ជាតិ
ទម្រង់​ផ្ទះ​បុរាណ​ខ្មែរ ដែល​ស្ទើរតែ​បាត់បង់​
24, Sep 2017 , 10:54 am        
រូបភាព
ដោយ:
ទម្រង់ ឬ​រចនាបទ​ផ្ទះ​ខ្មែរ តាំងពី​បុរាណ​សម័យកាល​មក គឺមាន​ច្រើនបែប​ច្រើនយ៉ាង  ទាំង​ផ្ទះស្លឹក ផ្ទះ​ស័ង្កសី ផ្ទះក្បឿង​។  យោងតាម​កម្រង​កំណាព្យ​របស់លោក​វ៉ែន សុន ទម្រង់​ផ្ទះ​ខ្មែរ​មានដូចជា ផ្ទះ​រោង​ឌឿ​ង ផ្ទះកន្តាំង​មួយ​ខ្នង ផ្ទះកន្តាំង​ស្លាប​ថ្មី ផ្ទះប៉ិត ផ្ទះប៉ិត​ហោណាំង ផ្ទះ​ដំបូល​យ៉ាប​ខ្លី និង​ផ្ទះ​កឹង​។



ផ្ទះ​ខ្មែរ​បុរាណ​ពី​សម័យ​ដើម តែងតែមាន​កំពូល​ស្រួចៗ ដែល​គេ​ហៅថា កំពូល​ម៉ិ​ត  ឬ​រាង​ក្រ​ង៉ុ​ក ដែល​គេ​ហៅថា កន្ទុយ​ហង្ស ឬ​កន្ទុយ​មាន់​។ តាម​ការនិទាន​តៗ​គ្នា បាន​បញ្ជាក់ថា ការដាក់​កំពូល​ស្រួចៗ​បែបនេះ គឺ​ដើម្បី​កុំ​ឲ្យ​នាយ​គ្រក់ ដើរ​កន្លង​ផ្ទះ​បាន​។​

​នៅក្នុង​អំឡុង​សម័យ​ខ្មែរក្រហម ឬ​របប​កម្ពុជា​ប្រជាធិបតេយ្យ មានការ​សាងសង់​ផ្ទះ សម្រាប់​កងចល័ត​នារី ឬ​គូស្រករ​រៀបការ​ថ្មី​ស្នាក់នៅ​។ ផ្ទះ​នេះ មាន​ចំនួន​៥​ខ្នង ស្ថិតនៅ​ទល់មុខ​វិទ្យាល័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ក្នុងស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។ ចម្លែក​ត្រង់​ផ្ទះ​នេះ  មាន​សរសរ​តែ​៥​ប៉ុណ្ណោះ ដែល​គេ​មិន​យល់​ពី​អត្ថន័យ​ឡើយ តែមាន​ទម្រង់​ជា​ខ្មែរ​។​



​ទម្រង់​ផ្ទះ​ខ្មែរ អ្នកមាន​លទ្ធភាព​ខ្ពស់ ភាគច្រើន គឺ​ប្រើ​ដំបូល​ប្រក់​ក្បឿង​។ ក្បឿង​មាន​បី​ប្រភេទ គឺ​ក្បឿង​ស្រកា​រលិញ ឬ​ស្រការ​ពស់នាគរាជ ក្បឿងក្បាច់ និង​ក្បឿង​ស្រទបចេក​ផ្កាប់​។ អ្នកស្រាវជ្រាវ​មួយចំនួន​បាន​បញ្ជាក់ថា ក្បឿង​ស្រកា​រលិញ គឺ​តំណាង​ឲ្យ​ស្រការ​ពស់នាគរាជ ឯ​ក្បឿង​ស្រទបចេក​ផ្កាប់ ក៏​ជា​ស្រការ​ពស់នាគរាជ​ដែរ តែ​ជា​ស្រការ​ពស់នាគរាជ​ផ្នែក​ខាង​ពោះ ដែល​គេ​អាច​មើលឃើញ​នៅ​ថែវ​នានា នៃ​ប្រាសាទអង្គរវត្ត​។​

​ក្រៅពី​ការ​រចនា​ម៉ូដ​ផ្ទះ​បែបនេះ គេ​ក៏​សង្កេតឃើញថា ខ្មែរ​កម្រ​សង់ផ្ទះ​នៅ​ផ្ទាល់​ដី​ណាស់​។ កត្តា​នេះ ត្រូវគេ​អះអាងថា ការមិន​សាងសង់​ផ្ទះ​ផ្ទាល់​ដី គឺ​ដើម្បី​គោរព​ដល់​ព្រះធរណី ព្រះ​គង្គារ ដែល​គេ​ជឿថា ជា​អ្នកមានគុណ នៃ​ស្តេច​នាគរាជ​ផងដែរ​។

