អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ចិន​ប្រកាស​បន្ត​គាំទ្រ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា និង​កសាង​ស្ពាន​មិត្តភាព​រួមគ្នា​
10, Jan 2018 , 9:19 am        
រូបភាព
​នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឹ​ឈាំ​ង បាន​កោតសរសើរ​ពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែលមាន​រវាង​កម្ពុជា និង​ចិន មុន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​មកដល់​នៅ​ថ្ងៃ ១១ ខែមករា​។ ប្រមុខ​រដ្ឋាភិបាល​ចិន​រូបនេះ​ប្រកាសថា ចិន​នឹង​បន្ត​សង់ស្ពាន​មិត្តភាព​ជាមួយ​ប្រជាជន​កម្ពុជា និង​ត្រៀមខ្លួន​រួចជាស្រេច​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​នាពេល​អនាគត​ផង​។



​ក្នុង​បទ​វិចារណកថា​មួយ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Khmer Times  នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង បាន​លើកសរសើរ​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​និង​កម្ពុជា​។ នាយករដ្ឋមន្ត្រី​ចិន​ដែល​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ថ្ងៃ ១១ មករា​ខាងមុខនេះ រំពឹង​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

​ក្នុង​បទ​វិចារណ​ថា​ដដែល នាយករដ្ឋមន្ត្រី​ចិន​រូបនេះ បាន​រម្លឹក​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​កម្ពុជា និង​ចិន តាំងពី​ជំនាន់​សម្តេច សីហនុ ហើយ​វា​ឆ្លុះបញ្ចាំង​ពី​ការទុកចិត្ត​គ្នា និង គោរព​គ្នា​ទៅវិញទៅមក​រវាង​មិត្ត​ទាំងពីរ​។

«​មិត្តភាព​ដ៏​អស្ចារ្យ​ដែល​មាន​រយៈកាល​ច្រើនជាង​ពាក់កណ្តលមួយសតវត្ស​រវាង​សម្តេច សីហ​ន​នុ និង​មេដឹកនាំ​ចិន បាន​ក្លាយជា​រឿងនិទាន​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ចិន និង​ការផ្លាស់ប្តូរ​ទំនាក់ទំនង​លើ​ឆាក​អន្តរជាតិ​។ សម្រាប់​ប្រជាជន​ចិន​ទូទៅ ឈ្មោះ​ប្រទេស​កម្ពុជា និង​ព្រះនាម​ព្រះ​បរម​រតនៈ​កោដ្ឋ​នាំមក​នូវ​ការចងចាំ​មួយ​មិនអាច​បំភ្លេចបាន​នៃ​ប្រវត្តិសាស្ត្រ​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​ចិន​។

​លោក លី ខឹ​ឈាំ​ង បានកត់សម្គាល់​ផងដែរ​ថា ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ចិន​បាន​រីកចម្រើន​លើសពី​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​។ ជាក់ស្តែង​ដំណើរ​ទស្សនកិច្ច​ដោយ​ជោគជ័យ​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង នៅ​កម្ពុជា​កាលពី​ឆ្នាំ ២០១៦​។

​បន្ថែម​ពីនេះ លោក លី ខឹ​ឈាំ​ង ក៏​រំពឹង​យ៉ាង​មុតមាំ​ថា ទស្សនកិច្ច​របស់លោក​នៅ​នៅ​កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ច​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​តាមរយៈ​ការកសាង​ស្ពាន​មិត្តភាព និង​ផ្លូវ​នៃ​ការអភិវឌ្ឍ​រួមគ្នា​ដែលជា​ប្រយោជន៍​សម្រាប់​កម្ពុជា និង​ចិន​ផង​។ 

​លោក លី ខឹ​ឈាំ​ង​បាន​សង្កត់ធ្ងន់​ដូច្នេះ​«​វា​មានការ​វាយតម្លៃថា ចិន​បាន​សាងសង់​ស្ពាន និង​ផ្លូវ​នៅ​កម្ពុជា​ច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់​។ តាម​គំនិត​របស់ខ្ញុំ ស្ពាន​ដែល​ល្អ​បំផុត​ដែល​ចិន​បាន​សាងសង់​គឺ​ស្ពាន​នៃ​មិត្តភាព​រវាង​ប្រជាជន​យើង ហើយ​ផ្លូវ​ដែល​ល្អ​បំផុត​គឺជា​ផ្លូវ​ដែល​នាំមក​នូវ​ការអភិវឌ្ឍ​រួមគ្នា​។ គោលដៅ​ធំ​បំផុត​មួយ​នៃ​ទស្សនកិច្ច​របស់ខ្ញុំ​គឺ​បន្ត​សាងសង់​ស្ពាន និង​ផ្លូវ​នេះ​»​។

​លើសពីនេះទៅទៀត ប្រមុខ​រដ្ឋាភិបាល​ចិន​ខាងលើ​ក៏​ប្រកាស​បន្ត​ជួយ​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​នៅពេល​ខាងមុខ​តាមរយៈ​ការវិនិយោគ ជួយ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា គាំទ្រ​សមត្ថភាព​ឧស្សាហកម្ម និង​ទេសចរណ៍​ជាដើម ក្នុង​ក្របខណ្ឌ​ជា​មិត្ត និង​ជា​ដៃគូ​អភិវឌ្ឍ​ផង​។

«​ចិន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួយ​សម្រួល​នូវ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ចិន​ជាមួយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​កម្ពុជា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការវិនិយោគ បច្ចេកវិទ្យា សមត្ថភាព​ឧស្សាហកម្ម និង ទេសចរណ៍​នឹង​បន្ត​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​»​។​


Tag:
 លី ខឹ​ឈាំ​ង​
  ចិន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com