ជាតិ
គ.ជ.ប ឲ្យបក្ស៦ដែលត្រូវបានកៅអីសភា រៀបចំបញ្ជីឈ្មោះបេក្ខជន
× គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានជូនដំណឹងដល់គណបក្សនយោបាយចំនួន៦ ដែលត្រូវទទួលបានអាសនៈសភា ឲ្យផ្តល់ព័ត៌មានចាំបាច់មួយចំនួន ដើម្បីឲ្យខ្លួន ចាត់ចែងអនុវត្តការបែងចែកអាសនៈដែលនៅទំនេរ។ ការអនុវត្តការបែងចែកអាសនៈនេះ ធ្វើឡើងតាមវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
តាមវិសោធនកម្មច្បាប់នេះ អាសនៈទាំង៥៥ ក្នុងរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ នឹងត្រូវបែងចែកទៅឲ្យគណបក្សនានាក្នុងអំឡុងពេលយ៉ាងយូរ៧ថ្ងៃ លើកលែងតែគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ គណបក្សនយោបាយទាំង៦ ដែលត្រូវទទួលបានអាសៈពីការបែងចែកនេះ រួមមានគណបក្សហ្វ៊ុន ស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
សូមជម្រាបថាកន្លងមក គណបក្សគណបក្សហ្វ៊ុន ស៊ិនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា បានប្រកាសទទួលយកកៅអីសភា ដែលនឹងបែងចែកនេះ ខណៈគណបក្ស៤ទៀត បានរក្សាភាពស្ងៀមស្ងាត់។
បើយោងតាមខ្លឹមសារថ្មី នៃវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសអនុវត្តនៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៧កន្លងទៅ ប្រសិនបើបក្សទាំង៤នេះ មិនយកអាសនៈសភាដែលនៅសល់ នោះអាសនៈដែលសល់ពីការបែងចែក នឹងធ្លាក់ទៅគណបក្ស ប្រជាជនកម្ពុជា។
ចំណែកអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥,០០៧ របស់គណបក្សសង្គ្រោះជាតិ ក៏នឹងត្រូវបែងចែកទៅគណបក្សផ្សេង យ៉ាងយូរ២សប្តាហ៍ខាងមុខដែរ៕
Tag:
គ.ជ.ប
អាសនៈសភា
កៅអីសភា
© រក្សាសិទ្ធិដោយ thmeythmey.com