ជាតិ
តំណាង​សម្ដេចព្រះ​មហាក្សត្រី មន្ត្រីជាន់ខ្ពស់ និង​ទូត​បរទេស ចូលរួម​ពិធី​បុណ្យខួប ១​ឆ្នាំ របស់លោក Papy
24, Sep 2017 , 2:57 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ឃុន ចាន់ថា
រូបភាពពីហ្វេសប៊ុកលោក ឃុន ចាន់ថា
ភ្នំពេញ​៖ ថ្ងៃទី​២៣-២៤ កញ្ញា​នេះ ជា​ពិធី​បុណ្យខួប​គំរប់ ១​ឆ្នាំ របស់​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) ហៅ Papy ​។ ក្នុង​ពិធី​បុណ្យខួប​គំរប់ ១​ឆ្នាំនេះ មានការ​ចូលរួម​ពី​សំណាក់ តំណាង​សម្ដេចព្រះ​មហាក្សត្រី មន្ត្រីជាន់ខ្ពស់ ទូត​បរទេស តំណាង​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ​។​



លោក ឃុន ចាន់ថា តំណាង​គណៈកម្មការ​រៀប​ចំ​បុណ្យខួប​គំរប់ ១​ឆ្នាំ​របស់លោក Papy បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​ពិធីបុណ្យ​នេះ មានការ​ចូលរួម​ពី​តំណាង​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនីនាថ សីហនុ​, រដ្ឋមន្ត្រីក្រសួង​អប់រំ​, រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ទូត​បារាំង​, រួមទាំង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​។ 



​តំណាង​គណៈកម្មការ​រៀប​ចំ​បុណ្យខួប​គំរប់ ១​ឆ្នាំ​រូបនេះ បន្ថែមថា ក្នុង​ទិដ្ឋភាព​បុណ្យខួប​គំរប់ ១​ឆ្នាំនេះ  ក្រៅពី​មាន​វត្តមាន​ថ្នាក់ដឹកនាំ​សំខាន់ៗ ក៏មាន​ចូល​ពី​អាណាព្យាបាល​សិស្ស ប្រជាពលរដ្ឋ និង​អតីត​សិស្ស​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ប្រមាណ ១​ពាន់​នាក់​ផងដែរ​។​



សូមបញ្ជាក់ថា លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) ជនជាតិ​បារាំង ហៅ Papy ដែលជា​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) បានទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នា​វេលា​ម៉ោង​៦ និង​៥៨​នាទី ក្នុង​ជន្មាយុ​៨២​ឆ្នាំ​។



លោក គ្រី​ស្យ​ង់ និង​ភរិយា Marie-France បាន​បង្កើត​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) តាំងពី​ឆ្នាំ​១៩៩៥ មក ហើយ​បាន​ជួយ​ដល់​កុមារ​ដែល​រស់នៅ​ម្តុំ​ស្ទឹងមានជ័យ ជាយ​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​គំនរ​សំរាម ជាច្រើន​ពាន់​នាក់ តាមរយៈ​ការផ្តល់​ឱកាស​សិក្សា ការ​ស្នាក់នៅ អាហារ និង​ការ​ទំនុកបម្រុង​ផ្សេងៗ​។ សប្បុរសជន​ទាំងពីរ​ត្រូវបាន​គេ​ហៅថា Papy Mamy ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឪពុកម្តាយ​ទី​ពីរ​របស់​កុមារ​កម្ពុជា​៕






© រក្សាសិទ្ធិដោយ thmeythmey.com