ជាតិ
អ្នកជំនាញ​ព្រំដែន លោក ស៊ាន ប៉េង​សែ ទទួលមរណភាព​ក្នុង​អាយុ​៨២​ឆ្នាំ​
24, Jan 2018 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ស៊ាន ប៉េង​សែ ដែលជា​ស្ថាបនិក និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង និង​ក្នុង​ពិភពលោក បានទទួល​មរណភាព​ក្នុង​វ័យ​៨២​ឆ្នាំ ដោយ​រោគាពាធ នៅក្នុង​មន្ទីរពេទ្យ Centre Hospitalier d’ Orgemont ប្រទេស​បារាំង​។​



​លោក រ៉ុង ឈុន ដែល​ទើប​លាលែង​ពី​តំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត ហើយ​ងាក​មក​បន្តការងារ​លើ​កិច្ចការ​ព្រំដែន​នេះ​វិញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក ស៊ាន ប៉េង​សែ ទទួលមរណភាព នៅ​ថ្ងៃទី​២៣ មករា វេលា​ម៉ោង​៤​ទៀបភ្លឺ (​ម៉ោង​នៅ​បារាំង​) ត្រូវ​នឹង​ម៉ោង​១០ ព្រឹក​នៅ​ប្រទេស​កម្ពុជា​។ សព​លោក ស៊ាន ប៉េង​សែ នឹងត្រូវ​បូជា​នៅ​ថ្ងៃទី ២៩ មករា​ខាងមុខ​។​

​បន្ថែម​ពីនេះ លោក រ៉ុង ឈុន បាន​និយាយថា មរណភាព​លោក ស៊ាន ប៉េង​សែ គឺជា​ការបាត់បង់​ធនធានមនុស្ស​សំខាន់​ម្នាក់ ដែលមាន​ជំនាញ​លើ​កិច្ចការងារ​ព្រំដែន​។ «​ខ្ញុំ​មាន​អារម្មណ៍​ក្ដុកក្ដួល និង​ក្រៀមក្រំ​ចំពោះ​ការបាត់បង់​ធនធានមនុស្ស​ដែលមាន​ជំនាញ​លើ​ផែនទី​គោក និង​ផែនទី​ទឹក ដូច​រូបគាត់​។ ព្រោះ​គាត់​(​ស៊ាន ប៉េង​សែ​) បាន​លះបង់​ច្រើនណាស់​ក្នុងការ​ចូលរួម​ការពា​រ​ព្រំដែន​។ គាត់​បានផ្ដល់​បទពិសោធ​ន៍ និង​មេរៀន​ជាច្រើន​ដល់​ពួក​ខ្ញុំ ហើយ​វីរភាព​របស់គាត់​ខ្ញុំ​នឹង​ចងចាំ​ជានិច្ច​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ និង​បន្តធ្វើ​ការងារ​លើ​កិច្ចការ​ព្រំដែន​។​

​លោក ស៊ាន ប៉េង​សែ ជា​អតីត​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​រ៉ែ និង​សិប្បកម្ម នៅ​ឆ្នាំ​១៩៧៣ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរក្រោម​ការដឹកនាំ​ដោយ​លោក លន់ នល់ ។ នៅ​ឆ្នាំ​១៩៩៩ លោក ស៊ាន ប៉េង​សែ បាន​បង្កើត​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង និង​ក្នុង​ពិភពលោក ដែល​គឺជា​ប្រធាន​។ ហើយ​លោក តែងតែ​រិះគន់​លើ​ភាពមិនប្រក្រតី​លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេសជិតខាង​កន្លងមក​ដែរ​៕


Tag:
 ​ស៊ាន ប៉េង​សែ​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com