ជាតិ
COP23៖​ដើម្បី​ទប់ស្កាត់​បញ្ហា​កង្វះ​ទឹក​ពិភពលោក​ត្រូវការ​លុយ​ជិត​៣០០​ពាន់​លាន​ដុល្លារ​មួយឆ្នាំ​
11, Nov 2017 , 10:59 pm        
រូបភាព
រូបភាព៖ Mekong River Commission
រូបភាព៖ Mekong River Commission
 
​ការគ្រប់គ្រង​ទឹកជា​គម្រោង​អាទិភាព​នៃ​កម្មវិធី​បន្សាំ​ក្នុង​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ ២០១៥ (Paris Climate Agreement) និង​ជា​ចំណុច​មួយ​នៃ​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព (SDG) ផងដែរ​។ ប៉ុន្តែ​ដើម្បី​សម្រេច​តាម​គោលដៅ គេ​ត្រូវ​បង្កើន​ហិរញ្ញវត្ថុ​ឲ្យ  ដល់ ២៩៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ដើម្បី​គាំទ្រ​គម្រោង​នេះ​។​


​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ក្នុងពេល​ប្រឈម​ការប្រែប្រួល​អាកាសធាតុ​នេះ​ស្របតាម​គោលដៅ​អភិវឌ្ឍ​ជា​ចីរភាព​ឆ្នាំ ២០៣០ គេ​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ ២៩៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។  នេះ​ជា​សារសំខាន់​របស់​សហគម​ន៍​ទឹក​អន្តរជាតិ (https://cop23.unfccc.int/news/financing-must-triple-to-meet-climate-and-sdg-goals-for-water) ស្ថិតក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​សន្និសីទ​ពិភពលោក​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ នាទី​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់ នា​ថ្ងៃ​សុក្រ​ទី ១១ ខែវិច្ឆិកា​។​
 
​ប្រធាន​គម្រោង​ស្ត្រី​ដើម្បី​ភាពជា​ដៃគូ​ស្តីពី​បញ្ហា​ទឹក និង​ជា​សហប្រធាន អង្គការ​កង្វះ​ទឹក​ក្នុង​វិស័យ​កសិកម្ម (WASAG) លោកស្រី Mariet Verhef-Cohen បាន​ថ្លែង​ក្នុង​សន្ន​សីទ​ថា  និរន្ត​ភាព​នៃ​ការ​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ជីវិត​មនុស្ស​ទូទៅ​ក្នុងកា​លៈ​ទេសៈ​ចាំបាច់​ពេល​មានការ​ប្រែប្រួល​អាកាសធាតុ​នេះ​។​
 
​លោកស្រី​បានបញ្ជាក់​ដូច្នេះ​៖« នរ​ន្ត​រ​ភាព​នៃ​ការប្រើប្រាស់​ទឹក​ក្នុង​គោលដៅ​ផ្សេងៗ​នៅតែ​សំខាន់​សម្រាប់​ជីវិត​រស់នៅ​របស់​មនុស្ស​ម្នាក់ និង​ចាំបាច់​សម្រាប់​ធានា​សន្តិសុខ​ស្បៀង​ក្នុងពេលដែល​មានការ​ប្រែប្រួល​អាកាសធាតុ​ឡើង​»​។​
 
​លោកស្រី​ក៏បាន​អំពាវនាវ​ឲ្យ​បណ្ត​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ប្រទេស​នីមួយៗ បន្ត​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មី ឬ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​ទឹកជា​ពិសេស​អភិវឌ្ឍ​គម្រោង​អភិបាលកិច្ច  ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ការគ្រប់គ្រង​ធនធានទឹក​នេះ​តែម្តង​។​
 
​ក្នុងករណី​ដែល​គេ​មិនមាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ដើម្បីរ​វិនិយោគ​ក្នុងការ​គ្រប់គ្រង​ទឹក​តាម​តម្រូវការ​ទេនោះ វា​ក្លាយជា​ឧបសគ្គ​ធំ​រារាំង​ការសម្រេច​ជោគជ័យ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ឆ្នាំ ២០១៥ ដើម្បី​កម្រិត​កំណើន​សីតុណ្ហភាព​ត្រឹម ១,៥ អង្សា​សេ ក្នុង​កម្រិត​មុន​សម័យ​ឧស្សាហកម្ម​។ បន្ថែម​ពី​នោះ គេ​ក៏​មិនអាច​សម្រេចបាន​គោលដៅ​ទី ៦ ស្តីពី​ការធានា និង​ការគ្រប់គ្រង​ទឹក​ដោយ​និរន្តរភាព នៃ​គោលដៅ​អភិវឌ្ឍ​ជា​ចីរភាព​នៃ​អង្គការសហប្រជាជាតិ​ដូចគ្នា​។  
 
​តាម​ធម្មតា​បញ្ហា​ទឹកជា​បញ្ហា​ប្រឈម​ថ្នាក់ជាតិ​របស់​ប្រទេស​នីមួយៗ ប៉ុន្តែ​បើសិនជា​មិនមាន​ការដោះស្រាយ​បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​ខ្លាំង​លើ​ពិភពលោក​ទាំងមូល​ផង​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ទទួលស្គាល់ថា កង្វះខាត​ទឹក​នេះ​ជា​គួរ​ឲ្យ​បារម្ភ​បំផុត​សម្រាប់​ពិភពលោក ហើយ​នៅត្រឹម​ឆ្នាំ ២០៥០ ៤០​ភាគរយ​នៃ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​នឹងត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​កក​ង្វះ​ទឹក​នេះ​។​
 
 បើតាម​សម្តី​ប្រមុខ​អង្គការសហប្រជាជាតិ​ដដែល អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះនោះ​គឺ កង្វះ​ទឹក​ប្រើប្រាស់​នឹង​បង្ក​ឲ្យ​មាន​ចលនា​ចំណាកស្រុក និង​បង្កើតជា​ជា​ជម្លោះ​ប្រដាប់អាវុធ និង​មាន​ផលប៉ះពាល់​ខ្លាំង​លើ​សេដ្ឋកិច្ច​ផង បើ​មិនមាន​ការគ្រប់គ្រង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ទេ​៕   
 
 

Tag:
 COP23
  Paris Climate Agreement
  ការគ្រប់គ្រង​ទឹក​
  SDG
© រក្សាសិទ្ធិដោយ thmeythmey.com