ជាតិ
មហាផ្ទៃ ស្នើឲ្យរតនាគារជាតិបង្កកប្រាក់ខែក្រុមប្រឹក្សាឃុំ សង្កាត់ CNRP
× ក្រសួងមហាផ្ទៃ បានស្នើអគ្គនាយកដ្ឋានរតនាគាជាតិ ឲ្យបង្កកប្រាក់ខែរបស់មន្ត្រីក្រុមប្រឹក្សាឃុំ/សង្កាត់ នៃគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ។ ការបង្កកប្រាក់ខែនេះដោយសារគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលប្រកាសរំលាយជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដោយផ្អែកតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ករណីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការ នោះបញ្ជីបេក្ខជន និងសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ ទាំងអស់នៃគណបក្សនេះ លែងមានសុពលភាព និងគុណសម្បត្តិតទៅទៀតហើយ។ នេះបើតាមលិខិតរបស់អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃលោក ប្រាក់ សំអឿន ដែលបានបន្ដដូច្នេះ៖«ហេតុនេះក្រសួងមហាផ្ទៃ សូមស្នើ(រតនាគារជាតិ)បង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ពីគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ»។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលប្រកាសរំលាយជាស្ថាពរនៅថ្ងៃទី១៦ ខែវិច្ឆិកា។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ ក៏ត្រូវបានតុលាការសម្រេចផ្អាកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com