ជាតិ
ទេសភាព​ស្រះស្រង់​នា​រដូវវស្សា​
12, Nov 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
ស្រះស្រង់​មាន​បណ្តោយ ៧៨០​ម៉ែត្រ និង​ទទឹង ៣៨០​ម៉ែត្រ ត្រូវបាន​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យអង្គរ​ស្ថាបនា​ឡើង​នា​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣​។ ស្រះស្រង់​មានទឹក​ជាប្រចាំ​ទាំង​រដូវប្រាំង​និង​រដូវវស្សា ដោយ​ទទួល​ទឹក​ពី​ទឹកភ្លៀង និង​ទឹក​ក្រោម​ដី ដែល​ជ្រាបចូល​ពី​បារាយណ៍​ខាងកើត​។​

 
​ចាប់ពី​បារាយណ៍​ខាងកើត​រីង​ទឹក ធ្វើឱ្យ​ទឹក​ក្នុង​ស្រះស្រង់​បាន​ប្រែប្រួល​ផងដែរ ព្រោះ​រំពឹង​តែ​លើទឹក​ភ្លៀង​ប៉ុណ្ណោះ​។ ក្នុង​គោលបំណង​រក្សា​លំនឹង​ទឹក​ក្នុង​ស្រះស្រង់​ឱ្យបាន​ពេញ និង​មាន​ទេសភាព​ស្រស់ស្អាត ជាទី​គយគន់​នៃ​ភ្លៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នោះ មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ប្រឡាយ​បង្ហូរទឹក​ពី​ទំនប់​តា​នៀវ ចូលមក​ស្រះស្រង់ ដែលមាន​ប្រវែង ៧​គម​។​
 
​រដូវវស្សា​នា​ឆ្នាំនេះ ស្រះស្រង់​កំពុងមាន​ទេសភាព​ស្រស់ស្អាត ដោយសារ​មានទឹក​ថ្លាឈ្វេង​ពេញមាត់​ស្រះ ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​គយគន់​ហើយ លាន់មាត់​សរសើរ​មិន​ដាច់​។ ជា​រៀងរាល់​ព្រឹក ភ្ញៀវទេសចរ​បរទេស​ជាច្រើន​ដែល​តែង​មក​ទស្សនា​ថ្ងៃ​រះ​ឆ្លុះ​ចាំង​នឹង​ស្រះស្រង់​មាន​ពណ៌​មាស​យ៉ាង​ស្រះ​ស្អាត​។​
 
​យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ ស្រះស្រង់​ពុំមាន​តួនាទី​ជា​អាង​ស្តុក​ទឹក​សម្រាប់​ការងារ​កសិកម្ម​ទេ តែ​ជា​ស្រះ​កម្សាន្ត​របស់​ព្រះរាជា​សម័យបុរាណ និង​មានកូន​ប្រាសាទតូច​មួយ​នៅ​ចំ​កណ្តាល ដែល​គេ​អាច​ឃើញ​កូន​ប្រាសាទ​នេះ​តែ​ក្នុង​រដូវប្រាំង​ដែលមាន​ទឹក​រាក់​ខ្លាំង​ប៉ុណ្ណោះ​៕

​អត្ថបទ និង​រូបភាព ផ្តល់​សិទ្ធិ​ដោយ អាជ្ញាធរ​ជាតិ​អប្សរា​
 
​សូម​ទស្សនា​ទិដ្ឋភាព​ស្រះស្រង់​នាពេលនេះ​ដូចតទៅ​៖


















© រក្សាសិទ្ធិដោយ thmeythmey.com