ជាតិ
ក្រុម​ជិះ​កង់​បន្ទាយមានជ័យ​រក​ថវិកា​បាន​ជិត​៨០០០​ដុល្លារ​ជួយ​ពេទ្យ​កុមារ​អង្គរ​
01, Aug 2017 , 8:19 pm        
រូបភាព
​បន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​២៩ កក្កដា កន្លងទៅ ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ បានរៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ប្រចាំឆ្នាំ​របស់ខ្លួន ក្នុង​បំណង​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ នៅ​ខេត្តសៀមរាប​។ នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ បាន​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​មនុស្សធម៌​នេះ​ឡើង ហើយ​ឆ្នាំនេះ ពួកគេ​បានរៀបចំ​រៃអង្គាស ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ឬ​ហៅ​មន្ទីរពេទ្យ​បេះដូង​។​



​របាយការណ៍​ជាបឋម​សម្រាប់​ព្រឹត្តិការណ៍​ជិះ​កង់​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ របស់​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៧៧៥០​ដុល្លារ​។ លោក ប្រុស ពៅ ប្រធាន​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ថវិកា​ទាំងនេះ បាន​ពី​ការចុះឈ្មោះ ចូលរួម រួម​និង​សប្បុរសជន​ក្នុងស្រុក និង​ក្រៅ​ស្រុក រួម​និង​រដ្ឋបាលខេត្ត និង​អភិបាលខេត្ត​ផង ដែរ​។

​លោក ប្រុស ពៅ បន្ថែមថា អ្នកចូលរួម​ជិះ​កង់​នៅ​ឆ្នាំនេះ មាន​ប្រមាណ​៣០០​នាក់ ដែល​រួមមាន អ្នក​មក​ខេត្តសៀមរាប ប៉ោយប៉ែត និង​បន្ទាយមានជ័យ ដែល​សុទ្ធសឹង​ជា​អ្នក​ស្រឡាញ់​ការ​ជិះ កង់ និង​បរិស្ថាន​។

​គួររម្លឹកថា នេះ​ជា​ឆ្នាំ​ទី​បី​ហើយ ដែល​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ បង្កើត​កម្មវិធី​ជិះ​កង់​មនុស្សធម៌ រៃអង្គាស​ថវិកា​ដើម្បី​ជួយ​មន្ទីរពេទ្យ ដែល​កំពុង​ព្យាបាល​ជំងឺ​កុមារ​ដោយ​មិន​គិតថ្លៃ​។ នៅ​ឆ្នាំ​ទីមួយ និង​ទី​ពីរ ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ បាន​បង្កើត​កម្មវិធី​ដូចគ្នានេះ សម្រាប់​ជួយ​ពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ដោយ​ឆ្នាំ​ទីមួយ ប្រមូល​ថវិកា​បាន​ជាង​៥០០០​ដុល្លារ និង​ឆ្នាំ​ទី​ពីរ បាន​ជិត ៦០០០​ដុល្លារ​៕

Tag:
 ក្រុម​ជិះ​កង់​បន្ទាយមានជ័យ​
  ពេទ្យ​កុមារ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com