ជាតិ
សមត្ថកិច្ច បាន​បញ្ជូន​អតីត​បុគ្គលិក​អាស៊ីសេរី ទៅ​ស្នងការដ្ឋាន​នគរបាល ក្រោយ​ឆែកឆេរ​រក​ភស្តុតាង​បន្ថែម​
15, Nov 2017 , 3:54 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក យាង សុជាមេត្តា៖ រាប់ពីឆ្វេងលោក អ៊ួន ឈិន លោក យាង សុជាមេត្តា (ខាងស្តាំ)
រូបពីហ្វេសប៊ុកលោក យាង សុជាមេត្តា៖ រាប់ពីឆ្វេងលោក អ៊ួន ឈិន លោក យាង សុជាមេត្តា (ខាងស្តាំ)
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​បញ្ជូន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ២​នាក់ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយពី​បញ្ចប់​ការស្វែងរក​ភស្តុតាង នៅក្នុង​ផ្ទះសំណាក់​ម៉ា​រ៉ា​ឌី ដែល​ត្រូវបាន​អាជ្ញាធរ​សង្ស័យថា លួច​ផលិត​ព័ត៌មាន​ពី​កម្ពុជា ហើយ​ផ្ញើ​ទៅ​ស្ថាប័ន​អាស៊ីសេរី ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋអាមេរិក ។ ស្ថាប័ន​វិទ្យុ​អាស៊ីសេរី បាន​ផ្អាក​ការិយាល័យ​នៅ​ភ្នំពេញ កាលពី​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០១៧ កន្លងមក​។​



​អតីត​បុគ្គលិក​អាស៊ីសេរី​២​នាក់ គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិ​ន ហៅ យាង សុជា​មេត្តា ត្រូវបាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌមានជ័យ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី ១៤ វិច្ឆិកា ក្រោម​ហេតុផល​ថា ពួកគេ​បានរៀបចំ​បើក​អាជីវកម្ម​ថតរូប​មិនបាន​សុំច្បាប់​អនុញ្ញាត និង លួច​ផលិត​ព័ត៌មាន​ផ្ញើ​ទៅ​ក្រៅប្រទេស​។

​មកដល់ពេលនេះ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​បន្ត​នីតិវិធី​សាកសួរ​បន្ថែមទៀត ក្រោយពី​អាជ្ញាធរ បាន​នាំខ្លួន​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​រូបនេះ មក​ឆែកឆេរ​រក​ភស្តុតាង​នៅផ្ទះ​សំណាក់​ម៉ា​រ៉ា​ឌី ដែល​ពួកគាត់​បាន​ជួល​ស្នាក់នៅ និង​រៀបចំ​កន្លែង​ស្ទូឌីយូ​។

​ប៉ុន្តែ​ជុំវិញ​ការសង្ស័យ​របស់​សមត្ថ​កិច្ច​នេះ ត្រូវបាន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក អ៊ួ​ន ឈិន បាន​លើកឡើងថា លោក​បាន​ជួល​បន្ទប់​ផ្ទះសំណាក់​មួយ​នេះ ដើម្បី​បើក​ជា​ស្ទូឌីយូ​សម្រាប់​ច្រៀង​ខារ៉ាអូខេ ថត​វីដេអូ​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ ឬ​ពិធីបុណ្យ​ផ្សេងៗ និង​គ្រោង​រៀបចំ​ថត​ចម្រៀង​សម្រាប់​លក់
​កម្សាន្ត​ជា​គ្រួសារ​ប៉ុណ្ណោះ​។ នេះ​បើតាម​កំណត់ហេតុ​របស់​អាជ្ញាធ​រ​ខណ្ឌមានជ័យ ដែល​បាន​សួរនាំ​លោក អ៊ួ​ន ឈិន​។​

​វិទ្យុ​អាស៊ីសេរី ដែលមាន​វត្ត​មាននៅ​កម្ពុជា​ជិត​២០​ឆ្នាំ មកហើយ​នោះ បានប្រកាស​ផ្អាក​ការិយាល័យ​ព័ត៌មាន នៅ​រាជធានី​ភ្នំពេញ​មួយរយៈ​សិន កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ។ វិទ្យុ​អាស៊ីសេរី បាន​អះអាងថា ការចាត់​វិធាន​ក្តៅ​របស់​រដ្ឋាភិបាល​កម្ពុ​ជា គឺជា​មូល​ហេតុដែល​ខ្លួន​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការិយាល័យ​ព័ត៌មាន​៕


Tag:
 ​អាស៊ីសេរី​
  RFA
© រក្សាសិទ្ធិដោយ thmeythmey.com