ជាតិ
បន្ទាប់ពី​ធ្វើ​ចម្ការ អ្នកភូមិ​បរ​ឡយ​ខេត្តរតនគិរី​នាំគ្នា ជីក​ត្បូង​លក់
07, Aug 2017 , 8:39 am        
រូបភាព
ដោយ:
 
​រតនគិរី​៖ លោក ស៊ុន សាក់ តំណាង​អ្នកភូមិ​បរ​ឡយ ឃុំ​កិះ​ចុង ស្រុក​ប​កែវ ខេត្តរតនគិរី បាន​អះអាងថា ពលរដ្ឋ​នៅ​ភូមិ​នេះ ក្រៅពី​មុខរបរ​ធ្វើ​ចម្ការ ពួកគេ​បានមក​ជីក​ត្បូង​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ផ្សែផ្សំ​ចិញ្ចឹមជីវិត ។ ទោះបី​មាន​អាជីព​ជា​អ្នក​ជីក​ត្បូង ប៉ុន្តែ​អ្នកភូមិ​ហាក់​មិនមាន​ជីវភាព​ធូរធារ​នោះទេ ប៉ុន្តែ​អ្នកទទួល​ទិញ​ត្បូង​ទៅវិញ​ទេ ដែល​ក្លាយជា​អ្នកមាន​នោះ​។​


 
​ស្រុក​ប​កែវ​ខេត្តរតនគិរី គឺ​ទឹកដី​ដែល​សម្បូរ​ដោយ​រ៉ែ​ត្បូង​គ្រប់​ប្រភេទ​។ ផ្ទៃដី​ស្រុក​នេះ គ្របដណ្តប់​ដោយ​ចម្ការ​ស្វាយ​ច​ន្ធី កៅស៊ូ និង​ព្រៃភ្នំ​។ លោក ស៊ុន សាក់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដែល​បាន​ទៅដល់​ភូមិ​នេះ​ថា របរ​រក​ត្បូង​របស់​អ្នកភូមិ គឺ​ធ្វើ​បានតែ​ខែវស្សា ព្រោះ​មាន​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​ដី​ទន់ បង្ក​ភាពងាយស្រួល​ដល់​ការជីក​ត្បូង​។ លោក​បន្តថា ជីវភាព​របស់​អ្នកភូមិ មិនសូវ​ធូរធារ​ប៉ុន្មាន​ឡើយ ដ្បិត​របរ​នេះ មិន​ទៀងទាត់​។ លោក ស៊ុន សាក់ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នករកស៊ី​ជីក​ត្បូង​មិន​ទៀងទេ ជួន​ជីក​១០០​រណ្តៅ បានតែ​២​រណ្តៅ​។ តាម​សំណាង ខ្លះទៅ​ជីក​ប៉ះចំ​១​ដុំ​ធំ លក់បាន​៥​ពាន់ ឬ​១​ម៉ឺន​ដុល្លារ​។ លោក បន្តទៀតថា​៖« ត្បូង មាន​លក្ខណៈ​តូច​ល្អិត​ដូច​គ្រាប់សណ្តែក​អីចឹង​។ ខ្លះ​ប៉ុន​មេដៃ ខ្លះ​ប៉ុន​មេជើង​។ ត្បូង​ល្អ គេ​មើល​តាម​ទឹក បើ​ទឹក​ពណ៌​ឈាមមាន់ មានទឹក​ហាប់ យើង​មើល​នឹង​ភ្នែក​អត់​ដឹង​ទេ ទាល់តែ​បញ្ចាំង​ពិល​។ អាហ្នឹង​ជា​ទឹក​ពិសេស​របស់គេ ប៉ុន​មេជើង មានតម្លៃ​៣​ពាន់​ទៅ​៤​ពាន់​ដុល្លារ​។ តែ​ត្បូង​ខ្លះ ដ​ត់​ភ្លើង​អត់​ឡើង នោះ​ជា​ត្បូង​ងាប់​»​។     

