អន្តរជាតិ
ប្រធានាធិបតី​ស៊ីម​បា​វ៉េ ទុកពេល​បី​ខែ​ឲ្យ​ជន​ពុករលួយ​ប្រគល់​លុយ​និង​ទ្រព្យ​ឲ្យ​រដ្ឋ​វិញ
29, Nov 2017 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​ថ្មី​ស៊ីម​បា​វ៉េ លោក Emmerson Mnangagwa បានកំណត់​ពេល​បី​ខែ​ដើម្បី​លើកលែងទោស​ដល់​បុគ្គល ឬ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​ព្រម​ប្រគល់​លុយ ឬ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​បាន​លួច ហើយ​លាក់​នៅ​បរទេស​។ បើ​មិន​ធ្វើតាម​បញ្ជា​ទេ​ពួកគេ​នឹង​ប្រឈម​ការចាប់ខ្លួន និង​កាត់ទោស​។



​ក្រុមហ៊ុន ឬ​បុគ្គល​ដែលមាន​លុយ និង​មានទ្រព្យ​សម្បត្តិ​នៅ​បរទេស​ដែល​បាន​ពី​ការកេងប្រវ័ញ្ច​រដ្ឋ​នោះ​មាន​រយៈពេល​បី​ខែ​ដើម្បី​ចូលខ្លួន​មក​ប្រគល់​ឲ្យ​រដ្ឋាភិបាល​វិញ ដើម្បី​អាច​រួច​ផុតពី​ការចាប់ខ្លួន​និង​កាត់ទោស​តាមច្បាប់​។ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹងត្រូវ​ចាប់ខ្លួន និង​ត្រូវ​កាត់ទោស​។ 

​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ផ្សាយ​ថា បទបញ្ជា​ដែល​ពេលវេលា​បី​ខែ​សម្រាប់​ការលើកលែងទោស​នេះ​ត្រូវបាន​ប្រកាស​ដោយ​ប្រធានាធិបតី Mnangagwa ផ្ទាល់មាត់​នៅ​ថ្ងៃ​អង្គារ​ទី ២៨ ខែវិច្ឆិកា​នេះ​។  ហើយ​វា​នឹង​ចាប់ផ្តើម​ពីថ្ងៃ ១ ខែធ្នូ​ទៅដល់​ចុងខែ​កុម្ភៈ​ឆ្នាំ ២០១៨​។

«​ការ​លួច​លុយ​រដ្ឋ​ជា​បទឧក្រិដ្ឋ​ប្រឆាំង​ប្រជាជាតិ​ស៊ីម​បា​វ៉េ​។ ជំហាន​ដំបូង​ដើម្បី​ទាញយក​លុយ​ឬ​ទ្រព្យ​ដែល​ត្រូវបាន​បញ្ជូនទៅ​បរទេស​ដោយ​ខុសច្បាប់ រដ្ឋាភិបាល​ស៊ីម​បា​វ៉េ​សម្រេច​ទុកពេល​បី​ខែ​ឲ្យ​រាល់​បុគ្គល​ឬ​ក្រុមហ៊ុន​ទាំងអស់​ដែល​ពាក់ព័ន្ធ​សកម្ម​ភាពមិន​ត្រឹមត្រូវ​ទាំងអស់​ប្រមែរ​ប្រមូល​ទ្រព្យ និង​លុយ​ទាំងនោះ​មកវិញ​។ ពួកគេ​នឹងមិន​ប្រឈមមុខ​នឹង​ការ​ចោទសួរ ឬ​ចោទប្រកាន់​អ្វី​ឡើយ​»​។ ប្រធានាធិបតី Mnangagwa បានលើកឡើង​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។

​ប្រធានាធិបតី​រូបនេះ​ក៏បាន​ប្រកាស​ឲ្យ​រាល់​បុគ្គល​ឬ ក្រុមហ៊ុន​ដែល​ស្ថិតក្រោម​បទបញ្ជា​នេះ​ដែល​មានបំណង​អនុវត្តតាម ត្រូវ​ទាក់ទង​ធនាគារជាតិ​ស៊ីម​បា​វ៉េ​ដើម្បី​ជួយ​សម្រួល និង​ផ្ទេរ​លុយ​ត្រឡប់​វិញ​។ ក្នុងពេលដែល​បទបញ្ជា​ផុតកំណត់ លោក​ប្រធានាធិបតី​ខាងលើ​សង្កត់ធ្ងន់ថា  រដ្ឋាភិបាល​លោក​នឹង​ចាប់ផ្តើម​ចាប់ខ្លួន​រាល់​មនុស្ស​ដែល​មិន​អនុវត្តតាម​បទបញ្ជា​របស់ខ្លួន​តែម្តង​។

​តាមពិតទៅ ការដាក់ចេញ​បញ្ជា​បែបនេះ ធ្វើឡើង​ក្រោយ​លោក Mnangagwa ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ជំនួស​លោក រ៉ូបឺត មូ​ហ្កា​បេ ដែល​បង្ខំចិត្ត​ចុះចេញ​ពី​តំណែង​កាលពី​ថ្ងៃ ២១ វិច្ឆិកា​ដោយសារ​រដ្ឋប្រហារ​យោធា​។ ប្រធានាធិបតី​ថ្មី​បាន​រកឃើញ មាន​ករណី​កិបកេង​និង​លួច​លុយ ឬ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ជាច្រើន​កើតឡើង​កន្លងមក​ដែល​វា​ចាំបាច់​ត្រូវ​ដោះស្រាយ​៕


Tag:
 ស៊ី​បា​វ៉េ​
  Emmerson Mnangagwa
  រ៉ូបឺត មូ​ហ្កា​បេ​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com