ជាតិ
ក្រសួងការពារជាតិ រើស​ពលទាហាន​ដើម្បី​បំពេញ​ក្របខណ្ឌ​ឲ្យ​យោធភូមិភាគ​ទី​១​បន្ថែមទៀត​
19, Sep 2017 , 10:30 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មការ​ជ្រើសរើស​ពលទាហាន នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការជ្រើសរើស​ពលទាហាន ដើម្បី​បំពេញ​ក្របខណ្ឌ​ឲ្យ​យោធភូមិភាគ​ទី​១ កងទ័ពជើងគោក​។ នេះ​បើតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងការពារជាតិ​។​


 
​បើតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មការ​ជ្រើសរើស​ពលទាហាន  រាជរដ្ឋាភិបាល បានសម្រេច​អនុញ្ញាត​ផ្ដល់​ឲ្យ​ក្រសួងការពារជាតិ ជ្រើសរើស​ពលទាហាន ដើម្បី​បំពេញ​ក្របខណ្ឌ​ឲ្យ​យោធភូមិភាគ​ទី​១ កងទ័ពជើងគោក​។ ការជ្រើសរើស​ពលទាហាន​នេះ ផ្ដល់ឱកាស​ដល់​សាធារណជន​គ្រប់រូប ជាពិសេស​យុវជន ដែលមាន​បំណង​ចូល​បម្រើ​ការងារ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​
 
​លក្ខខណ្ឌ​ដែល​ជ្រើសរើស បេក្ខជន​ត្រូវ​ជ្រើសរើស​ពី​ចំណោម​យុវជន ដែល​ស្ម័គ្រចិត្ត​ចូល​បម្រើការ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ដោយមាន​សញ្ជាតិ​ជា​ខ្មែរ និង​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ដល់ ៣០​ឆ្នាំ​។ ជាមួយគ្នានេះ បេក្ខជន​ត្រូវមាន​កាយសម្បទា​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​។ បេក្ខជន​ទាំងអស់ ត្រូវមាន​ភក្ដីភាព​ចំពោះ​ជាតិ មាតុភូមិ និង​គ្មាន​ជាប់ពិរុទ្ធ​អំពី​បទល្មើស​ផ្សេងៗ​។ ទន្ទឹមនឹងនេះ បេក្ខជន​ត្រូវមាន​កម្រិតវប្បធម៌ ចេះ​អាន ចេះ​សរសេរ​ភាសា​ខ្មែរ និង​មាន​កម្ពស់ ១.៦០​ម៉ែត្រ ឡើងទៅ​។ បន្ថែម​លើ​នេះ បេក្ខជន​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​លក្ខណៈសម្បត្តិ​របស់​គណៈ​កម្ម​ការជ្រើសរើស​ពល​ទាហាន និង​ត្រួតពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ដែល​នឹង​កំណត់ដោយ​គណៈកម្មការ​។​

​បេក្ខជន ដែលមាន​ចំណាប់អារម្មណ៍ ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​នៅតាម​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៧​។ លើសពីនេះ បេក្ខជន​ត្រូវ​មក​សាកសួរ​ព័ត៌មាន​លម្អិត ដើម្បី​បំពេញបែបបទ​ផ្សេងៗ នៅ​ទីតាំង​ចែក និង​ទទួល​ពាក្យ​ខាងលើ​។​

​គួរ​បញ្ជាក់ថា រាល់​ការស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ចាប់ពី​ការដាក់​ពាក្យ រហូតដល់​បានសម្រេច​បញ្ចូល​ក្នុង​ក្របខណ្ឌ រួមទាំង​ការពិនិត្យ​សុខភាព កាយសម្បទា និង​លិខិតស្នាម​ផ្សេងៗ មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ឡើយ​។ ដោយឡែក ប្រសិនបើ​មាន​ករណី​មាន​បុគ្គល​ណា​កំណត់​ឲ្យ​បង់ប្រាក់ ឬ​ទារប្រាក់ ត្រូវដាក់​ទាក់ទង​ផ្ដល់ព័ត៌មាន​តាម​ទូរ​សព្ទ​លេខ ០៨៥ ៣៣៣ ៩៤៤/ ០៨៥ ២២២ ៧៤៤/ ០៩៧ ២៦៦៦ ២៤០​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដដែល​៕
 

Tag:
 ពលទាហាន​
  កងទ័ពជើងគោក​
© រក្សាសិទ្ធិដោយ thmeythmey.com