អន្តរជាតិ
ប្រធានសភា​ឥណ្ឌូណេស៊ី​ជាប់​សង្ស័យ​រឿង​កេងប្រវ័ញ្ច​ថវិការដ្ឋ​អស់​១៧៣ លាន​ដុល្លារ​
19, Jul 2017 , 10:19 pm        
រូបភាព
រូបភាព៖ Asia Correspondent
រូបភាព៖ Asia Correspondent
ដោយ:
​ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូណេស៊ី បាន​ចោទថា ប្រធានសភា​ឥណ្ឌូណេស៊ី និង​ប្រធាន​បក្សនយោបាយ Golkar ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដោយ​កេងប្រវ័ញ្ច​លុយ​រដ្ឋ​អស់ ១៧៣​ដុល្លារ​។ អំពើពុករលួយ​នេះ​កើតឡើង​ក្នុងពេលដែល​រដ្ឋាភិបាល​ដាក់​អនុវត្ត​គោលនយោបាយ​ចេញ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជូន​ប្រជាជន​នោះ​។​



​ដើម​សប្តាហ៍​នេះ គណៈកម្មការ​កម្ចាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី​បាន​បង្ហើប​ថា សមាជិកសភា​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​អំពើពុករលួយ​មានឈ្មោះ​ជា​អក្សរ​កាត់ SN​។ ប្រព័ន្ធ​ឃោសនា​ផ្សព្វផ្សាយ​ក្នុងស្រុក​ផ្សាយ​ថា អ្នកមាន​ឈ្មោះ​អក្សរ​កាត់​បែប​នោះ​មានតែ​ប្រធានសភា លោក Setya Novanto តែប៉ុណ្ណោះ​។​

​លោក Setya Novanto ជា​ប្រធានសភា​ឥណ្ឌូណេស៊ី និង​ប្រធាន​គណបក្សនយោបាយ Golkar​រង​ការសង្ស័យថា បាន​កិបកេង​លុយ​រដ្ឋ​អស់​១៧៣​លាន​ដុល្លារ ក្នុងពេលដែល​រដ្ឋាភិបាល​ចេញ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជូន​ប្រជាជន​ឥណ្ឌូណេស៊ី​ទូទាំងប្រទេស​នោះ​។​

​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​សង្ស័យថា លោក Novanto ប្រើ​អំណាច​ដើម្បី​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន និង​សម្រាប់​អ្នកផ្សេងៗ​ទៀត​ពេល​អត្តសញ្ញាណ​អេឡិចត្រូនិក ឬ​ជា​ភាសា​ក្នុងស្រុក​ហៅថា e-KTP ចន្លោះ​ឆ្នាំ ២០១១ និង​២០១២​។​

​ប៉ុន្តែ​លោក Setya Novanto បាន​បដិសេធ​ការចោទប្រកាន់​រួចទៅហើយ​។ លោក​បញ្ជាក់ថា លោក​ពិតជា​ភ្ងា​ក់​ផ្អើល​ខ្លាំង​នៅពេល​ឃើញ​ការចោទប្រកាន់​នេះ  ប៉ុន្តែ​លោក​សន្យា​ចូលខ្លួន​តាម​ការទាមទា​រ​និង​តាម​នីតិវិធីតុលាការ​។

«​ការចោទប្រកាន់​នេះ​មិន​ត្រឹមត្រូវ​ឡើយ​។ ប្រសិនបើ​គេ​និយាយថា​ខ្ញុំ​ទទួល​លុយ ខ្ញុំ​មិនដែល​បានទទួល​សោះ​។ ទំហំ​លុយ​ដែល​គេ​លើកឡើង​នេះ​វា​ធំ​ខ្លាំងណាស់​។ តើ​វា​ត្រូវ​ផ្ទេរ​យ៉ាងម៉េច​? តើ​ខ្ញុំ​ទទួលបាន​របៀប​ណា​?»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានសភា​ហ្វីលីពីន​។​

​កាលពី​ខែមីនា មន្ត្រី​រដ្ឋាភិបាល​២​នាក់​ដែល​ត្រូវគេ​កាត់ទោស​ដោយសារ​អំពើពុករលួយ​បាន​និយាយថា​នៅមាន​៣៧​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្ដី​នេះ​រួមទាំង​លោក​Novanto​ផងដែរ​។​

​សូម​ជម្រាប​ដែរ​ថា ការចោទប្រកាន់​ទៅលើ​សមាជិកសភា​ក្លាយជា​ប្រធានបទ​ក្ដៅគគុក​នៅ​ឥណ្ឌូណេស៊ី​។ កាលពី​ឆ្នាំ​២០១៦ ឥណ្ឌូណេស៊ី​ត្រូវបាន​អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​ក្នុង​ចំណាត់ថ្នាក់​ទី ៩០​ក្នុងចំណោម​ប្រទេស​ទាំងអស់ ១៧៦៕


Tag:
 ឥណ្ឌូណេស៊ី​
  ​ពុករលួយ​
  Setya Novanto
© រក្សាសិទ្ធិដោយ thmeythmey.com