា លោក ប្រាយុទ្ធ និយាយថា រដ្ឋបាលរបស់លោកចាំបាច់អនុវត្តវិធានការថ្មីនេះ ព្រោះច្បាប់ចាស់មិនសូវមានប្រសិទ្ធភាពឡើយ ហើយម្យ៉ាងទៀតវាជារឿសំខាន់សម្រាប់មុខមាត់ប្រទេសដែរ។
បើតាមកាសែតបាងកកប៉ុស្តិ៍ នាយករដ្ឋមន្ត្រីថៃរូបនេះបញ្ជាក់ថា ពិភពលោកកំពុងតាមដានសកម្មភាពរបស់ថៃក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយប្រទេសជិតខាងក៏កំពុងប្រឹងប្រែងដោះស្រាយបញ្ហានេះដូចគ្នាដែរ។ ទំនងដោយសាររឿងនេះ ទើបរដ្ឋាភិបាលថៃ ព្យាយាមចាត់វិធានការគ្រប់គ្រងពលករបរទេសរាប់លាននាក់កំពុងធ្វើការខុសច្បាប់ ឬផុតសុពលភាពការងារនៅលើទឹកដីថៃ ហើយដែលភាគច្រើនមកពីឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។
អ្វីគួរឲ្យកត់សម្គាល់នោះ ការលើកឡើងរបស់លោក ប្រាយុទ្ធ ធ្វើឡើងបន្ទាប់អាមេរិកបញ្ចេញរបាយការណ៍ស្ដីពីការជួញដូរមនុស្ស ដោយក្នុងថៃស្ថិតក្នុងបញ្ជីទីពីរ ដែលត្រូវបន្តតាមដានទៀត។ នេះមានន័យថា ការប្រឹងប្រែងទាំងអម្បាលម៉ានរបស់រដ្ឋាភិបាលថៃក្នុងការទប់ស្កាត់ការជួញដូរមនុស្ស នៅមិនទាន់ឆ្លើយតបនឹងស្ថានការណ៍ជាក់ស្ដែងនៅឡើយ ហើយការណ៍នេះតម្រូវឲ្យអាជ្ញាធរថៃបង្កើនការប្រឹងប្រែងទៀត។
បើតាមលោក ប្រាយុទ្ធ មានពលករបរទេសចន្លោះពីរទៅបីលាននាក់បានចុះឈ្មោះធ្វើការនៅថៃ តែអាជ្ញាធរមិនទាន់បានបញ្ជាក់សញ្ជាតិរបស់ពួកគេឡើយ។ យ៉ាងណាក្ដី ការចេញក្រឹត្យថ្មី បានប៉ះពាល់ការរកស៊ីរបស់ប្រជាជនថៃដែរ ព្រោះពួកគេប្រឈមមុខបញ្ហាខ្វះខាតកម្លាំងពលកម្ម ខណៈពួកគេមិនអាចជួលជនជាតិថៃឲ្យធ្វើការគ្រប់កន្លែងដែរ។ ជាមួយនឹងការទុកពេល១២០ថ្ងៃ ពលករបរទេសសម្រុកចេញពីថៃ និងមានឱកាសបំពេញឯកសារនៅប្រទេសដើម មុននឹងចុះឈ្មោះធ្វើការម្ដងទៀត៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com