បទយកការណ៍ / បទសម្ភាសន៍
លោក នី សុខា​៖ ខ្ញុំ​ធ្វើ​ការងារ​សិទ្ធិមនុស្ស​មិនមែន​ផ្គាប់ចិត្ត​បរទេស​ទេ តែ​ដើម្បី​មុខមាត់​ប្រទេសជាតិ​
10, Dec 2017 , 8:59 am        
រូបភាព
ភ្នំពេញ​៖ គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​៥​ខែ ១១​ថ្ងៃ​ហើយ ដែល​លោក នី សុខា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក បាន​មាន​សេរីភាព រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ​។ លោក នី សុខា រួមទាំង​សមាជិក និង​អតីតមន្ត្រី​អាដហុក​៤​នាក់​ទៀត បាន​ជាប់ពន្ធនាគារ អស់​រយៈពេល ៤២៧ ថ្ងៃ​ក្នុង​សំណុំរឿង​អាស្រូវ របស់​អ្នកនយោបាយ​មួយ រវាង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ និង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ។ តែ​បញ្ហា​នេះ មិនបាន​ធ្វើ​ឲ្យ​លោក នី សុខា ចុះ​ញ៉ម​នឹង​ការងារ​សិទ្ធិមនុស្ស​នេះឡើយ ប៉ុន្តែ​វា​ក្លាយទៅជា​មេរៀន​មួយ សម្រាប់​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ បំពេញការងារ​ប្រុងប្រយ័ត្ន​ជាង​មុន​។​

​បើ​ក្រឡេកមើល​ក្រោយ កាលពី​ជាង​១​ឆ្នាំមុន លោក នី សុខា ព្រមទាំង​សមាជិក និង​អតីតមន្ត្រី​អាដហុក​៤​នាក់​ទៀត​រួមមាន លោក ណៃ វង់​ដា លោក យី សុខសាន្ត លោកស្រី លឹម មុន្នី និង​លោក នី ចរិយា គឺ​ស្ថិតនៅក្នុង​សំលៀកបំពាក់​ពណ៌​ទឹកក្រូច ដៃ​ជាប់​ខ្នោះ ហើយ​មាន​មន្ត្រី​សមត្ថកិច្ច​ក្រៀក​អម​សងខាង ដើម្បី​នាំ​ពួកគាត់​ចេញ​-​ចូល សួរចម្លើយ​ជុំវិញ​រឿងអាស្រូវ​របស់​អ្នកនយោបាយ​មួយ រវាង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ និង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​។ 
 
​ដើមឡើយ លោក នី សុខា ព្រមទាំង​សមាជិក​អាដហុក​៣​រូប​ទៀត គឺជា​អ្នក​ចេញមុខ​ជួយ​ដោះស្រាយ​បញ្ហា​របស់​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​បាន​ពឹង​ឲ្យ​សមាគម​អាដហុក ជួយ​ដោះស្រាយ​បញ្ហា​សំឡេង​ខ្សែអាត់ សាងសង​ស្នេហា​របស់​នាង និង​បុរស​ម្នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយពី​បន្ត​ជួយ​ដោះស្រាយ​មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​មានការ​ប្រែប្រួល​ថ្មី​មួយ ដោយ​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ បែរជា​ដាក់ពាក្យ​បណ្ដឹង ទៅ​តុលា​ការប្ដឹង​មកលើ លោក នី សុខា ព្រមទាំង​សមាជិក និង​អតីតមន្ត្រី​អាដហុក​៤​រូប​ទៀត​ទៅវិញ​។​

  
 
​តាមរយៈ​ពាក្យបណ្ដឹង​នេះ ក៏មាន​ចំណាត់ការ​ពី​តុលាការ រួមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត មកលើ​អ្នក​ទាំង​៥​នាក់​នេះ​ផងដែរ​។ ក្រោយ​បញ្ចប់​ការស៊ើបអង្កេត និង​សាកសួរ​នោះ តុលាការ​បានសម្រេច​ចោទ មន្ត្រី​អាដហុក ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ តុលាការ រកឃើញថា អ្នក​ទាំង​៥ បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ និង លោក កឹម សុខា​។​
 
