ជាតិ
តំណាងរាស្ត្រ CNRP អាច​បើកប្រាក់​បំណាច់​ក្នុង​ខែវិច្ឆិកា​នេះ មិនបាន បើ​បក្ស​ខ្លួន ត្រូវ​រំលាយ​
13, Nov 2017 , 3:39 pm        
រូបភាព
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា។ រូបភាពពីរដ្ឋសភា
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា។ រូបភាពពីរដ្ឋសភា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រសិនបើ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ តុលាការ​កំពូល ពិតជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​មែន តំណាងរាស្ត្រ​ទាំង​៥៥​រូប​នៃ​គណបក្ស​នេះ នឹង​លែងមាន​ឈ្មោះ​ជា​តំណាងរាស្ត្រ​ហើយ ដូច្នេះ​ចាប់ពី​ថ្ងៃនោះ​តទៅ ពួកគាត់ ក៏​អស់សិទ្ធិ​បើកប្រាក់​បំណាច់​ប្រចាំខែ ពី​រដ្ឋសភា​ទៀត​ដែរ​។ នេះ​ជាការ​អះអាង​របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​។​



​លោក ឡេង ប៉េងឡុង បន្តថា សូម្បីតែ​ប្រាក់​បំណាច់​ក្នុង​ខែវិច្ឆិកា​នេះ ក៏​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែលជា​បើក​មិនបាន​ដែរ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​តាមច្បាប់ តែ​កាលណា​រំលាយ​គណបក្ស​ចោល​ហើយ ប្រាក់ខែ គឺ​ត្រូវ​កាត់​នៅពេលនោះ​ហើយ​»​។ បើតាម​អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ ប្រាក់​បំណាច់​បច្ចុប្បន្នរ​បស់​តំណាងរាស្ត្រ គឺ​ប្រមាណ​ជា ១៥​លាន​រៀល​ក្នុង​មួយខែ​។

​យ៉ាងណា​ក៏ដោយចុះ លោក ឡេង ប៉េងឡុង បាន​និយាយថា រដ្ឋសភា នឹង​កាត់​ប្រាក់​បំណាច់​ប្រចាំខែ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​មាន​វិធានការ​អ្វី​ផ្សេង គឺ​ចាំមើល​ព្រឹត្តិការណ៍​ជាក់ស្តែង​សិន​។ លោក បន្ថែមថា ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល​មែន​ក៏ដោយ ក៏​រដ្ឋសភា ត្រូវតែ​រង់ចាំ​របាយការណ៍​ពី​តុលាការ​កំពូល​ជាមុន​ដែរ ហើយ​បន្ទាប់មក ទើប​សម្រេច​ជា​ផ្លូវការ​ថា ត្រូវធ្វើ​យ៉ាងម៉េច​។

​ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​តំណាងរាស្ត្រ​ក៏ដូចជា​អ្នកនាំពាក្យ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ដោយសារតែ​មិន​លើក​ទូរ​សព្ទ​៕



Tag:
 ​ប្រាក់ខែ​
  រដ្ឋសភា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com