ជាតិ
លោក ពូ សុធីរៈ បាន​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋាភិបាល​ជប៉ុន​
12, Nov 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​លោក ពូ សុធីរៈ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ និង​សន្តិភាព កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​សរ​ទរ​រដូវ​ឆ្នាំ​២០១៧ ពី​រដ្ឋាភិបាល​ជប៉ុន​។​

 
«​គ្រឿង​ឥស្សរិយយស The Order of the Rising Sun, Gold and Silver Star ត្រូវបាន​ផ្ដល់ជូន​ដើម្បី​ទទួលស្គាល់​ការចូលរួម​វិភាគទាន​របស់លោក ពូ សុធីរៈ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ក្នុង​វិស័យ​សិក្សាធិការ និង​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​
 
​សូមបញ្ជាក់ថា កាល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​អំពី​ជនបរទេស​ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​សរ​ទ​រដូវ​ឆ្នាំ​២០១៧​។ លោក ពូ សុធីរៈ នាយក​ប្រតិ​ប​ត្ដិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហ​ប្រតិ​ប​ត្ដិ​ការ និង​សន្ដិភាព គឺជា​ឥស្សរជន​មួយរូប​ក្នុងចំណោម​នោះ​។ 
 
​យោងតាម​ស្ថានទូត​ជប៉ុន ចាប់តាំងពី​ឆ្នាំ​២០០៥ ដែល​លោក ពូ សុធីរៈ ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន លោក​បានរួម​ចំណែក​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​មិន​ត្រឹមតែ​ក្នុងតួនាទី​ជា​ឯកអគ្គរាជទូត​ប៉ុណ្ណោះ​ទេ តែ​ក្នុង​តំណែង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏ដូចជា​នាយក​ប្រតិ​ប​ត្ដិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហ​ប្រតិ​ប​ត្ដិ​ការ និង​សន្ដិភាព​ផងដែរ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ​។​
 
​លោក ពូ សុធីរៈ បាន​ចូលរួម​ក្នុង​ពិធី​ទទួល​គ្រឿង​ឥស្សរិយយស និង​ត្រូវបាន​រាជានុញ្ញាត​ឲ្យ​ចូលគាល់​ព្រះ​ចៅ​អធិរាជ​នៅឯ​ព្រះបរមរាជវាំង​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧៕
 


Tag:
 ពូ សុធីរៈ​
  ឥស្សរិយយស​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com