​តែ​យ៉ាងណា តុលាការ​បានសម្រេច​ដោះលែង មន្ត្រី​អាដហុក និង គ​.​ជ​.​ប ទាំង​៥​រូប ឲ្យ​មាន​សេរីភាព​បណ្ដោះអាសន្ន​វិញ កាល​ថ្ងៃទី​២៩ មិថុនា ឆ្នាំ​២០១៧ ក្រោយពី​ជាប់ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​១​ឆ្នាំ​។ លោក នី សុខា ដែល​ទើប​ចេញពី​ពន្ធនាគារ​ជាង​៥​ខែ​នេះ ប្ដេជ្ញា​យក​បទពិសោធន៍​ជាប់ទោស​ដ៏​ជូរចត់​មួយ​នេះ មក​បំពេញការងារ​សិទ្ធិមនុស្ស​នេះ ដោយមាន​ភាព​ពុះពោរ និង​ការប្រយ័ត្នប្រយែង​ជាង​មុន​។      «​យើង​ហាក់បី​ជា​សោកស្ដាយ​ខ្លាំង  ត្រង់​ថា ការយល់ច្រឡំ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នេះ ទៅជា​រឿង​រំលោភ​ទៅលើ​គោលការណ៍​ច្បាប់​ទៅវិញ ដោយសារតែ​យើង​ជា​អ្នកធ្វើការ​សង្គម យើង​តែងតែ​ជួយ​មនុស្ស​នូវ​គ្រប់​និន្នាការ​ទាំងអស់ ដោយ​មិន​ប្រកាន់​ទេ​…​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ជួបប្រទះ​ពេលនេះ (​ជាប់ឃុំ​) វា​គឺជា​បទពិសោធន៍ សម្រាប់​យើង​ធ្វើការ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន នេះ​ជា​បទពិសោធន៍​ថ្មី​មួយ​។ ជារួម យើង​សោកស្ដាយ​ខ្លាំងណាស់​ចំពោះ​រឿងនេះ ដោយសារ​មានការ​ភាន់ច្រឡំ ពី​សំណាក់​រដ្ឋាភិបាល​»​។ 
 
​ខ្ញុំ​ធ្វើ​ការងារ​សិទ្ធិមនុស្ស​មិនមែន​ផ្គាប់ចិត្ត​បរទេស​ទេ តែ​ដើម្បី​មុខមាត់​ប្រទេសជាតិ​
 
​នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ គោលការណ៍ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បញ្ចប់​នូវ​សោកនាដកម្ម ជម្លោះ​សង្គ្រាម​ដោយ​ហិង្សា​ដាក់គ្នា​រវាង​ខ្មែរ និង​ខ្មែរ ហើយ​ព្រមព្រៀងគ្នា​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស បាន​លេចចេញ​ជា​រូបរាង​ឡើង​។ ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ សមាគម​អាដហុក​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា បាន​បង្កើតឡើង​នៅ​ខែធ្នូ ឆ្នាំ​១៩៩១ ។ ការសម្រេចចិត្ត​ចូល​បម្រើ​ការងារ​ការពា​រ​សិទ្ធិមនុស្ស​នេះ នៅក្នុង​អង្គការក្រៅរដ្ឋាភិបាល ដែល​ប្រើប្រាស់​មូលនិធិ​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក ក៏​ជា​បញ្ហា​ធំ​មួយ​ដែរ របស់លោក នី សុខា ។ 

  
 
​ការចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​សិទ្ធិមនុស្ស ការ​ចុះជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​រងគ្រោះ ដោយសារ​រំលោភសិទ្ធិ ពី​សំណាក់​អ្នកមានអំណាច ការផ្ដល់​មតិ​ដំណោះស្រាយ លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺជា​បេសកកម្ម​របស់ លោក នី សុខា​។ តាមរយៈ​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​នេះ វា​មិនបាន​ផ្ដល់​ផលចំណេញ​ដល់​លោក នី សុខា ក្រៅពី​ការនាំ​ទុក្ខ​មក​ដាក់ខ្លួន​នោះទេ​។ បុរស​វ័យ​៥២​រូបនេះ បាន​រម្លឹក​ដូច្នេះ​ថា​៖«​យើង​ក៏​បានដឹងហើយថា ជាធម្មតា​កាលណា​យើង​ធ្វើ​ការងារ​លើ​វិស័យ​សិទ្ធិមនុស្ស ពិសេស​អ្នក​ដែល​គេ​មិន​ចូលចិត្ត​សិទ្ធិមនុស្ស គេ​មិន​ស្រលាញ់​យើង​ទេ​។ ជាទូទៅ​មិនមែន​ទើប​មាន​លើក​ហ្នឹង​ទេ បានន័យថា ការចាប់​ឃុំខ្លួន​ខ្ញុំ​នេះ វា​ទើបតែ​ម្ដង​ទេ ប៉ុន្តែ​ការគំរាមកំហែង​វា​មាន​ច្រើនដង​ហើយ សម្រាប់​ពួក​ខ្ញុំ​។ ជាពិសេស អ្នក​ដែល​យើង​អនុវត្ត​ការងារ​ប៉ះពាល់​ផលប្រយោជន៍​បុគ្គល​គាត់ ពួកគាត់​តែងតែ​មិន​សប្បាយចិត្ត បើទោះជា​ពួកគេ​ខុស​ក៏ដោយ​។ ដូច្នេះ​តែងតែមាន​ការបោះ​ពាក្យសម្ដី​ឃ្លាំ មើល​សកម្មភាព​ពួកយើង​ជា​ហូរហែ​មកហើយ​»​។​
 
