ជាតិ
តម្លៃ​លិខិតឆ្លងដែន​៖ ១​ថ្ងៃ​២០០​ដុល្លារ ១០​ថ្ងៃ​១៥០​ដុល្លារ ២០​ថ្ងៃ​តែ​១០០​ដុល្លារ​
05, Jul 2017 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៤​ខែកក្កដា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ដែល​បញ្ជាក់​ពី​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា និង​ការធ្វើ​លិ​ខ​ត​ធ្វើដំណើរ​របស់​ពលករ ដើម្បី​ចៀសវាង​ការយក​កម្រៃ​សេវា​លើស​ការកំណត់​របស់រ​ដ្ឋា​ភិ​បាល​។



​ការធ្វើ​លិខិតឆ្លងដែន​ធម្មតា​ដែល​ប្រើ​សេវា​រយៈពេល ២០​ថ្ងៃ គេ​ត្រូវ​បង់ថ្លៃ ១០០ ដុល្លារ​អាមេរិក ខណៈ​សេវា​រយៈពេល​១០​ថ្ងៃ​មានតម្លៃ ១៥០ ដុល្លារ​។ ដោយឡែក​សេវា​រយៈពេល​១​ថ្ងៃ គេ​ត្រូវ​បង់ថ្លៃ ២០០ ដុល្លារ​។ តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​នេះ ត្រូវបាន​កំណត់​ក្នុង​ប្រកាស​អន្តរក្រសួង ដែល​ចេញ​ឆ្នាំ​២០១៦ មក​ម្លេះ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​ខាងលើ​។​

​ដើម្បី​ចៀសវាង​ការ​ឆ្លៀតឱកាស​យក​កម្រៃ​សេវា​លើស​ការកំណត់​ខាងលើ ពី​សំណាក់​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ឬ​មេខ្យល់ ឬ​អ្នករត់​ការយក​កម្រៃជើងសា​រ ពលរដ្ឋ​ដែល​ចង់​ធ្វើលិខិត​ធម្មតា​អាច​ទំនាក់ទំនង​ដោយផ្ទាល់​មក នាយកដ្ឋាន​លិខិតឆ្លងដែន​ដែលមាន​អាសយដ្ឋាន​ស្ថិតក្នុង​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ភ្នំពេញ ឬ​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០៦៩៩២៣៨៣៨ ។

​ដោយឡែក​ចំពោះ​លិខិត​ធ្វើដំណើរ​សម្រាប់​ពលករ​ទៅ​បំពេញការងារ​ស្របច្បាប់​នៅក្រៅ​ប្រទេស ដែល​ទទួលស្គាល់​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រដ្ឋ​ផ្ដល់​សេវា​លិខិត​ធ្វើដំណើរ​ជូន​ដោយ​ឥតគិតថ្លៃ ដោយ​អាករ​ជា​បន្ទុក​របស់​រដ្ឋ​។ ពលករ​អាចទាក់ទង​ធ្វើលិខិត​ធ្វើដំណើរ​នេះ​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន​នៅ​ភ្នំពេញ ឬ​សាខា​លិខិតឆ្លងដែន​ប្រចាំខេត្ត​បាត់ដំបង​ដែលមាន​ទីតាំង​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ឬ​តាមរយៈ​ប្រព័ន្ធ​ទូរ​សព្ទ​លេខ ០៧០៨៦៨៦៨៨ ។ សាខា​លិខិតឆ្លងដែន​មួយទៀត​គឺ​នៅផ្ទះ​លេខ ៥២-៥៤​គីឡូម៉ែត្រ​លេខ​៤ ស​ងា្ក​ត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង ០៦១២២១១៩៨ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា សាខា​លិខិតឆ្លងដែន​ប្រចាំខេត្ត​បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ផ្ដល់ជូន​តែ​លិខិត​ធ្វើដំណើរ​ជូន​ពលករ​ធ្វើការ​នៅ​បរទេស​ប៉ុណ្ណោះ​៕


Tag:
 លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com