ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ចោទ​លោក ម៉ៅ មុនី​វណ្ណ ថា​ក្បត់បក្ស​
30, Oct 2017 , 8:17 pm        
រូបភាព
ដោយ: ថ្មីៗ
ពី​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​សារ​នយោបាយ ដោយ​លោក​បាន​ចោទប្រកាន់​លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ថា​ក្បត់​បាន​បក្ស ដោយ​រៀបចំ​គម្រោង​ធ្វើ​បក្ស​ប្រហារ​។​

 
​ក្នុង​ឃ្លី​ប​វីដេអូ​មួយ​ដែលមាន​រយៈពេល​ជាង​៨​នាទី លោក សម រង្ស៊ី បាន​លើកឡើងថា ផែនការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ផ្លាស់ប្តូរ ដោយសារ​សម្ពាធ​ពី​អន្តរជាតិ​។ លោក​បាន​កោតសរសើរ​ឯកឧត្តម សុខា ថា ជា​ប្រធាន​ដ៏​ក្លាហាន ដែល​មិន​ខ្លាច​ការគំរាមកំហែង​។​
 
​ជាមួយគ្នានេះ លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​សំពាធ​ការគំរាមកំហែង និង​ការអូសទាញ ឲ្យ​នាំគ្នា​ចេញទៅ​ក្រៅប្រទេស​។​
 
​ជាមួយគ្នានេះ អតីត​មេបក្ស​ប្រឆាំង​រូបនេះ ទទួលស្គាល់ថា អ្នកតំណាងរាស្ត្រ និង​ជួរ​ថ្នាក់ដឹកនាំ​បក្ស CNRP មួយចំនួន ក្នុងនោះ​មាន លោក ម៉ៅ មុនី​វណ្ណ មាន​គម្រោង​ធ្វើ​បក្ស​ប្រហារ ដោយ​ប៉ង​ផ្លាស់ប្តូរ​មេដឹកនាំ​បក្ស​តាម​ការបញ្ជា​ពី​អ្នកដទៃ​។ សម្រាប់​លោក សម រង្ស៊ី នេះ​ជា​ទង្វើ​ក្បត់បក្ស​។​
 
​លោក ម៉ៅ មុន្នី​វណ្ណ ត្រូវបាន​ព័ត៌មាន​នៅតាម​បណ្តាញ​សង្គម​មួយចំនួន ថា លោក​ជា​ជនបង្កប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដើរ​បំផុសបំផុល​ឲ្យ​មាន​ចលនា​ដើរ​ចេញពី​បក្ស​សង្គ្រោះ​ជាតិ​។ 
 
​ទោះបីជា​យ៉ាងណា នៅមុន​ការចេញ​ឃ្លី​ប​វីដេអូ​របស់លោក សម រង្ស៊ី លោក ម៉ៅ មុនី​វណ្ណ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ខ្ញុំ ម៉ៅ មុនី​វណ្ណ ទោះបី​ពលី​ជីវិត ក៏​មិន​រត់ចោល​សមរភូមិ និង​មិន​លក់​ឧ​ត្ត​ម​គតិ​ជាដាច់ខាត​! អ្នក​លាប​ពណ៌ មួលបង្កាច់ និង​អ្នក​បន្ទរ ចុងក្រោយ​អ្នកនឹង​មាន​វិប្បដិសារី ជាក់​ជាមិនខាន (​បើ​អ្នក​ស្ថិតក្នុង​តម្លៃ​ជា​មនុ​ស្សពិត​)»៕
 

Tag:
 ម៉ៅ មុនីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com