ជាតិ
អ្នកនាំពាក្យ​គ​.​ជ​.​ប​៖ ទោះ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ ពលរដ្ឋ មិនត្រូវ​ភ្លេច​រឿង​បោះឆ្នោត​ទេ​» ​
24, Sep 2017 , 5:55 pm        
រូបភាព
រូបភាព៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប ស្ថិតក្នុងសន្និសីទសារព័ត៌មានកាលពីកន្លងទៅ។
រូបភាព៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប ស្ថិតក្នុងសន្និសីទសារព័ត៌មានកាលពីកន្លងទៅ។
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ការរក្សា​សា្មរ​តី​ទៅ​ចុះឈ្មោះ​បោះឆ្នោត គឺជា​រឿង​ដ៏​សំខាន់ ដែល​គ​.​ជ​.​ប ព្យាយាម​រម្លឹក​ទៅកាន់​ប្រជាពលរដ្ឋ ម្តង​ហើយ​ម្តងទៀត​។ គ​.​ជ​.​ប មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ បំភ្លេច​ការចុះឈ្មោះ និង​ការបោះឆ្នោត ព្រោះតែ​ធុញទ្រាន់​នឹង​រឿង​នយោបាយ​នោះទេ​។ សម្រាប់​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ អាច​នឹង​លែង​ខ្វល់​ពី​ការចុះឈ្មោះ និង​ការបោះឆ្នោត ដោយសារ​ពួកគេ ហាក់​មិន​សប្បាយ​ចិត្តនឹង​ស្ថានភាព​នយោបាយ​។

 

ទិដ្ឋភាព​នយោបាយ​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ បាន​ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សាធារណជន​។ ទាំង​ពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ បាននាំគ្នា​ចោល​ភ្នែក​ទៅតាម​ដាន​ស្ថានភាព​នយោបាយ ជាពិសេស​ក្រោយ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន​។

គេ អាច​មើលឃើញថា ភាព​ផុសផុល​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន បាន​បណ្តាល​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត ហាក់​ស្ងប់ស្ងាត់ ហើយ​ប្រជាពលរដ្ឋ​ក៏​ហាក់ដូចជា​បង់​ស្មារតី​ពី​រឿងនេះ​ដែរ​។ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២0១៧ ចំនួន​ថ្មី​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត មានតែ​ជាង ១.៥ សែន​នាក់​ប៉ុណ្ណោះ​។ 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចាត់ទុក ប្រជាពលរដ្ឋ​ជាង ១.៥​សែ​នាក់ ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល​ប្រហែល​២0​ថ្ងៃ​មកនេះ ថា​ជា​ចំនួន​តិច នៅឡើយ​ទេ​។ លោក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តាម​ការរំពឹងទុករ​ប​ស់គ​.​ជ​.​ប រយៈពេល​ប្រហែលជា​២0​ថ្ងៃនេះ គួរតែមាន​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត លើសពី ១.៥ សែន​នាក់​។

លោក ហង្ស ពុទ្ធា មិនបាន​រៀបរាប់​ឡើយ​ថា កត្តា​អ្វីខ្លះ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​តិច​បែបនេះ​។ ហើយ​លោក ក៏​មិន​លើកឡើង​ដែរ​ថា ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​តិច គឺ​ដោយសារតែ​ភាព​អាប់អួ​ខាង​នយោបាយ​។​

ប៉ុន្តែ លោក ហង្ស ពុទ្ធា បាន​សង្កត់ធ្ងន់​ទៅលើ​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ជាពិសេស​ទាក់ទង​នឹង​ការចុះឈ្មោះ​និង​ការបោះ​ឆ្នោ​។ លោក បាន​ទទូច​សាជាថ្មី ដោយ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត គួរតែ​រួសរាន់​ទៅ​ចុះឈ្មោះ​។

អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ បញ្ជាក់ប្រាប់​សារ​ព័ត​មាន​ថ្មីៗ យ៉ាង​ដូច្នេះ​៖«​ខ្ញុំ មិន​និយាយ​ទេ​ថា រឿង​នយោបាយ​មិនល្អ​ឬ​យ៉ាងម៉េច​នោះ​។ ប៉ុន្តែ ខ្ញុំ​គ្រាន់តែ​ចង់​រម្លឹកថា  ប្រជាពលរដ្ឋ មិនត្រូវ​ភ្លេច​កាតព្វកិច្ច និង​សិទ្ធិ​របស់ខ្លួន​នោះទេ ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត ទោះ​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​»​។