  
 
​បើតាម​តំណាង​អ្នកភូមិ​ដដែល រណ្តៅ​នីមួយៗ មាន​ជម្រៅ​ពី​១​ម៉ែត្រ ទៅ​ជាង​១០​ម៉ែត្រ​។ រណ្តៅ​ខ្លះ គ្រាន់តែ​គេ​ជីក​១​ម៉ែត្រ​ក៏មាន​ត្បូង​។ ប៉ុន្តែ​រណ្តៅ​ខ្លះទៀត ទោះ​ជីក​ជ្រៅ​យ៉ាងណា ក៏​មិនមាន​ត្បូង​ដែរ​។ ដើម្បី​ការពារ​ដី​បាក់ គេ​ជីក​តាម​ដោយ យក​ឈើ​ទល់​សម្រាប់រណ្តៅ​ណា​ដែល​ជ្រៅ​។  នេះ​បើតាម លោក ស៊ុន សាក់ ដែល​បន្ត​លើកឡើងថា កន្លងមក​ក៏មាន​អ្នក​ជីក​ត្បូង​ស្លាប់​ច្រើន ដោយសារ​ការបាក់​នេះដែរ​។ លោក ស៊ុន សាក់ បន្ថែម​៖ «​អ្នក​ដែល​គ្រោះថ្នាក់​ស្លាប់មាន​ច្រើន ដោយសារ ពេល​ជីក​ដល់​ក្រោម វា​បាក់​ដី​សង្កត់ សូម្បីតែ​ស្រែ​កមួយ​មាត់​ក៏​មិនទាន់​ផង ព្រោះ​ដី​រាប់​តោន​កិន​លើ​។ គេ​មិន​ទុក​ខ្មោច​ចោល​ទេ អ្នកភូមិ​នាំគ្នា​ជួយ​កាយ​យក​សព​ទៅ​បូជា​តាម​ប្រពៃណី​»​។          

  
 
​អ្នកភូមិ​បរ​ឡយ ស្ទើរតែ​ទាំងអស់​ទៅហើយ គឺជា​អ្នក​ចំណូលស្រុក ពោលគឺ​ពួកគេ​មកពី​បណ្តាល​ខេត្ត​ផ្សេងៗ ដូចជា ខេត្តតាកែវ កំពង់ចាម ក្រចេះ និង​ខេត្តស្វាយរៀង​ជាដើម​។ ពួកគេ​បានមក​រស់នៅ​ទីនេះ​ដំបូង​ឡើយ គឺជា​កម្មករ​ច​ម្កៅ​កៅស៊ូ និង​កម្មករ​ត្បូង ប៉ុន្តែ​ក្រោយមក​ដោយសារ​មានគ្រួសារ​ច្រើនឡើងៗ រហូត​ជាង​១០០​គ្រួសារ ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា ស្នើ​ថ្នាក់ដឹកនាំ​ខេត្ត និង​រដ្ឋាភិបាល បង្កើតជា​ភូមិបរ​ឡយ​នេះ​ឡើង​។ តាម​តំណាង​សហគមន៍ ពួកគាត់​រស់នៅ​ទីនេះ​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ពួកគាត់​មិន​ទទួលបាន​ប្លង់​កម្មសិទ្ធិ​នោះឡើយ​។

បច្ចុប្បន្ន ដី​ភូមិ​នេះ ត្រូវ​ឈ្មួញ​មានអំណាច​ម្នាក់ ទាមទារ​យក​https://www.thmeythmey.com/?page=detail&id=51941 ដោយ​អះអាងថា​ដី​ទាំងនេះ ជា​កម្មសិទ្ធិ​របស់ខ្លួន ខណៈ​អ្នកភូមិ​ថា​ពួកគេ​រស់នៅ​ទីនេះ​យូរ​មកហើយ និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៀត   ផង​៕
     


 

Tag:
 រ៉ែ​ត្បូង​
 ​ រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com