ជាតិ
អង្គការ​ភ្លែ​ន​អន្តរជាតិ ដាក់​សាកល្បង​ប្រព័ន្ធ​សិក្សា​តាម​អេ​ឡិច​ត្រូ​និ​ច ដើម្បី​លើកកម្ពស់​ការអាន​រប​ស់​កុមារ​
11, Nov 2017 , 9:19 pm        
រូបភាព
 
​រតនគីរី​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ (Plan International) និង Aide et Action បាន​ជួយ​ផ្គត់ផ្គង់​ដាក់​ប្រព័ន្ធ​សិក្សា​តាមរយៈ​អេ​ឡិច​ត្រូ​និ​ច នៅក្នុង​បណ្ណាល័យ​សាលារៀន​អណ្ដូង​មាស ខេត្ត​រតនគីរី ដើម្បី​លើកកម្ពស់​ការអាន​រប​ស់​កុមារ​។​


​ក្នុង​បន្ទប់​បណ្ណាល័យ​សៀវភៅ នៃ​អគា​សិក្សា​២​ខ្នង មាន​៦​បន្ទប់ នៅ​សាលារៀន​អណ្ដូង​មាស ដែលជា​ជំនួយ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ (Plan International) និង​ដៃគូ​ពាក់ព័ន្ធ​នោះ មាន កុមារា​-​កុមារី​ជាច្រើន​នាក់​កំពុង​អាន​សៀវភៅ ហើយ​ខ្លះទៀត​កាន់​Tablet ដែលជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ដៃ​។ ប៉ុន្តែ​ពួកគេ​មិនមែន​កាន់​Tablet ដើម្បី​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ឬ​បណ្ដាញ​សង្គម​អ្វី​នោះទេ គឺ​ពួកគេ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នេះ ដើម្បី​ស្ដាប់ និង​អាន​មេរៀន​ជា​ភាសា​ខ្មែរ​។ តាមពិតទៅ​ស្មា​ត​ហ្វូ​ន Tablet នេះ គឺជា​ជំនួយ​របស់ Aide et Action តាមរយៈ​អង្គការ​ភ្លែ​ន​អន្តរជាតិ ដើម្បី​ដាក់​សាកល្បង​ប្រព័ន្ធ​សិក្សា​តាម​អេ​ឡិច​ត្រូ​និ​ច​នៅតាម​បណ្ណាល័យ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​កុមារ​យកចិត្តទុកដាក់​លើ​ការអាន និង​ការសរសេរ​។​

  
 
​លោក កេ​ត ចាន់តូ អ្នកជំនាញ​ខាង​អប់រំ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ បាន​ពន្យល់ថា ប្រព័ន្ធ​សិក្សា​តាម​អេ​ឡិច​ត្រូ​និ​ចនេះ គឺមាន​ការដាក់បញ្ចូល​រឿងព្រេង​និទាន រឿង​ប្រលោមលោក និង​មេរៀន​សៀវភៅ​ជាច្រើន​ក្នង​កម្មវិធី​E-Learning នេះ​។ លោក កេ​ត ចាន់តូ បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖​កម្មវិធី​ដែល​គេ​បង្កើត ហើយ​ដា​ក់ប​ញ្ជូ​ល​នៅក្នុង Tablet នេះ​គឺមាន​អក្សរ​ខ្មែរ ដើម្បី​ផ្ដល់​ភាព​ងាយ​ដល់​កុមារ​អាន​។ ហើយ​បើ​ក្នុងករណី​ដែល​ពួកគេ​មិនអាច​អាន​បានទេ ពួកគេ​អាច​ស្ដាប់​សំឡេង ដែល​រៀបរាប់​អំពី​រឿង ឬ​មេរៀន​អ្វីមួយ​បាន​។ ហើយ​នៅក្នុង Tablet ក៏មាន​ដាក់​ប​ញ្ជូ​ល​រឿង​ជា​ភាសា​អង់គ្លេស​ដែរ ប៉ុន្តែ​យើង​បាន​បកប្រែ​វា​ជា​ភាសា​ខ្មែរ​វិញ ព្រោះ​យើង​ផ្ដោតទៅលើ​ភាសា​ខ្មែរ ដោយសារ​កុមារ​នៅមាន​ការ​ខ្សោយ​នៃ​ការអាន​»​។​
 
​កំពុង​អង្គុយ​សម្លឹងមើល​រូបភាព​នៃ​សាច់រឿង​និទាន រួមជាមួយ​សំឡេង និង​អក្សរ​ខ្មែរ នៅក្នុង​ស្មា​ត​ហ្វូ​ន Tablet យ៉ាង​ស្ងៀមស្ងាត់​ជាមួយ​កុមារ​ដទៃទៀត​នៅក្បែរ​បង្អួត​នោះ កុមារី ថែវ ហាក់​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​កម្មវិធីសិក្សា​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចមួយ​នេះ​។ កុមារី ថែវ ដែលជា​កូន​នៃ​គ្រួសារ​ជនជាតិ​ចា​រាយ​រូបនេះ មិនដែល​ដឹង​ពី​បច្ចេកវិទ្យា​បែបនេះ​ឡើយ ហើយ​វា​ក៏​ជា​លើកទីមួយ​ដែរ សម្រាប់​នាង​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដើម្បី​អាន​និង​ស្ដាប់​នេះ​។ 

  
 