​ជាការ​ងារ​ដែល​ប្រឈមមុខ​នឹង​បញ្ហា​ច្រើន​នោះ លោក នី សុខា គេច​មិន​ផុតពី​ការរង​គ្រោះ ដោយសារ​ការងារ​ការ​ពារ​សិទ្ធិមនុស្ស​នេះឡើយ​។ រយៈពេល ៤២៧ ថ្ងៃ ដែល​លោក នី សុខា រួមទាំង​សមាជិក និង​អតីតមន្ត្រី​អាដហុក​៤​នាក់​ទៀត ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។ ស្ថិតនៅក្នុង​ក្រសែភ្នែក​រដ្ឋាភិបាល បាន​វាយតម្លៃថា ក្រុម​ការពារ​សិទ្ធិមនុស្ស និង​អង្គការ​ដទៃទៀត សុទ្ធតែ​មនុស្ស​អាក្រក់ ដែល​តែងតែ​ទទួល​លុយ​ពី​បរទេស ដើម្បី​មក​វាយប្រហារ​រដ្ឋាភិបាល​ខ្លួន​។​
 
​នៅពេល​សួរថា តើ​លោក​ពិតជា​ធ្វើតាម​បង្គាប់​បរទេស ដើម្បី​ផលប្រយោជន៍​ខ្លួន​? បុរស​សម្បុរ​សរូប​នេះ បាន​ឆ្លើយ​យ៉ាង​ម៉ឹងម៉ាត់​ថា លោក​គ្រាន់តែ​ចង់​ធ្វើជា​កញ្ចក់​ឆ្លុះបញ្ចាំង ពី​ការពិត​នៅក្នុង​សង្គម ហើយ​មិនបាន​ផ្គាប់ចិត្ត​បរទេស ដើម្បី​ប្រយោជន៍​ខ្លួន​ឡើយ​។ «​នៅពេលដែល​យើង​លើកយក​ចំណុច​ខ្វះខាត​ប្រាប់    រដ្ឋាភិបាល តែ​បែរជា​គាត់​គិតថា ពួកយើង​រិះគន់ វាយប្រហារ រដ្ឋាភិបាល​ទៅវិញ ត្រង់​ហ្នឹងហើយ បាន​ថា រដ្ឋាភិបាល មិនគួរ​យល់​បែបនេះ​ទេ​។ ហើយ​ខ្ញុំ​ខាង​សង្គម​ស៊ីវិល ប្រៀបបាន​ដូចជា​កញ្ចក់​ឆ្លុះបញ្ចាំង រដ្ឋាភិបាល​ថា តើ​រដ្ឋាភិបាល​ដើរ​លើផ្លូវ​ត្រឹមត្រូវ លើ​គោលការណ៍​សិទ្ធិមនុស្ស​អត់​? ហើយ​អ្វីដែល​ខ្ញុំ​ធ្វើ គឺ​យើង​អត់​ធ្វើ​ឈរលើ​គោលការណ៍​ខាង​ណា​ទេ រាប់ទាំង​ម្ចាស់​លុយ​ផង​។ ថ្វីដ្បិតតែ​យើង​ទទួល​លុយ​ពី​បរទេស​មែន ប៉ុន្តែ​បរទេស​មិនអាច​បង្គាប់បញ្ជា​យើង ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ តាម​អំពើ​ចិត្ត​ពួកគេ​ទេ​។ តែ​យើង​ធ្វើការ​លើ​គោលការណ៍​សិទ្ធិមនុស្ស​ទាំងអស់ ដើម្បី​លើកមុខ​មាត់​ប្រទេសជាតិ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក នី សុខា ដែល​បន្ថែមថា ខាង​សមាគម​អាដហុក បានទទួល​ជំនួយ​ពី​ខាង​រដ្ឋាភិបាល​អា​មេរិ​ក បារាំង សហគម​អឺរ៉ុប និង​អាល្លឺម៉ង់​ជាដើម​។​
 
