ជាតិ
ចិន​ផ្ដល់​កម្ចី​ជិត​១​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ព្រលានយន្តហោះ​ថ្មី​នៅ​ភ្នំពេញ​
12, Jan 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១១ ខែមករា ចិន​បង្ហាញ​ផែនការ​សាងសង់​ព្រលានយន្តហោះ​ថ្មី​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​តម្លៃ​ជិត​មួយ​ពាន់​លាន​ដុល្លារ និង​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជាច្រើន​ទៀត ដែលមាន​គោលដៅ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ ផែនការ​នេះ​បង្ហាញ​ក្នុង​ដំណើរ​ទស្ស​កិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឹ​ឈាំ​ង ក្នុង​កម្ពុជា​។



​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ ក្រោយ​ជំនួប​នេះ មេដឹកនាំ​ទាំង​បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​១៩ ដែល​ក្នុងនោះ​ក៏មាន​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី​សហប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី​។​

​គម្រោង​ព្រលានយន្តហោះ​ថ្មី​នេះ​មិនទាន់មាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​។ បើតាម​សារព័ត៌មាន​ជប៉ុន​ក្យូ​ដូ គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ​មាន​ទំហំ​ទឹកប្រាក់​ជិត​មួយ​ពាន់​លាន​ដុល្លារ​។ នេះ​ជា​គម្រោង​ព្រលានយន្តហោះ​ថ្មី​មួយទៀត បន្ថែម​ពីលើ​គម្រោង​ព្រលានយន្តហោះ​ខេត្តសៀមរាប ដែល​ចិន​ក៏​ធ្លាប់​ប្ដេជ្ញាចិត្ត​វិនិយោគ​ផងដែរ ដើម្បី​ចំនួន​ភ្ញៀវទេសចរ​ដែល​រំពឹង​កើនឡើង​ខ្លាំង​។​

​ក្រៅពី​គម្រោង​ព្រលានយន្តហោះ​ភ្នំពេញ កម្ពុជា និង​ចិន​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​ចំណាយ​ថវិកា​១​ពាន់​លាន​ដុល្លារ​អាមេរិក រួមទាំង​កិច្ចព្រមព្រៀង​ជំនួយ​អភិវឌ្ឍន៍ និង​កិច្ចព្រមព្រៀង​ទិញស្រូវ​ពី​កម្ពុជា​ផងដែរ​៕

អត្ថបទទាក់ទង



Tag:
 ចិន​
  ក​ម្ព​ជា​
  សម្ដេច​ហ៊ុន សែន​
  លី ខឹ​ឈាំ​ង
© រក្សាសិទ្ធិដោយ thmeythmey.com