ជុំវិញ​បញ្ហា​ខាងលើ លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (​និក​ហ្វិ​ក​) មើលឃើញថា ភាព​ល្អកកករ​ផ្នែក​នយោបាយ​ក្នុង​រយៈកាល​ចុងក្រោយ​នេះ គឺជា​ផ្នែក​មួយ ដែល​ធ្វើ​ឲ្យ​ចំនួន​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត មានការ​ថមថយ​។ ប្រធាន​និក​ហ្វិ​ក​រូបនេះ សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ អាច​នឹង​នឿយណាយ​នឹង​រឿង​នយោបាយ​បច្ចុប្បន្ន ហើយក៏​បណ្តាល​ឲ្យ​ពួកគេ លែង​សូវ​ខ្វល់ខ្វាយ​ពី​ការចុះឈ្មោះ​ឆ្នោត​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​អ្នកខ្លះ យល់ថា រឿង​នយោបាយ ស្មុគស្មាញ ធ្វើ​ឲ្យ​ពួកគាត់ បាក់​ទឹកចិត្ត និង​ធុញទ្រាន់ ក៏​លែង​ចង់​ខ្វល់​ពី​ការចុះឈ្មោះ​និង​ការបោះឆ្នោត ក៏មាន​»​។​

លោក សំ គ​ន្ធា​មី បន្តថា ក្រៅពី​រឿង​នយោបាយ កត្តា​ផ្សេងទៀត ដែល​រួមមាន ការផ្សព្វផ្សាយ​ព័ត៌មាន​មិនបាន​ទំ​លំ​ទូលាយ បញ្ហា​អាកាសធាតុ ការខ្វះ​ឯកសារ​សម្រាប់​បម្រើ​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត ក៏​បណ្តាល​ឲ្យ​ចំនួន​នៃ​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត មានការ​ថយចុះ​។ បើតាម​ប្រធាន​និក​ហ្វិ​ច ប្រជាពលរដ្ឋ​មួយចំនួន បាន​គិតថា ការចុះឈ្មោះ​បោះឆ្នោត មាន​រយៈពេល​វែង ដូច្នេះ​ពួកគេ ក៏​ពន្យារពេល ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ផ្នត់គំនិត​បែបនេះ ក៏​ធ្វើ​ឲ្យ​ចំនួន​នៃ​អ្នក​ចុះឈ្មោះ​ឆ្នោត មិនសូវ​កើតឡើង​ដែរ​។ ទោះយ៉ាងណា លោក បាន​ចួ​ល​រួមជាមួយ​គ​.​ជ​.​ប ក្នុង​ការបន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ពី​ការចុះឈ្មោះ និង​ការបោះឆ្នោត ដែលជា​កាតព្វកិច្ច​និង​សិទ្ធិ​ដ៏​សំខាន់​របស់ខ្លួន​។

សូមបញ្ជាក់ថា បើ​បូក​ទាំង​ចំនួន​ចាស់ (​អ្នក​ចុះឈ្មោះ​ក្នុង​ឆ្នាំ​២0១៦) និង​ចំនួន​ថ្មី (​អ្នក​ដែល​ទើបនឹង​ចុះឈ្មោះ​ក្នុង​ឆ្នាំ​២0១៧) អ្នក​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៨​លាន​នាក់​ហើយ នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​បច្ចុប្បន្ន​។ ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ គឺ​សម្រាប់​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត កាលពី​ឆ្នាំ​២0១៦ ប៉ុណ្ណោះ​។ ចំណែកឯ ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២0១៦​រួចហើយ អាច​ទៅ​បោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២0១៨ តែម្តង ដោយ​មិន​តម្រូវ​ឲ្យ​ចុះឈ្មោះ​ម្តងទៀត​ឡើយ​។ ប៉ុន្តែ​ពួកគេ ក៏​ត្រូវតែទៅ​ពិនិត្យ​ឈ្មោះ​របស់ខ្លួន ដែល​បិទ​ផ្សាយ​នៅតាម​ឃុំ​-​សង្កាត់​ឡើងវិញ​ដែរ​៕
   

© រក្សាសិទ្ធិដោយ thmeythmey.com