​មតិ​ខ្លះទៀត​លើកឡើងថា មានតែ​ជនជាតិ​វៀតណាម និង​ចិន​ប៉ុណ្ណោះ ដែល​សង់ផ្ទះ​ផ្ទាល់​ដី​។ ផ្ទះ​ផ្ទាល់​ដី​ទាំងនេះ  ភាសា​វៀតណាម​ហៅថា​តៀម ដូចជា​តៀម​កាហ្វេ តៀមស្រា​ជាដើម​។ ប៉ុន្តែ លោក​បណ្ឌិត ចិន ច័ន្ទ​រតនា អ្នកស្រាវជ្រាវ ផ្នែក​បុរាណវិទ្យា បាន​ឲ្យ​ដឹងថា ការសង់​ផ្ទះ​ផុតពី​ដី​របស់​ខ្មែរ គឺ​ដើម្បី​គេច​ពី​ការ​ជន់​លិច និង​សត្វ​សាហាវ​ផ្សេងៗ​។ ក្រៅពីនេះ គេ​អាច​ប្រើប្រាស់​ទីធ្លា​ខាងក្រោម​ផ្ទះ​សម្រាប់​ដាក់​សត្វ និង​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ ដូចជា​ត្បាញ​រវៃ ឬ​ធ្វើ​ជង្រុក​ស្រូវ​ជាដើម​។



​លោក​បណ្ឌិត បញ្ជាក់ថា ចំពោះ​កំពូល​ស្រួច​លើដំបូល គឺ​គេ​ធ្វើ ដើម្បីអោយ​ផ្ទះ​កាន់​តែមាន​សោភ័ណភាព និង តំណាង​ការរីកចម្រើន​មិនចេះចប់ មិនមែន​ធ្វើ​ដើម្បី​បន្លាច​នាយ​គ្រក់ តាម​ជំនឿ​នោះទេ​។​

​បច្ចុប្បន្ន ផ្ទះ​ប្រភេទ​នេះ ស្ទើរតែ​បាត់បង់​ទៅហើយ ព្រោះ​គេ​មិន​និយម​។ ការមិន​និយម​ផ្ទះ​បែប​បុរាណ​ខ្មែរ ធ្វើ​ឲ្យ​មានមតិ​រិះគន់ថា ថ្ងៃ​អនាគត ខ្មែរ​នឹង​បាត់បង់​អត្តសញ្ញាណ​រប​ស់​ខ្លួន​។

​ដើម្បី​ទប់ស្កាត់​ការបាត់បង​អត្តសញ្ញាណ កាលពី​ចុងឆ្នាំ​២០១៦ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម បានស្នើ​ឲ្យ​ក្រុម​វិស្វករ កម្ពុជា​ធ្វើយ៉ាងណា រចនា​ប្លង់​សំណង អគារ​នានា ត្រូវ​រក្សា​រចនាបទ ទម្រង់​ជា​ខ្មែរ​។​

​កាលពី​អំឡុង​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍ថា ការអភិរក្ស​ប្រកាន់​តឹង មិនអាច​ធ្វើ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​បានទេ ប៉ុន្តែ ការធ្វើ​ឲ្យ​ស៊ីវីល័យ​គ្មាន​ព្រំដែន ក៏​នឹងធ្វើ​ឲ្យ​ប្រទេសជាតិ បាត់បង់​អត្តសញ្ញាណ​ផងដែរ​។​

​តាម​ការសង្កេត គេ​ឃើញថា មានតែ​វត្ត​អារាម​ព្រះពុទ្ធសាសនា ឬ​ផ្ទះ​នៅតាម​ទីជនបទ​មួយចំនួន​ប៉ុណ្ណោះ ដែល​នៅ​រក្សា​ទម្រង់​ដើម​ជា​ខ្មែរ​ដដែល​។​

​របាយការណ៍ របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១២ បាន​បញ្ជាក់ថា នៅ​ទូទាំង​រាជធានី​ភ្នំពេញ នៅមាន​សេសសល់​ទម្រង់​អគារ​សម័យបុរាណ  ឬ​សម័យ​បារាំង ប្រមាណ​៥២៣​កន្លែង ហើយ​ក្នុងចំណោម​សំណង់​អគារ​ទាំងនេះ  ត្រូវបាន​គេ​រកឃើញថា មាន​ប្រមាណ​៤៤៨​កន្លែង ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់ ថែរក្សា និង​អភិរក្ស ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​កម្រិត​ខ្ពស់បំផុត​៕


© រក្សាសិទ្ធិដោយ thmeythmey.com