ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល គ្រោង​ខ្ចីប្រាក់​ពី​ក្រៅប្រទេស​មិន​លើសពី ១,៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨
02, Nov 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​សេចក្ដីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បានកំណត់​ពិ​ដាន​កម្ចី​សម្រាប់​ឆ្នាំក្រោយ​ចំនួន ១​ពាន់​លាន SDR ឬ​ប្រមាណ ១,៤​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​អភិវឌ្ឍន៍​សាធារណៈ​នានា​។​



​រដ្ឋាភិបាល​គ្រោង​ខ្ចីប្រាក់​ពី​ក្រៅប្រទេស​ច្រើន​បំផុត​ក្នុង​ចំនួន ១,៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ដែល​ទឹក​ប្រាក់កម្ចី​នេះ នឹង​ទទួលបាន​ពី​ការចុះ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល និង​ដៃគូ​អភិវឌ្ឍន៍ ដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង និង​ឥណ្ឌា លើ​គម្រោង​ចំនួន ២៦ ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៧​ខែតុលា​។​

​ក្រសួង​សេដ្ឋកិច្ច នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើនេះ អះអាងថា ការបង្កើន​ទំហំ​កម្ចី​ដល់ ១,៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ នឹងមិន​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​ស្ថានភាព​បំណុល​សាធារណៈ​ឡើយ ដោយ​កម្រិត​បំណុល​របស់​កម្ពុជា​នៅតែមាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប នៅក្នុង​រយៈពេល​មធ្យម​ដដែល​។

​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០១៧ កម្ពុជា​ជំពាក់​បំណុល​ក្រៅប្រទេស​ចំនួន​ជាង ៦,២​ពាន់​លាន​ដុល្លារ គឺ​ស្មើនឹង​ប្រមាណ ២៨​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។ ក្រសួង​សេដ្ឋកិច្ច ព្យាករ​ថា GDP របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៧ មាន​ទឹកប្រាក់​ចំនួន ២២,២​ពាន់​លាន​ដុល្លារ ហើយនឹង​កើន​ដល់ ២៤,៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ។​

​បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច បាន​អះអាង​កន្លងមក​ថា តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ កម្ពុជា​អាច​ជាប់បំណុល ក្នុង​ចំនួន​មិន​លើសពី ៤០​ភាគរយ​នៃ GDP របស់ខ្លួន​។ បានសេចក្ដីថា កម្ពុជា​នៅតែ​អាច​គ្រប់គ្រង​ស្ថានភាព​បំណុល​របស់ខ្លួន​បាន ឲ្យ​តែ​ជំពាក់​បំណុល​មិន​លើសពី ៤០​ភាគរយ​នៃ GDP ។​

​កាលពី​ឆ្នាំ​២០១៧ ច្បាប់​ថវិកា​កំណត់​ឲ្យ​រដ្ឋាភិបាល​ខ្ចី​មិន​លើសពី ៧០០​លាន SDR (​ប្រហែល​ជិត ១០០០​លាន​ដុល្លារ​)​។ ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​ចំនួន ៧៣២ លាន​ដុល្លារ​៕


Tag:
 បំណុល​សាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com