កីឡាជាតិ
ជាតិ
អត្តពលិកជាតិនិងអន្តរជាតិជាង៣ពាន់នាក់ចូលរួមរត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរនៅព្រឹកនេះ
×
អត្តពលិកជាតិនិងអន្តរជាតិប្រមាណជាជាង៣ពាន់នាក់មកពីជាង៥០ប្រទេសទូទាំងពិភពលោកបានចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុនចក្រភពខ្មែរនៅព្រឹកថ្ងៃទី៦ ខែសីហា នេះនៅលើទឹកដីអង្គរខេត្តសៀមរាប។ អត្តពលិកទាំងនេះ ប្រកួតលើវិញ្ញាសាម៉ារ៉ាតុន, ពាក់កណ្តាលម៉ារ៉ាតុន, រតចម្ងាយ១០គីឡូម៉ែត្រ និងរត់បែបកម្សាន្ត៣គីឡូម៉ែត្រ។
ព្រឹត្តិការណ៍រត់ប្រណាំងដែលគេដាក់ឈ្មោះថា«ម៉ារ៉ាតុនចក្រភពខ្មែរ»ដែលរៀបចំនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរនៃខេត្តសៀមរាបទទួលបានអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់ប្រមាណជាជាង៣ពាន់នាក់នៅព្រឹកថ្ងៃទី៦ ខែសីហា។ ក្នុងចំណោមអត្តពលិកអន្តរជាតិដែលមកពីជាង៥០ប្រទេសភាគច្រើនជាជនជាតិចិន ខណៈអត្តពលិកជាតិឈរលំដាប់លេខ១។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែររៀបចំឡើងក្នុងគោលបំណងធំៗ៣ គឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេចរណ៍ប្រវត្តិសាស្ត្រអង្គរក្នុងរដូវខ្សត់ភ្ញៀវទេចរណ៍, ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌នានា និងដើម្បីបំផុសចលនាការពារបរិស្ថានក្នុងបរិវេណតំបន់ទេសចរណ៍ប្រវត្តិស្តាស្រអង្គរ។
លោកបានបន្តថា ការកើនឡើងនៃអត្តពលិកចិននេះ ដោយសារក្រសួងទេសចរណ៍បានដាក់ដៅខ្ពស់ក្នុងកំនើន២០លាននាក់នៅឆ្នាំ២០២០ សម្រាប់ភ្ញៀវទេសចរណ៍ចិន។«ក្រសួងទេសចរណ៍បានដាក់គោលដៅនៅឆ្នាំ២០២០ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យបាន២០លាននាក់។ យុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក៏បានដាក់បញ្ចូលវិស័យកីឡានៅក្នុងនោះផងដែរ។ បញ្ហានេះអាចជាកត្តាដែលធ្វើឲ្យអត្តពលិកចិនមានការកើនឡើងខ្លាំងជាងគេ»។ នេះជាលើកឡើងរបស់លោក វ៉ាត់ ចំរើន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរ មានវិញ្ញាសាចូលរួមចំនួន៤ ក្នុងនោះវិញ្ញាសាម៉ារ៉ាតុនមានអត្តពលិកចូលរួមចំនួន៧០០នាក់, ពាក់កណ្តាលម៉ារ៉ាតុនមាន៨០០នាក់, រត់ចំងាយ១០គីឡូម៉ែត្រមាន១,៣០០នាក់ និងរត់បែបកម្សាន្តចម្ងាយ៣គីឡូម៉ែត្រមានចំនួន៧០០នាក់៕
Tag:
ម៉ារ៉ាតុនចក្រភពខ្មែរ
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com