ជាតិ
EU ផ្ដល់​អាហារូបករណ៍​១០០​ភាគរយ ដល់​និស្សិត​កម្ពុជា​៤៣​នាក់ ទៅ​សិក្សា​នៅ​អឺរ៉ុប​
06, Aug 2017 , 4:59 pm        
រូបភាព
ដោយ:
 
​សហភាព​អឺរ៉ុប ផ្ដល់​អាហារូបករណ៍​១០០​ភាគរយ ដល់​និស្សិត និង​បុគ្គលិក​សិក្សា ចំនួន​៤៣​នាក់ ទៅ​សិក្សា​នៅតាម​ប្រទេស​នៃ​តំបន់​អឺរ៉ុប តាមរយៈ​កម្មវិធីសិក្សា Erasmus+ ។ កម្មវិធី​នេះ​សំដៅ​គាំទ្រ​ដល់​ទំនើបកម្ម និង​ការធ្វើជា​តូបនីយកម្ម​វិស័យ​អប់រំ ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​បណ្ដា​ប្រទេស​ជា​ដៃគូ​របស់​សហភាព​អឺរ៉ុប​។​


​អាហារូបករណ៍ Erasmus+ សម្រាប់​និស្សិត​កម្ពុជា ដែល​ត្រូវ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត សម្រាប់​រយៈពេល​ចន្លោះ​ពី​០៦ ទៅ​២៤​ខែ ។ ចំណែក​គ្រូ​ឧទ្ទេសនាម​វិញ មាន​រយៈពេល​ពី​៥​ថ្ងៃ ទៅ​០៦​ខែ សម្រាប់​ទស្សនកិច្ច នៅតាម​បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ចំនួន​១៣​ប្រទេស​រួមមាន​៖ ប្រទេស​អូទ្រីស ប៊ែ​ល​ស្ស៊ិ​ក សាធារណរដ្ឋ​ឆែក ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ បារាំង អ៊ីតាលី លី​ទុយ​អា​នី ប៉ូឡូញ ព័រ​ទុយ​ហ្គា​ល់ រ៉ូ​ម៉ា​នី អេ​ស្ប៉ា​ញ និង​ប្រទេស​ស៊ុយ​អ៊ែត​។ 

  
 
​និស្សិត​ដែល​បាន​អាហារូបករណ៍​សិក្សា នៅ​សហភាព​អឺរ៉ុប​ទាំង​១៣​ប្រទេស លើ​មុខវិជ្ជា​ផ្សេងៗ​គ្នា ដូចជា កសិកម្ម ជីវៈវិទ្យា ធុរកិច្ច វិទ្យាសាស្ត្រ​កុំព្យូទ័រ អប់រំ សេដ្ឋកិច្ច បរិស្ថាន វិស្វកម្ម វិចិត្រសិល្បៈ បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ សារព័ត៌មាន គណិតវិទ្យា ភាសា ច្បាប់ វិ​ជ្ជ​សាស្ត្រ​សត្វ សិល្បៈ​នៃ​ប្រព័ន្ធ​ផ្ស​ផ្វ​ផ្សាយ​និង​វប្បធម៌​ជាដើម​។​
 
​ជាមួយគ្នានេះ​កម្មវិធី​អាហារូបករណ៍ Erasmus+ ក៏បាន​ជ្រើសរើស​និស្សិត​និង​បុគ្គលិក​សិក្សា​ពី​អឺរ៉ុប​ចំនួន​២៧​នាក់ ឲ្យ​មក​សិក្សា និង​បង្រៀន​នៅតាម​សាកលវិទ្យាល័យ​ចំនួន​៦ នៅ​កម្ពុជា​វិញ​ផងដែរ​។​
 
​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក ច​ច អេ​ដ​ហ្គា បាន​និយាយថា អាហារូបករណ៍​សហភាព​អឺរ៉ុប​ទាំងនេះ គឺជា​ការបំពេញបន្ថែម​ទៅលើ​ការគាំទ្រ​ដ៏​សំខាន់​របស់​សហភាព​អឺរ៉ុប ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​ថ្លែង​ក្នុង​សន្និសីទ​សា​ព័ត៌មាន​កាល​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧ នៅ​សហភាព​អឺរ៉ុប​អគ្គរដ្ឋទូត​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ ចាប់តាំងពី​ឆ្នាំ​២០០៣​មក​សហភាព​អឺរ៉ុប​បានផ្ដល់​ជំនួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ទៅខាង​ក្រសួង​អប់រំ ដើម្បី​ពង្រឹង​ទាក់ទង​និង​វិស័យ​អប់រំ និង​កំណែទម្រង់​ផ្សេងៗ​មួយចំនួនទៀត ដើម្បី​មានលទ្ធភាព​ក្នុង​ការធ្វើការងារ​នោះ​ដោយ​ខ្លួនឯង​។ នេះ​គឺជា​រឿង​សំខាន់​ដែល​សហភាព​អឺរ៉ុប​ចង់​គាំទ្រ​ដោយផ្ទាល់​ទៅដល់​រដ្ឋាភិបាល​កម្ពុជា ជាជាង​ធ្វើការ​ពីរ​ស្របគ្នា​ជាមួយ​រដ្ឋាភិបាល​»​។ 
 
​ចាប់តាំងពី​ឆ្នាំ​២០០៥ និង​២០១៦​មក កម្មវិធី​អាហា​រូបកណ៍ Erasmus+ និង Erasmus Mundus ដែល​ឧបត្ថម្ភ​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប បានផ្ដល់​អាហារ​រូបករណ៍​ដល់​និស្សិត និង​បុគ្គលិក​សិក្សា​កម្ពុជា​ប្រមាណ​៦០០​នាក់​មកហើយ ដើម្បី​ទៅ​សិក្សា និង​បង្រៀន​នៅតាម​បណ្ដា​ប្រទេស​នានា​នៅ​អឺរ៉ុប​។​
 
​ក្រៅពី​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត និង​បុគ្គលិក​សិក្សា​កម្មវិធី Erasmus+ ក៏បានផ្ដល់​ហិរញ្ញប្បទាន​ដល់​ការកសាង​សមត្ថភាព​នៅ​កម្រិត​ឧ​ត្ត​ម​សិក្សា​ផងដែរ​។ កម្មវិធី​នេះ​សំដៅ​គាំទ្រ​ដល់​ទំនើបកម្ម និង​ការធ្វើ​តូបនីយកម្ម​វិស័យ​អប់រំ ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​បណ្ដា​ប្រទេស​ជា​ដៃគូ​របស់​សហភាព​អឺរ៉ុប​។ ក្នុងនោះ​ស្ថាប័ន​អប់រំ អង្គការ និង​ស្ថាប័ន​អប់រំ​ឧ​ត្ត​ម​សិក្សា​កម្ពុជា​ចំនួន​១៦ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កម្មវិធី​អាហារូបករណ៍ Erasmus+ បានទទួល​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​។ កម្មវិធី Erasmus+ បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៧ ដើម្បី​ផ្លាស់ប្ដូរ​សិស្ស និង​និស្សិត​ទៅ​សិក្សា នៅក្នុង​បណ្ដា​រដ្ឋ​ដែលជា​សមាជិក​ចំនួន​១១​ប្រទេស​ទៅវិញទៅមក​៕
 
 
 
 
 
 

 

Tag:
 EU
 ​ និស្សិត​
  ​អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com