​ទទួល​ពានរង្វាន់ Martin Ennals Award ឆ្នាំ​២០១៧
 
​នៅ​ថ្ងៃទី​២៦ មេសា ឆ្នាំ​២០១៧ ការរង​ទុក្ខ​របស់ លោក នី សុខា ដែល​ជាប់​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​នោះ បានក្លាយ​ទៅជា​ការលើក​ទឹកចិត្ត​មួយ ក្នុង​ជីវិត​ការងារ​ការពារ​សិទ្ធមនុស្ស​របស់លោក អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​។ លោក នី សុខា រួមទាំង លោក ណៃ វង់​ដា លោក យី សុខសាន្ត លោកស្រី លឹម មុន្នី និង​លោក នី ចរិយា ត្រូវបាន​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ សម្រេច​ជ្រើសរើស​ជា​បេក្ខជន​ផ្ដាច់ព្រ័ត្រ សម្រាប់​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស Martin Ennals Award ប្រចាំឆ្នាំ​២០១៧ ជាមួយ​កញ្ញា កាល​ឡា អា​វ៉េ​ឡា អ្នកធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា នៃ​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ (El Salvador) និង លោក មហា​មេ​ដ ស្សា​រ៉ី គឺជា​នាយក​ប្រចាំ​ប្រទេស​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​អំពី​សិទ្ធិមនុស្ស នៃ​ប្រទេស​អេ​ហ្ស៊ី​ប (Egypt) ។ 

  
 
​ពានរង្វាន់ Martin Ennals Award សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​ក្រោម​កិច្ចសហការ​រួមគ្នា រវាង​អង្គការ​ការពារ​សិទ្ធិមនុស្ស​នាំមុខគេ​ចំនួន​១០​នៅលើ​ពិភពលោក រួមទាំង​អង្គការ Amnesty International អង្គការ Human Rights Watch និង​អង្គការ Front Line Defenders ជាដើម​។​
​ប៉ុន្តែ​លោក នី សុខា រួមទាំង​អ្នក​ជាប់​ឃុំខ្លួន​៤​នាក់​ទៀត​នេះ មិនបាន​ទៅ​ទទួល​ពានរង្វាន់​នេះ ដោយផ្ទាល់​ទេ ដោយបាន​ឲ្យ​កូនស្រី​ខ្លួន និង​កូនស្រី​លោក យី សុខ​សាន ធ្វើជា​តំណាង​ទៅ​ពានរង្វាន់​នេះ​ជំនួស​ខ្លួន កាលពី​ថ្ងៃទី​១០ ខែតុលា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​នេះ វា​ហាក់ដូចជា​ឱសថ​ព្យាបាល​កម្លាំងចិត្ត​មួយ ដែល​ជំរុញ​ឲ្យ​លោក នី សុខា បន្តសកម្មភាព​ការងារ​ដោយ​មិន​ភ័យខ្លាច និង​រួញរា​ឡើយ​។​
 
​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា​ជាការ​ជួយផ្ដល់​កម្លាំងចិត្ត ក្នុងការ​លើកទឹកចិត្ត​ដល់​សកម្មជន​អ្នកធ្វើការ​សិទ្ធិមនុស្ស ក្នុងការ​លះបង់​ដើម្បី​សិទ្ធិ​សេរី​។ ព្រោះ​អ្នកធ្វើការងារ​សិទ្ធិមនុស្ស​គ្មាន​ចង់​មានបាន​ផលប្រយោជន៍​អ្វី ក្រៅពី​ការលើកស្ទួយ​សិទ្ធិមនុស្ស ដែល​ខ្លួន​ស្រលាញ់​ទេ​។ ដូច្នេះហើយ​បានជា​គេ​មើលឃើញ​ពី​តម្លៃ​នេះ និង​ភាព​សកម្ម​នៃ​ការការពារ​សិទ្ធិមនុស្ស រហូតដល់​មាន​បញ្ហា​ជាប់ទោស​នេះហើយ ដែល​ធ្វើ​ឲ្យ​គេ​ពិចារណា​ប្រគល់​ឲ្យ​មក​ពួកយើង​…​។ ហើយ​ការទទួលបាន​ពាន​នេះ មិនមែនជា​ការលើកទឹកចិត្ត​យើង ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​ទេ ដូច្នេះ​រដ្ឋាភិបាល​កុំ​មានការ​យល់ច្រឡំ​។ ប៉ុន្តែ​វា​ជាការ​លើកទឹកចិត្ត​ឲ្យ​យើង បន្ត​ចូលរួម​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស ជាមួយ​រដ្ឋាភិបាល​ទៅវិញ​ទេ​»​។​
 
