ជាតិ
ពលរដ្ឋ ដែលមាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត កើនឡើង​ជាង ៨​លាន​នាក់​ហើយ​ ​
25, Sep 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២0១៧ ចំនួន​ថ្មី​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត មាន​ជាង ១.៥ សែន​នាក់​ហើយ​។ ប៉ុន្តែ ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា មិន​គិត​នោះទេ ព្រោះ​រយៈពេល​៣​ថ្ងៃនេះ ស្ថិតក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​តម្រូវ​ឲ្យ គ​.​ជ​.​ប ផ្អាក​ការចុះឈ្មោះ​បោះឆ្នោត​។


 
របាយការណ៍​របស់​គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា ចំនួន​ចាស់ នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត កាលពី​ឆ្នាំ​២០១៦ មាន​ជិត ៨​លាន​នាក់​។ ដូច្នេះ បើ​បូក​ចំនួន​ចាស់ (​អ្នក​ចុះឈ្មោះ​ក្នុង​ឆ្នាំ​២0១៦) ជាមួយ​ចំនួន​ថ្មី (​អ្នក​ដែល​ទើបនឹង​ចុះឈ្មោះ​ក្នុង​ឆ្នាំ​២0១៧) អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប មាន​ចំនួន​ជាង​៨​លាន​នាក់​ហើយ នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​បច្ចុប្បន្ន​។

​បើ​ផ្អែកលើ​របាយការណ៍​របស់​គ​.​ជ​.​ប ដដែល ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២0១៦ ហើយ​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ​២0១៧​នេះ មាន​រហូតដល់​ជាង ១.៦​លាន​នាក់ ឯណោះ​។ ប៉ុន្តែ របាយការណ៍​របស់​គ​.​ជ​.​ប បញ្ជាក់ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង ១.៦​លាន​នាក់​នោះ មាន​ប្រជាពលរដ្ឋ​ជាង ១.៥​សែន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។​

​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​នា​ឆ្នាំ​២0១៨ នឹង​ដំណើរការ រហូតដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ ប្រជាពលរដ្ឋ ដែល​មិនបាន​ចុះឈ្មោះ​បោះឆ្នោត កាលពី​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ត្រូវតែទៅ​ចុះឈ្មោះ​នាពេលនេះ ដើម្បី​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ថ្នាក់ជាតិ នៅ​ឆ្នាំ​២0១៨​។​

​ចំណែក ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ កាលពី​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ អាចមាន​សិទ្ធិ​ទៅ​បោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២0១៨ តែម្តង ដោយ​មិនចាំបាច់​ទៅ​ចុះឈ្មោះ សាជាថ្មី​ទេ​។ ប៉ុន្តែ​ពួកគេ ក៏​ត្រូវតែទៅ​ពិនិត្យ​ឈ្មោះ​របស់ខ្លួន​ឡើងវិញ​ដែរ ដែល​ត្រូវបាន​បិទ​ផ្សាយ​នៅតាម​ឃុំ​-​សង្កាត់​៕


© រក្សាសិទ្ធិដោយ thmeythmey.com