កីឡាជាតិ
ជាតិ
​រដ្ឋាភិបាល​រៀបចំ​ក្បួន​ដង្ហែ​ក្រុម​វ៉ូ​វី​ណា​ម​នាំ​មេដាយមាស​៤ ប្រាក់​៩ សំរិទ្ធ​៩ ពី​ឥណ្ឌា​
07, Aug 2017 , 7:45 am        
រូបភាព
ដោយ:
​ក្រោយ​ប្រកួត​អស់​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បានឈ្នះ​មេដាយមាស​៤ ប្រាក់​៩ និង​សំរឹទ្ធ​៩ ពី​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៥ (5th World Vovinam Championship 2017) នៅ​ទីក្រុង​ញូ​វ​ដេលី​ប្រទេស​ឥណ្ឌា​។ ជាការ​អបអរ​ជ័យជម្នះ​ក៏ដូចជា​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រៀបចំ​ក្បូន​ដង្ហែ​ដោយមាន​ម៉ូតូ ស អម​ចំនួន​១២​គ្រឿង ដើម្បី​រង់ចាំ​មាតុភូមិ​និវត្ត​របស់​ប្រតិភូ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។  




​ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​សាង​ស្នាដៃ​យ៉ាង​ធំធេង​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​៤ ប្រាក់​៩ និង​សំ​រឺ​ទ្ធ​៩ ពី​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៥​នៅ​ប្រទេស​ឥណ្ឌា​។ ជោគជ័យ​នេះ បាន​នាំ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​បី ក្នុងចំណោម​៤៥​ប្រទេស​ដែល​ចូល​ប្រកួតប្រជែង ពោលគឺ​បន្ទាប់ពី​វៀតណាម និង​អាល់​ហ្សេ​រី​។

 ក្រោយ​ឆ្លងកាត់​ការប្រកួត​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា កីឡាករ ទិន ឌិន​(​សែន រ៉ា​ដេ​ត​) រកបាន​មេដាយមាស​ជូន​កម្ពុជា​ដំបូង​គេ​ក្រោយ​ឈ្នះ​កីឡាករ​វៀតណាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​ប្រយុទ្ធ​៥៤​គីឡូក្រាម​។

​នៅក្នុង​ថ្ងៃនោះ​បើកឆាក​នោះដែរ កម្ពុជា​បានឈ្នះ​មេដាយមាស​១​ទៀតផង​ដែរ​លើ​វិញ្ញាសា​សម្តែង​កត្តា​នារី​៣​នាក់ មុន​វិញ្ញាសា​សម្តែង​នារី​១​នាក់​បុរស​៣​នាក់​ប្រើ​អាវុធ​ឈ្នះ​មេដាយមាស​ទី​៣ និង​កីឡាករ លី បូរ៉ា​មី ឈ្នះ​មេដាយមាស​ទី​៤​លើ​វិញ្ញាសា​សម្តែង​ឯកត្តជន​។

​ម្ចាស់​មេដាយមាស​ពិភពលោក​ពី​អាល់​ហ្សេ​រី​ឆ្នាំ​២០១៥ ទិន ភាព​(​សែន រ៉ា​ឌី​)​រកបាន​មេដាយប្រាក់​លើកដំបូង​គេ​ជូន​កម្ពុជា​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៦០​គីឡូក្រាម ក្រោយ​ចាញ់​ម្ចាស់​ក្បាច់គុន​វៀតណាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ មុន​កីឡាការិនី ម៉ៅ ម៉ូ​នី​តា រកបាន​មេដាយប្រាក់​ទី​២​ក្រោយ​ចាញ់​វៀតណាម​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​ប្រយុទ្ធ​។ បន្ទាប់មក​កម្ពុជា​រក​បាន​មេដាយប្រាក់​៧​ទៀត​ជា​បន្តបន្ទាប់​លើ​វិញ្ញាសា​សម្តែង​មេគុន​នារី​ឯកត្តជន​, សម្តែង​កត្តា​បុរស​៣​នាក់​, ប្រយុទ្ធ​នារី​ទម្ងន់​៥៤​គីឡូក្រាម​, សម្តែង​មេគុន​ដាវ​នារី​២​នាក់​, ប្រយុទ្ធ​នារី​ទម្ងន់​៦៥​គីឡូក្រាម និង​វិញ្ញាសា​២​ផ្សេងទៀត​។​

​ចំណែក​មេដាយ​សំរឹទ្ធ​ទាំង​៩​ឈ្នះ​លើ​វិញ្ញាសា​សម្តែង​បុរស​៤​នាក់​គាប ក​, ម្តែ​ង​បុរស​២​នាក់​ប្រើ​កំបិត​តូច​, សម្តែង​កក្ត​តា​នា​រីឯ​កក​ត្ត​ជន​, សម្តែង​បុរស​៤​នាក់​អត់​ប្រើ​អាវុធ​, សម្តែង​មេគុន​ដាវ​ឯកត្តជន​នារី​, មេ​គុនកាំបិទ​ធំ​បុរស​២​នាក់​, សម្តែង​បុរស​៤​នាក់​ប្រើ​អាវុធ និង​វិញ្ញាសា​ពីរ​ផ្សេងទៀត​។

​ប្រតិភូ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក អ៊ូ រតនា អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​នឹង​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៧ ខែសីហា ខាងមុខនេះ​។ ដើម្បី​អបអរ​ដំណើរ​វិលត្រឡប់​ក៏ដូចជា​លើកទឹកចិត្ត​ម្ចាស់​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​កម្រិត​ពិភពលោក រដ្ឋាភិបាល​កម្ពុជា​នឹង​រៀបចំ​ក្បួន​ដង្ហែ​ដោយមាន​ម៉ូតូ​ស​ចំនួន​១២​គ្រឿង​អម ដើម្បី​រង់ចាំ​ដង្ហែ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅកាន់​វិមានឯករាជ្យ មុន​បន្តដំណើរ​ទៅ​ជួប​ថ្នាក់ដឹកនាំ NOCC នៅ​ទីស្នាក់ការ NOCC​។  

​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​១៣​រូប​លើ​២៩​វិញ្ញាសា​ឲ្យ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ 5th Vovinam World Championship 2017 នៅ​ប្រទេស​ឥណ្ឌា​។ ការប្រកួត​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៥ ខែសីហា មាន​២២​ប្រទេស​ចូលរួម និង​មាន​៤៣​វិញ្ញាសា​៕




Tag:
 វ៉ូ​វី​ណា​ម​
  សែន រ៉ា​ដេ​ត​
  សែន រ៉ា​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com