​ពី​ទាហាន​មក​ក្លាយជា​អ្នកការពារ​សិទ្ធមនុស្ស​

​កើត​នៅ​ឆ្នាំ​១៩៦៥ កុមារា នី សុខា គឺជា​កូន​ទី​៣​ក្នុងចំណោម​បងប្អូន​៦ ក្នុង​គ្រួសារ​អ្នករក​ស៊ីតូច​មួយ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ស្ថិតនៅក្នុង​វ័យ​១០​ឆ្នាំ កុមារា នី សុខា និង​ក្រុមគ្រួសារ​ក៏បាន​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ ទៅ​រស់នៅក្នុង​ស្រុក​ពាម​រាំង ខេត្តព្រៃវែង ជាមួយ​ក្រុមគ្រួសារ​រង​គ្រោះ​ផ្សេងទៀត ក្រោម​ការត្រួតត្រា​របស់​ពួក​ខ្មែរក្រហម (​ប៉ុល ពត​)​។ ក្រោយពី​របប​ខ្មែរក្រហម​បាន​ដួលរលំ នៅ​ឆ្នាំ​១៩៧៩ កុមារី នី សុខា ក៏មាន​ឱកាស​ចូល​សិក្សា នៅ​សាលាបឋមសិក្សា​ស្វាយ​ពល រហូតដល់​ប្រឡង​ជាប់​បាក់​ឌុបក្នុង​ឆ្នាំ​១៩៩០​។​

  
 
​ក្រោយ​បញ្ចប់​ការសិក្សា​មធ្យមសិក្សា​ទុតិយភូមិ​ថ្នាក់​ទី​១២​ភ្លាម យុវជន នី សុខា បាន​វេច​បង្វេច​មក​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ប៉ុន្តែ​ការងារ​ដែល​យុវជន នី សុខា ដាក់ពាក្យ​ប្រលង​ចូលធ្វើការ​ជាច្រើន​ជំនាញ ទាំង​ជំនាញ​គ្រូបង្រៀន និង​ជំនាញ​ពេទ្យ​ដែល​ខ្លួន​ស្រលាញ់​នោះ សុទ្ធតែ​មានការ​សូកប៉ាន់​(​ពុករលួយ​) ដើម្បី​ទទួលបាន​ការងារ​ធ្វើ​។ ដោយសារតែ​ខ្លួន​គ្មាន​សមត្ថភាព​សូក​ប្រាក់ ចូល​បម្រើ​ការងារ​ទាំង​នោះ យុវជន នី សុខា ក៏​សម្រេច​ចូល​បម្រើ​ការងារ​ខាង​កងទ័ព​វិញ នៅ​ឆ្នាំ​១៩៩០ ដើម្បី​រកប្រាក់​ចំណូល​ប​ន្តិ​ច​បន្តួច ដោះស្រាយ​បញ្ហា​ជីវភាព​សិន​។ 
 
​អនុបណ្ឌិត​ច្បាប់​រូបនេះ បាន​រម្លឹក​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​កើត​នៅក្នុង​ត្រកូល​ក្រីក្រ ដូច្នេះ​គ្មាន​ប្រាក់​សូក​គេ ក៏​ខ្ញុំ​ស្ម័​គ​ចិត្ត​ចូលធ្វើ​ទាហាន នៅ​ឆ្នាំ​១៩៩០ ដោយ​ទៅ​រៀន​នៅ​សាលា​វប្បធម៌​កងទ័ព ហើយ​ខ្ញុំ​ធ្លាប់​ចូល​សមរភូមិ​នៅ​ភ្នំ​វល្លិ ខេត្តកំពត​។ ក្រោយមក​ថ្នាក់លើ ក៏បាន​បញ្ជូន​ខ្ញុំ​ទៅ​រៀន​វៀតណាម ប៉ុន្តែ​ដោយសារ​ខ្ញុំ​ស្រលាញ់​ជំនាញ​ពេទ្យ ហើយ​គេ​ឲ្យ​ទៅ​រៀន​ខុស​ជំនាញ ខ្ញុំ​ក៏​សម្រេច​មិន​ទៅ​រៀន ហើយ​សុំ​មក​រៀន​នៅ​សាលា​កងទ័ព​នៅ​កំបូល​វិញ រហូតដល់​មានការ​ប្រកាស​រំសាយកងទ័ព ក្រោយ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ខណៈដែល​ប្រទេស​បញ្ចប់សង្គ្រាម​នោះ ខ្ញុំ​ក៏​សម្រេច​ចេញ​សុំ​ឈប់​ពី​ទាហាន មក​ចូល​បម្រើ​ការងារ​ការពា​រ​សិទ្ធិមនុស្ស ក្នុង​ឆ្នាំ​១៩៩១​នេះ​» ។​
 
