ជាតិ
សង្គមជាតិ
កម្ពុជា និង អ.ស.ប រួមគ្នាបង្កើតកម្មវីធីមួយ ដើម្បីលើកកម្ពស់ការទទួលបានការងាររបស់យុវជកម្ពុជា
× រាជដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ បានចុះហត្ថលេខាកិច្ចសហប្រតិបត្តិការ លើកម្មវិធីរួមគ្នាឈ្មោះថា «រួបរួមដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ។ កិច្ចសហប្រតិបត្តិការសម្រាប់កម្មវិធីនេះ មានរយៈពេល ២ឆ្នាំ ចាប់ផ្តើមនៅឆ្នាំ២០១៧ នេះ និងមានគោលដៅ ផ្តល់លទ្ធភាពទទួលបានការងារប្រសើរជាងមុនដល់ស្ត្រី និងបុរសវ័យក្មេងកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ(អ.ស.ប) នៅថ្ងៃទី៣១ ខែសីហា បានចុះហត្ថលេខាលើកម្មវិធីមួយឈ្មោះថា «រួបរួមដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» សម្រាប់រយៈពេលកិច្ចសហប្រតិបត្តិការ២ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០១៧។ កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ជាមួយទីភ្នាក់ងារស្វីសដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលនឹងក្លាយជាដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរួម រវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា កម្មវិធី«រួបរួមដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ជាកិច្ចសហប្រតិបត្តិការពហុភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់អង្គការសហប្រចាជាតិ ចំនួន៥ អង្គការUNDP, UNESCO, UNICEF, UNV និងអង្គការ ILO ក្នុងនាទីជាទីភ្នាក់ងាររដ្ឋបាល និងសម្របសម្រួល។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កម្មវិធីនេះ នឹងលើកកម្ពស់ឱកាសការងារសមរម្យ និងដែលផ្តល់ផលសម្រាប់យុវជនកម្ពុជា ដោយផ្តោតសំខាន់លើភាពមានការងារធ្វើ នៃយុវជនដែលស្វែងរកការងារ តាមរយៈការអប់រំ និងការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ដែលរួមទាំងបំណិនជីវិត សហគ្រិនភាព និងភាពជាអ្នកស្ម័គ្រចិត្តផង។
លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានថ្លែងថា កម្មវិធីរួមគ្នានេះ បានផ្តល់ឱកាសដោយឡែកមួយ សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្គមកម្ពុជា ដែលរួមទាំង រដ្ឋាភិបាល អង្គការសហប្រជាជាតិ ទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធ្វើការជាមួយគ្នា ឆ្ពោះទៅសម្រេចគោលដៅរួម នៃការបង្កលក្ខណៈឲ្យស្ត្រី និងបុរសវ័យក្មេង មានលទ្ធភាពទទួលបានការងារប្រសើរជាងមុន ជាពិសេសក្រុមជនទន់ខ្សោយ និងងាយរងគ្រោះលោកស្រី Claire Van der Vaeren បញ្ជាក់ទៀតថា ការលើកកម្ពស់ការងារសម្រាប់យុវជន មានសារសំខាន់ណាស់ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាបរិយាប័ន្ន និងដើម្បីរួមចំណែក ក្នុងការសម្រេចបានកំណើនដោយចីរភាពនៅកម្ពុជា។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា បានសាទរចំពោះភាគីទាំងអស់ដែលបានចូលរួមរៀបចំកម្មវិធីនេះ។ លោកថា ការចាប់ផ្តើមអនុវត្តកិច្ចសហប្រតិបត្តិការ កម្មវិធីនេះ នឹងជួយដោះស្រាយបញ្ហាប្រឈមលើ ផ្នែកការងារសម្រាប់យុវជនកម្ពុជា។
លោកស្រី Carin Salerno នាយិកាទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ បានថ្លែងថា ស្ថាប័នរបស់លោកស្រី មានកិត្តិយសណាស់ក្នុងការចូលរួមសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ក្នុង វិស័យនេះ ដើម្បីបង្កើតការងារកាន់តែច្រើន និងប្រសើរជាងមុនសម្រាប់ពលរដ្ឋវ័យក្មេងកម្ពុជា។ លោកស្រីបន្ថែមទៀតថា ទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ នៅតែគាំទ្រកិច្ចប្រឹងប្រែងអភិវឌ្ឍន៍របស់កម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ នៃកិច្ចការយកចិត្តទុកដាក់របស់ស្ថាប័នលោកស្រី៕
Tag:
កម្ពុជា
អង្គការសហប្រជាជាតិ
ការងារ
យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com