អន្តរជាតិ
២០១៧៖ បំណង​ក្លាយជា​សមាជិក​ទី​១១​អាស៊ាន របស់​ទី​ម័​រ​ខាងកើត នៅ​កាន់តែ​ឆ្ងាយ​?
31, Dec 2017 , 3:59 pm        
រូបភាព
ដោយ:
​ក្តី​រំពឹង​ក្លាយជា​សមាជិក​អាស៊ាន​ទី​១១ នៅ​ឆ្នាំ​២០១៧​របស់​ទី​ម័​រ​ខាងកើត នៅតែ​មិនអាច​កើតឡើង​បានឡើយ ហើយ​លទ្ធភាព ក្នុងការ​សម្រេច​បានកា​រ​រំពឹង​នេះ ក៏​ហា​ក់នៅ​កាន់តែ​ឆ្ងាយ​ទៀតផង ។ នោះ ក៏​ព្រោះតែ ទី​ម័​រ​ខាងកើត នៅតែ​មិនអាច​ធ្វើ​ឲ្យ​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ មាន​ទំនុកចិត្ត និង​សម្រេច​ផ្តល់​សមាជិកភាព​ពេញសិទ្ធិ​ដល់ទី​ម័​រ​ខាងកើត​ឲ្យ​ក្លាយជា​សមាជិក​អាស៊ាន​បាន ។



​រយៈពេល​១៥​ឆ្នាំ​ហើយ ដែល ទី​ម័​រ​ខាងកើត បានទទួល​ឯករាជ្យ និង​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ ។ រដ្ឋ​ក្មេងខ្ចី​ជាងគេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បានដាក់​សំណើ​ដើម្បី​ទទួលបាន​សមាជិកភាព​ក្នុង​អាស៊ាន​នៅ​ឆ្នាំ​២០១១ ។ ក៏ប៉ុន្តែ​ប្រាំមួយ​ឆ្នាំ​មកនេះ ទី​ម័​រ​ខាងកើត មានឈ្មោះ​ត្រឹមតែ​ជា​រដ្ឋ​សង្កេតការណ៍ និង កំពុង​ស្ថិតក្រោម​ការវាយតម្លៃ របស់​គណៈកម្មាធិការ​អាស៊ាន ដោយ​អាស៊ាន មិនទាន់​ទទួល​ទី​ម័​រ​ខាង​កើតជា​សមាជិក​ទី​១១​ឡើយ ។​

​អ្វី​គួរកត់សម្គាល់​នោះ នៅមុន​ពេល​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន ដែល​ទើបតែ​បញ្ចប់​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ឌី​លី បាន​រំពឹង​ខ្ពស់​ថា ខ្លួន​នឹង​អាច​ទទួលបាន​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន ។ លោកនាយក​រដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត Mari Alkatiri នៅ​ថ្ងៃ​២៦ តុលា បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​ទី​ម័​រ​ខាងកើត ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​បណ្តា​សមាជិក​អាស៊ាន​ផ្សេងទៀត​ក្នុងការ​ក្លាយជា​សមាជិក​អាស៊ាន លើកលែងតែ​សិង្ហ​បុរី និង​មី​យ៉ាន់​ម៉ា​»​។​

​នាពេល​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បន្ថែមទៀត​យ៉ាង​ដូច្នេះ​ថា​៖« ទី​ម័​រ​ខាងកើត នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បាន​ចូលរួម​ជាមួយនឹង​អាស៊ាន ហើយ​ខ្ញុំ ជឿជាក់ថា ឆាប់ៗ​នេះ ទី​ម័​រ​ខាងកើត នឹង​ក្លាយជា​សមាជិក​ពេញលេញ​របស់​អាស៊ាន​ហើយ​»​។ ការលើកឡើង​របស់លោក​បែបនេះ ស្រប​ជាមួយនឹង​ការសន្យា​របស់​មន្ត្រីការទូត​ឥណ្ឌូណេស៊ី ដែល​បាន​សន្យា​ជួយ​ជ្រោមជ្រែង​ទី​ម័​រ​ខាងកើត​ឲ្យ​ក្លាយជា​សមាជិក​អាស៊ាន​នៅត្រឹម​ឆ្នាំ​២០១៧​នេះ ។

​ឆ្នាំ​២០១៧ កន្លងផុត ដោយ​គ្មាន​តម្រុយ​វិជ្ជមាន​អ្វី​សោះ​សម្រាប់​ទី​ម័​រ​ខាងកើត ។ ជាក់ស្តែង​នោះ សូម្បីតែ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែលមាន​ហ្វីលីពីន​ជា​ប្រធាន អាស៊ាន នៅតែ​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់ខ្លួន​ថា អាស៊ាន​បាន​កត់សម្គាល់ថា ការសិក្សា​លើ​សំណើ​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត កំពុងតែ​ស្ថិតក្នុង​នីតិវិធី និង​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​បន្តទៀត ។

​អ្វីដែល​កាន់តែ​ព្រួយបារម្ភ​នោះ លទ្ធភាព​នៃ​ការ​ក្លាយជា​សមាជិក​អាស៊ាន​ទី​១១​របស់​ទី​ម័​រ​ខាងកើត នឹង​កាន់តែ​នៅ​ឆ្ងាយ​នៅពេលដែល​សិង្ហ​បុរី ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១៨ ដ្បិត សិង្ហ​បុរី មិនដែល​បង្ហាញ​ក្តីសង្ឃឹម​សម្រាប់​ទី​ម័​រ​ខាងកើត​ម្តងណា​ឡើយ ។ កន្លងមក រដ្ឋ​អ្នកមាន​ជាងគេ​របស់​អាស៊ាន​សិង្ហ​បុរី បាន​លើក​ហេតុផល​ក្នុងន័យ​បដិសេធ​ផ្តល់​ការគាំទ្រ​សមាជិកភាព​អាស៊ាន​ដល់ទី​ម័​រ​ខាងកើត ដោយសារ​ទី​ម័​រ​ខាងកើត នៅមាន​ភាពទន់ខ្សោយ​ច្រើន ទាំង​សន្តិសុខ សេដ្ឋកិច្ច និង​ធនធានមនុស្ស​ជាដើម ៕
 

Tag:
 ទី​ម័​រ​ខាងកើត​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com