ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា ស្នើ​មហាផ្ទៃ ចាត់ការ​អតីត​តំណាងរាស្ត្របក្សប្រឆាំង ដែល​បន្ត​ប្រើ​សញ្ញា​រដ្ឋសភា​
30, Jan 2018 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋសភា បានស្នើ​ឲ្យ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​នៅតែ​បន្ត​ប្រើប្រាស់​រូប​សញ្ញា​រដ្ឋសភា​លើ​លិខិត​ផ្សេងៗ​។ សំណើ​របស់លោក ឡេង ប៉េងឡុង ធ្វើឡើង​តាមរយៈ​លិខិត​មួយ​ចុះ​នៅ​ថ្ងៃទី​៣0 ខែមករា ឆ្នាំ​២0១៨ និង​បាន​ផ្ញើជូន​សម្តេច ស ខេង​។

 
​ក្នុង​លិខិត​នោះ លោក ឡេង ប៉េងឡុង លើកឡើងថា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លែង​ជា​សមាជិក​រដ្ឋសភា​ទៀតហើយ ចាប់តាំងពី​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ លោក បន្តថា កន្លងមក អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រើប្រាស់​រូប​សញ្ញា​រដ្ឋសភា លើ​លិខិត​ផ្សេងៗ ដែលជា​ការរំលោភ​រដ្ឋ​ធម្មនុញ្ញ ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ 
 
​អគ្គលេខាធិការ​រដ្ឋសភា បានស្នើ​ឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ទង្វើ​នេះ ធ្វើ​ឲ្យ​សាធារណជន ភាន់ច្រឡំ​និង​ប៉ះពាល់​ដល់​ស្ថាប័ន​រដ្ឋសភា​។ សូម​សម្តេច ស ខេង ជួយ​ចាត់វិធានការ​តាមច្បាប់​»​។ 
 
​បន្ថែម​ពី​លិខិត​នោះ លោក  ឡេង ប៉េងឡុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​៣0 ខែមករា ឆ្នាំ​២0១៨ ថា ការសម្រេច​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​បែបនេះ គឺ​បន្ទាប់ពី​លោក បានឃើញ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ប្រើ​រូប​ស​ញ្ញ​រដ្ឋសភា​លើ​លិខិតស្នាម​ផ្សេងៗ ដែល​លោក យល់ថា​ជាការ​ខុសច្បាប់​។ អ្នកនាំពាក្យ​រូបនេះ បាន​លើកយក​ករណី​របស់លោក អេង ឆៃអ៊ាង អតីត​តំណាងរាស្ត្រ​មួយរូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មក​ធ្វើជា​អំណះអំណាង​។ 
 
​លោក ឡេង ប៉េងឡុង អះអាងថា ថ្មីៗ​នេះ លោក អេង ឆៃអ៊ាង បាន​ប្រើ​រូប​សញ្ញា​រដ្ឋសភា លើ​លិខិត​រំលែក​ទុក្ខ ដែល​ផ្ញើជូន​ក្រុមគ្រួសារ​របស់លោក ស៊ាន ប៉េង​សែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២0១៨​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ពួកគាត់​ធ្វើ​អ៊ីចឹង​មិនត្រូវ​ឡើយ ព្រោះ​ពួកគាត់ មិនមែនជា​សមាជិករ​ដ្ឋ​សភា​ទៀត​ទេ​។ ពួកគាត់ ផ្គើន​នឹង​ច្បាប់​។ មានតែ​ក្រសួងមហាផ្ទៃ​ទេ ដែល​អាច​ចាត់ការ​លើ​រឿងនេះ​»៕ 

Tag:
 ​រដ្ឋសភា​
  ឡេង ប៉េងឡុង​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com