ជាតិ
WCS ៖ នៅកម្ពុជាមានសត្វប្រចៀវ ជិត១០០ប្រភេទ
×
ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានរកឃើញថា នៅកម្ពុជាប្រភេទសត្វប្រចៀវពី៥០ទៅ១០០ប្រភេទ ខណៈ ពិភពលោកមានសត្វប្រចៀវរហូត១១០០ប្រភេទ។ សត្វប្រចៀវ ជាប្រភេទសត្វដែលស៊ីសត្វល្អិតជាអាហារ។
ក្រុមអ្នកជំនាញរបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានចងក្រងសៀវភៅមួយឈ្មោះថា៖«ថនិកសត្វនៃប្រទេសកម្ពុជា»។ មានថនិកសត្វជាច្រើនប្រភេទ ត្រូវបានរកឃើញ និងចងក្រងសម្រាប់ទុកជាឯកសារ។
យោងតាមសៀវភៅនោះ នៅលើពិភពលោកមានសត្វប្រចៀវ១១០០ប្រភេទ ហើយនៅកម្ពុជា មានសត្វប្រចៀវពី៥០ ទៅ១០០ ប្រភេទ ក្នុងនោះមានសត្វប្រចៀវស៊ីសត្វល្អិតជាអាហារចំនួន៣០ប្រភេទ ដែលគេរកឃើញនៅកម្ពុជា។ តាមក្រុមអ្នកស្រាវជ្រាវរបស់អង្គការ WCS ប្រភេទសត្វប្រចៀវដែលបានរកឃើញ រួមមាន សត្វប្រចៀវស៊ីសត្វល្អិត សត្វប្រចៀវដែលស៊ីសាច់ជាអាហារ និងសត្វប្រចៀវអង្កាមជាដើម។ ពួកវា រស់នៅតាមប្រភេទ ខ្លះចូលចិត្តរស់នៅតំបន់រូងភ្នំ ខ្លះរស់នៅក្នុងព្រៃស្រោង ប្រហោងដើមឈើ បំពង់លូ និងរស់នៅជាហ្វូងជាដើម។
សត្វប្រចៀវស៊ីសត្វល្អិតជាអាហារនេះ ផ្តល់ប្រយោជន៍ជាច្រើន ដែលពួកវាស៊ីសត្វល្អិតចង្រៃដែលបំផ្លាញដំណាំ ឬសត្វមូសដែលតែងខាំរំខានដល់មនុស្ស។ ជារៀងរាល់ល្ងាច សត្វប្រចៀវមួយទ្រនំ អាចស៊ីសត្វល្អិតអស់រាប់លានក្បាល និងជួយបង្កាជំងឺដល់មនុស្ស ព្រមទាំងផ្តល់ជាលាមក ដែលជាជីធម្មជាតិសម្រាប់វិស័យកសិកម្មផងដែរ។ នេះបើតាមអ្នកជំនាញរបស់អង្គការសមាគមអភិរក្សសត្វព្រៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com