ជាតិ
សេដ្ឋកិច្ច
ចំណាយ​ថវិកាជាតិ​២០១៨៖ រដ្ឋាភិបាល​នឹង​ស្នើ​ទៅ​រដ្ឋសភា​ប្រមាណ​ជាង ៦​ពាន់​លាន​ដុល្លារ​
27, Oct 2017 , 5:22 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២0១៧ ជុំវិញការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិសម្រាប់ឆ្នាំ២0១៨។ រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២0១៧ ជុំវិញការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិសម្រាប់ឆ្នាំ២0១៨។ រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​នឹង​ស្នើ​ឲ្យ​សភា​អនុម័ត​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០១៨ ចំនួន ២៤ ៣៧៥ ១០២ លាន​រៀល (​ប្រហែល ៦០៣៣ លាន​ដុល្លារ​) នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​។



​នៅ​ថ្ងៃទី​២៧​ខែតុលា​នេះ គណៈរដ្ឋមន្ត្រី បានសម្រេច​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨ ដែល​ក្នុងនោះ​រដ្ឋាភិបាល​បានកំណត់​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង ៦​ពាន់​លាន​ដុល្លារ កើនឡើង ១៥,២​ភាគរយ ធៀប​នឹង​ថវិកា​ក្នុង​ច្បាប់​ឆ្នាំ​២០១៧​។ ថវិកា​ចំណាយ​នេះ គឺ​ស្មើ ២៤,៥៩​ភាគរយ​នៃ​ផលិតផល​ជាតិ​សរុប (GDP) ។​
​រដ្ឋាភិបាល​នឹង​បញ្ជូន​សេចក្ដីព្រាងច្បាប់​ថវិកា​នេះ​ដល់​រដ្ឋសភា នៅ​សប្ដាហ៍​ទី​១​នៃ​ខែវិច្ឆិកា ខាងមុខនេះ​។​

​ចំណាយ​ថវិកាជាតិ​នេះ ត្រូវបាន​បែងចែក​សម្រាប់​ចំណាយ​ចរន្ត​ចំនួន ១៥ ៩៤៥ ៤១៨ លាន​រៀល (​ប្រហែល ៣៩៤៦​លាន​ដុល្លារ​) កើនឡើង ១៥,៦​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ និង​ចំណាយ​មូលធន​ចំនួន ៨ ៤២៩ ៦៨៤ លាន​រៀល​(​ប្រហែល ២០៨៦​លាន​ដុល្លារ​) កើនឡើង ១៤,៦​ភាគរយ​។​
​ចំណាយ​ថវិកាជាតិ​ដែល​កំណត់​ក្នុង​ច្បាប់​នៅ​២០១៧ មាន​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​។​

​ដោយឡែក​សម្រាប់​ចំណូល​ថវិកាជាតិ រដ្ឋាភិបាល​នឹង​ស្នើ​ឲ្យ​រដ្ឋសភា​អនុម័ត​ចំនួន ២៣ ៣៨៣ ៩៤២​លាន​រៀល (​ប្រហែល ៥,៧៨​ពាន់​លាន​ដុល្លារ​) កើនឡើង ១០,៦​ភាគរយ ធៀប​នឹង​ច្បាប់​ឆ្នាំមុន​៕


Tag:
 ថវិកាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com