ជាតិ
​​​ន​យោ​បាយ​ជាតិ​
ករណី​ឯកឧត្តម កឹម សុខា​៖ ចិន​គាំទ្រ​ចំណាត់​ការកម្ពុជា​ក្នុង​ការរក្សា​ស្ថិរភាព និង​សន្តិសុខ​ជាតិ​
05, Sep 2017 , 10:22 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang (រូបភាព៖ ក្រសួងការបរទេសចិន)
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang (រូបភាព៖ ក្រសួងការបរទេសចិន)
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានបង្ហាញ​ជំហរ​ខ្លួន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ និង​ស្ថិរភាព​ដោយ​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មកពាក់ព័ន្ធ​ទោស​ក្បត់ជាតិ​។ ចិន​ក៏​បញ្ជាក់​ឡើងវិញ​ថា​ខ្លួន​គាំទ្រ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ដែល​ស្របតាម​ស្ថានភាព​ជាក់ស្តែង​ក្នុងស្រុក​របស់ខ្លួន​។​



​ពី​ទីក្រុង​ប៉េកាំង ថ្ងៃ​ចន្ទ​ទី ៤ ខែកញ្ញា  អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​លើកឡើងថា ចិន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការរក្សាសន្តិសុខ ស្ថិរភាព​និង​សន្តិភាព​ក្នុងប្រទេស​។ អ្នកនាំពាក្យ​ឆ្លើយ​បែបនេះ​ក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ ពេល​អ្នកកាសែត​ចោទសួរ​ពី​ជំហរ​របស់​ចិន ជុំវិញ​ការចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា កន្លងមក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ខាងលើ​បាន​ថ្លែង​ដូច្នេះ​៖ «​យើង​បាន​កត់សម្គាល់ឃើញ​ព័ត៌មាន​នេះដែរ​។ ជា​អ្នកជិតខាង​ល្អ ជា​មិត្ត ជា​ដៃគូ និង​បង​ប្អួ​ន​របស់​កម្ពុជា ភាគី​ចិន​តែងតែ​គាំទ្រ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ដែល​ស្របតាម​លក្ខខណ្ឌ​ក្នុងស្រុក​របស់ខ្លួន និង​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការរក្សាសន្តិសុខ​ជាតិ និង​ស្ថិរភាព​ផងដែរ​»​។​

​តាមពិតទៅ ឯកឧត្តម កឹម សុខា ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​អធ្រាត្រ​ឈានចូល​ថ្ងៃទី ៣ ខែកញ្ញា  ដោយ​លោក​ត្រូវបាន​គេ​ចោទ ក្បត់ជាតិ​ដោយ​ចូល​ដៃ​ចូល​ជើង​ជាមួយ​បរទេស​ និង​មាន​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​ថែម​ទៀតផង​។​

​ថ្វីបើ​មហា​យក្ស​ចិន គាំទ្រ​ចំណាត់ការ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ដូច្នេះ​ក្តី បណ្តា​ប្រទេស​លោកខាងលិច និង​ស្ថាប័ន​សិទ្ធិមនុស្ស​បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការចាប់ខ្លួន​ប្រធាន​បក្សប្រឆាំង​ខាងលើ​នេះដែរ​។ គេ​សង្កេតឃើញ ប្រធាន​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និង​បារាំង​ជាដើម ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រៀងខ្លួន​ដោយ​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​នយោបាយ​ចុងក្រោយ​នៅ​កម្ពុជា​នេះ​៕ 


Tag:
 កឹម សុខា​
  ចិន​
  Geng Shuang
© រក្សាសិទ្ធិដោយ thmeythmey.com