​កុមារី វ័យ​ជាង​១០​ឆ្នាំ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​អាច​ស្ដាប់​សំឡេង និង​អាន​រឿង​បាន​ដទៃទៀត តាមរយៈ​សម្ភារៈ​នេះ (Tablet) ដោយ​ងាយស្រួល​។ ហើយ​វា​ងាយស្រួល​ស្វែង​រករឿង​ដែល​ខ្ញុំ​ចង់​អាន​ទៀតផង​។ ខ្ញុំ​គិតថា​វា​នឹង​ជួយ​ចំណេះដឹង​ខ្ញុំ​បាន​ច្រើន​»​។​
 
​អង្គុយ​ក្បែរ​គ្នា​នេះ កុមារី ផ្ញេះ បាន​បន្ថែមថា​៖«​នៅពេល​មាន​ពាក្យ​ណា​ខ្ញុំ​មិនចេះ​អាន ខ្ញុំ​អាច​ស្ដាប់​សំឡេង​តាម​ស្មា​ត​ហ្វូ​ន​នេះ​បាន​។ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នកផ្ទះ​ខ្ញុំ​ប​ញ្ជូ​ល​កម្មវិធី​មេរៀន​នេះ ក្នុង​ទូរ​សព្ទ​គាត់​ដើម្បី​អាច​ឲ្យ​ខ្ញុំ​អាន និង​ស្ដាប់​បាន​»​។​
 
​សម្រាប់​អ្នកគ្រូ សុខ សុគន្ធា ដែលជា​បណ្ណារក្ស​នៃ​សាលាបឋមសិក្សា​អណ្ដូង​មាស​នេះ បាន​និយាយថា ការដាក់​សាកល្បង​ប្រព័ន្ធ​សិក្សា​តាម​អេ​ឡិច​ត្រូ​និ​ច នឹង​ជួយ​ឲ្យ​ការអាន និង​ការសរសេរ​របស់​សិស្ស​ឆាប់​មានការ​រីកចម្រើន ព្រោះ​វា​ជា​បច្ចេកវិទ្យា​បែប​ទំនើប ដែល​អាច​ជំរុញ​ឲ្យ​ពួកគេ​យកចិត្តទុកដាក់​លើ​ការអាន​។​«​គ្រាន់តែ​សាលា​យើង​ទទួលបាន​សម្ភារៈ​ពី​ខាង​អង្គការ​ភ្លែ​ន​ភ្លាម ស្រាប់​តែមាន​សិស្ស​ជាច្រើន​ចាប់អារម្មណ៍​កា​រលើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​តាម​ស្មា​ត​ហ្វូ​ន​(Tablet)​នេះ រួមទាំង​ទូរទស្សន៍​ដែលមាន​ប​ញ្ជូ​ល​រឿងនិទាន រឿង​ប្រលោមលោក​នេះ ហើយ​មាន​សៀវភៅ​ជាច្រើន​ទៀត​»​។​

  
 
​អង្គការ​ភ្លែ​ន​អន្តរជាតិ ដែលមាន​កិច្ចសហការ​ជាមួយ​អង្គការ Aide et Action និង​ក្រសួង​អប់រំ​យុវជន និង​កីឡា គ្រោង​ដាក់​ឲ្យ​ដំណើការ​សាកល្បង​ប្រព័ន្ធ​សិក្សា​តាម​អេ​ឡិច​ត្រូ​និ​ចនេះ នៅក្នុង​សាលារៀន​ចំនួន​២០ នៅក្នុង​ប្រទេស​កម្ពុជា ។ នេះ​ជាការ​បញ្ជាក់​របស់លោក កេ​ត ចាន់តូ ដែល​បាន​បន្តថា កម្មវិធីសិក្សា​នេះ កំពុង​ដាក់​ដំណើការ​នៅក្នុង​សាលារៀន​ពីរ​សិន ក្នុង​ខេត្ត​រតនគីរី​នេះ​។​
 
​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហ៊ាង ស៊ី​ណេ ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលារៀន​អណ្ដូង​មាស ក្នុង​ខេត្ត​រតនគីរី​នេះ គាំទ្រ​ដល់​ជំនួយ​ផ្គត់ផ្គង់​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ និង​អង្គការ Aide et Action នេះ​។ លោក ហ៊ាង ស៊ី​ណេ បាន​និយាយថា សិស្ស​ជាច្រើន​អាច​ប្រើប្រាស់​បច្ចេកវិទ្យា និង​ទូរ​សព្ទ​នៅផ្ទះ​របស់​ពួកគេ តាមរយៈ​ឪពុកម្ដាយ ដែល​គប្បី​បង្កើត​កម្មវិធីសិក្សា​ភាសា​ខ្មែរ​តាម​ទូរ​សព្ទ សម្រាប់​កូន​របស់ខ្លួន​សិក្សា​។​
 
​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូបនេះ បាន​បន្ថែមថា ៖«​ក្រសួង​កំពុង​បន្ត​កិច្ចសហការ​ជាមួយ​អង្គការ​ភ្លែ​ន និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ដំណើរការ​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ ក្នុង​គោលបំណង​លើ​កម្ពស់​ការអាន ព្រោះ​កម្មវិធី​វា​មាន​ភាព​លឿន​រហ័ស ដែល​អាច​ផ្ដល់​ភាពងាយស្រួល ដល់​សិស្ស​ជាង​កាន់​សៀវភៅអាន​»៕
 














Tag:
 អង្គការ​ភ្លែ​ន
  ​រតនគីរី​
© រក្សាសិទ្ធិដោយ thmeythmey.com