​ការផ្ដើម​ការងារ​លើ​វិស័យ​សិទ្ធិមនុស្ស ក្នុងប្រទេស​ដែល​ទើប​រលត់​ភ្លើងសង្គ្រាម​នេះ គឺជា​អ​ម្រែ​ក​ទុក្ខ​ធ្ងន់​សម្រាប់​លោក នី សុខា​។ ការចុះ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ នៅតាម​មូលដ្ឋាន ស្រុកស្រែ​ចំការ និង​ក្នុង​ទីក្រុង ដែល​ប្រឈម​នឹង​ការប្រើប្រាស់​អាវុធ​គំរាមកំហែង​ដាក់គ្នា​នោះ គឺជា​កិច្ចការងារ​ដែល​លោក នី សុខា បាន​បំពេញ​។ «​បើ​យើង​ប្រៀបធៀប​បញ្ហា​សិទ្ធិមនុស្ស ពីមុនមក​ឥឡូវ​គឺ​ខុសគ្នា​។ កាលពី​ខ្ញុំ​ចូល​ដំបូង​ភាគច្រើន​ការរំលោភ​ដោយ​ហិង្សា ដោយ​ការប្រើ​អាវុធ ពីព្រោះ​កាលណោះ​កម្លាំងប្រដាប់អាវុធ​យើង នូវ​ការប្រមូល​អាវុធ​មិនទាន់មាន​របៀបរៀបរយ​ទេ ព្រោះ​មាន​អ្នកប្រើប្រាស់​កាំភ្លើង​តាមចិត្ត រហូតដល់​ឆ្នាំ​១៩៩៤ ដល់​២០០០ នៅតែមាន​បាញ់បោះ​សេរី អ្នករំលោភ​សិទ្ធិមនុស្ស​ដោយ​ប្រើ​កម្លាំងបាយ​ពី​សំណាក់​កម្លាំងប្រដាប់អាវុធ​»​។ នេះ​ជាការ​រម្លឹក​របស់ លោក នី សុខា ដែល​វាយតម្លៃថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន មិនទាន់​អនុវត្តន៍​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយសារ​រដ្ឋអំណាច តែងតែ​យក​ច្បាប់​មក​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ របស់​ប្រជាពលរដ្ឋ សូម្បីតែ​ខ្លួន​លោក​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ក្តី ក៏​រងគ្រោះ​ដោយសារ​ច្បាប់​ដែរ​។​
 
​លោក នី សុខា ដែលមាន​កូនប្រុស​ស្រី​៥​នាក់​នៅក្នុង​បន្ទុក ហើយ​កំពុងស្ថិត​នៅក្រោម​ការតាមដាន​របស់​តុលាការ ដោយសារ​សំណុំរឿង​អាស្រូវ​អ្នកនយោបាយ​នេះ អំពាវនាវ​ឲ្យ​តុលាការ ទម្លាក់ចោល​ការចោទប្រកាន់​ទាំងស្រុង​ផងដែរ ដើម្បី​ធានា​ឲ្យ​រូបលោក អាចបំពេញ​ការងារ​លើ​វិស័យ​សិទ្ធិមនុស្ស​នេះ ឲ្យ​បាន​ពេញលេញ ក្នុង​គោលបំណង​ដែល​លោក​ចង់​លើកស្ទួយ​សិទ្ធិមនុស្ស និង​មុខមាត់​ប្រទេសជាតិ​នេះ​៕
 
 
 
​ 

Tag:
 នី សុខា​
 ​ អាដហុក​
  ​សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com