ជាតិ
សម្ដេច ហ៊ុន សែន នឹង​ស្នើ​ឲ្យ​ជប៉ុន ជួយ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស ក្នុង​ទឹកប្រាក់​៨០០​លាន​ដុល្លារ
07, Aug 2017 , 9:44 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ពាក់ព័ន្ធ​គម្រោង​មួយចំនួន សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​



​នៅក្នុង​ជំនួប​ពិភាក្សាគ្នា​នោះ កម្ពុជា និង​ជប៉ុន នឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​២ ដែលមាន​ទឹកប្រាក់​ប្រមាណ​ជាង ២៤០​លាន​ដុល្លារ​។ ឯកសារ​ចំនួន​២ ដែលជា​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​មក​កម្ពុជា​រួមមាន​៖ ទី​១ ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ នៃ​ការការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​០៤ ដែលមាន​ទឹកប្រាក់​សរុប ៣,៩៤៨​លាន​យ៉េន (​ប្រមាណ​ជា​៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) និង​ទី​២ ឥណទាន​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​៣២,៥០២ លាន​យ៉េន (​ប្រមាណ​ជា​២០៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​។​

​ក្រៅពី​គម្រោង​ទាំងពីរ ដែល​ភាគី​កម្ពុជា​-​ជប៉ុន ចុះ​កិច្ច​ហត្ថលេខា​ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន គ្រោង​លើកយក​សំណើ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែលមាន​ទឹកប្រាក់​ប្រមាណ ៨០០ លាន​ដុល្លារ នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។​

​កាលពី​ឆ្នាំ​២០១៦​កន្លងមក ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន មាន​ប្រមាណ ១,៣៥៥​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំចេញ​ទំនិញ​ចំនួន​៨២៧​លាន​ដុល្លារ ឯការ​នាំចូល​ពី​ជប៉ុន​គឺ ៥២៨​លាន​ដុល្លារ​។ 
 
ទន្ទឹមនោះ​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ជួប​ជាមួយ​តំណាង​សមាគម​មិត្តភាព​សភា កម្ពុជា​-​ជប៉ុន ,​សមាគម​មិត្តភាព​ជប៉ុន​-​មេគង្គ ,​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន និង​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ផងដែរ​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ប្រទេស​ជប៉ុន​នេះ ចាប់ពី​ថ្ងៃទី​០៦ ដល់​០៩ ខែសីហា ឆ្នាំ​២០១៧ ៕


Tag:
 ហ៊ុន សែន​
  រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com