កីឡាជាតិ
ជាតិ
ព្រឹទ្ធាចារ្យ​ល្បុក្កតោ សាន គីម​ស៊ាន​៖ ក្រមា​ជា​អាវុធ​គ្មាន​មុខ​ដ៏​សាហាវ​របស់​បុព្វបុរស​ខ្មែរ​
09, Jul 2017 , 9:39 pm        
រូបភាព
ដោយ:
 
​ក្រមា​ក្រៅពី​ប្រើ​សម្រាប់​វេច​ខ្ចប់​របស់របរ ស្លៀក ជូត​ខ្លួន និង​ចង​ជា​អង្រឹង​សម្រាប់​បំពេកូន ក្រមា​ត្រូវបាន​គេ​ប្រើ​ក្នុង​ផ្លូវ​អវិជ្ជមាន​សម្រាប់​សម្លាប់​ខ្លួន ក៏ដូចជា​អ្នកដទៃ​ផងដែរ​។ ព្រឹទ្ធាចារ្យ​ក្រមា​មាស​គុន​ល្បុក្កតោ សាន គីម​ស៊ាន ​អតីត​អ្នក​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​នា​ទស្សវត្ស​ន៍​៥០ បានចាត់ទុក​ក្រមា​ជា​អាវុធ​ការពារ​ខ្លួន​ដ៏​មាន​ឥទ្ធិពល និង​សាហាវ​បំផុត​សម្រាប់​គុន​ល្បុក្កតោ​។

 
​ទោះបី​ក្រមា​ជា​របស់​ទន់​ធ្វើ​ពី​សរសៃសូត្រ​និង​អំបោះ​ទៅតាម​សណ្ឋាន​ខុសៗ​គ្នា​ក៏ដោយ តែ​ក្រមា​ត្រូវបាន​ប្រជាជន​នៅតាម​ជនបទ​ក៏ដូចជា​បុព្វបុរស​ខ្មែរ​ប្រើប្រាស់​ក្រោមរូបភាព​ជាច្រើន​ដូចជា​វេច​ខ្ចប់​របស់របរ ស្លៀក​បិទបាំង​រាងកាយ និង​ធ្វើជា​អង្រឹង​សម្រាប់​បំពេកូន​ជាដើម​។ តែ​សម្រាប់​អ្នក​ហាត់​ក្បាច់គុន​ក្រមា​ជា​រនាំង​ការពារ​ខ្លួន និង​ជា​អាវុធ​ដ៏សាហាវដែលអាច​សម្លាប់​​មនុស្សបាន។ 
 
 ព្រឹទ្ធាចារ្យ​ក្រមា​មាស​គុន​ល្បុក្កតោ សាន គីម​ស៊ាន និង​ជា​អ្នកស្រាវជ្រាវ​ក្បាច់គុន​បុរាណ​ខ្មែរ​បានចាត់ទុក​ក្រមា​ជា​អាវុធ​គ្មាន​មុខ​ដ៏​មុត​ស្រួច​សម្រាប់​អ្នក​ហាត់គុន​ល្បុក្កតោ​ដើម្បី​ការពារ​ខ្លួន​ពីស​ត្រូវ និង​វាយបក​។ ការលើកឡើង​បែបនេះ ដោយសារ​ក្រមា​ត្រូវបាន​បុព្វបុរស​ខ្មែរ​យកទៅ​បង្កើតជា​ក្បាច់គុន​ដែលមាន​ឈ្មោះថា​ក្បាច់គុន​ក្រមា​។ ក្បាច់គុន​នេះ​ទៀតសោត មាន​ច្រើនបែប ច្រើន​ផែន​ទៅតាម​កម្រិត​នីមួយៗ​នៃ​ក្បាច់​របស់​វា​។ 
 
​លោក សាន គីម​ស៊ាន បាន​បញ្ជាក់ថា​៖«​ចំពោះ​ល្បុក្កតោ​ក្រមា​ជា​អាវុធ​ពិសេស​កំពូល ដែល​ដូនតា​យើង​ហៅថា​អាវុធ​គ្មាន​មុខ ឬ​អាវុធ​គ្មាន​ស្រមោល ដែល​បុព្វ​រស​ខ្មែរ​ចាត់ទុកជា​អាវុធ​ប្រចាំ​ត្រ​កូន​របស់​ខ្មែរ​ដែល​គាត់​ឲ្យ​ឈ្មោះថា ក្បាច់​ក្រមា​»​។​
 
​ដើម្បី​បង្ហាញ​ភាពខ្លាំង និង​អភិរក្ស​ក្បាច់គុន​ក្រមា​ដែលជា​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ ក្នុងនាម​អ្នកសិក្សា​ស្រាវជ្រាវ​ក្បាច់គុន​បុរាណ​ខ្មែរ​លោក សាន គីម​ស៊ាន គ្រោង​ចងក្រង​ក្បាច់គុន​ក្រមា​សម្រាប់​ទុកជា​ឯកសារ​ឲ្យ​ក្មេងជំនាន់ក្រោយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ សម្រាប់​ក្បាច់គុន​ក្រមា​នេះ គឺ​ចែកចេញជា​ថ្នាក់​ក្រមា ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និង​មាស ដោយ​ក្នុង​មួយ​ថ្នាក់​មាន​ច្រើន​ក្បាច់​ផ្សេងៗ​គ្នា​។ 
 
​ក្រមា ត្រូវបាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ប្រើប្រាស់ ដើម្បី​កំណត់​ពី​កម្រិត​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី ជំនួស​ខ្សែក្រវាត់​ដែល​សហព័ន្ធ​ដទៃ​តែងតែ​ប្រើប្រាស់​ស្ទើរ​ពេញ​ពិភពលោក​។ លោក សាន គីម​ស៊ាន រពឹង​ថា​ទៅ​ថ្ងៃ​អ​នា​គត់​នឹងមាន​អ្នក​ហាត់​ក្បាច់គុន​រាប់លាន​នាក់​នៅ​ទូទាំងប្រទេស​៕     

Tag:
 ល្បុក្កតោ​
  សាន គីម​ស៊ាន​
  ក្រមា
© រក្សាសិទ្ធិដោយ thmeythmey.com