កីឡាអន្តរជាតិ
អន្តរជាតិ
Golovkin-Alvarez ត្រូវ​ជម្រះបញ្ជី​គ្នា​ក្នុងជំនួប​លើក​ទី​២ បន្ទាប់ពី​មិន​អស់ចិត្ត​រៀងខ្លួន​នៅ​ជំនួប​ដំបូង​
01, Feb 2018 , 2:38 pm        
រូបភាព
​កំពូល​អ្នក​ប្រដាល​ម៉ិ​ក​ស៊ិ​ក Saul Canelo Alvarez យល់ព្រម​ឡើង​ប្រដាល់​ម្តងទៀត​ជាមួយ​ម្ចាស់​ជើងឯក​ទម្ងន់​មធ្យម​ពិភពលោក Gennady Golovkin នៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ បន្ទាប់ពី​ប៉ះគ្នា​ម្តង​រួចមកហើយ​កាលពី​ឆ្នាំទៅ​។ នេះ​បើតាម​កាសែត Los Angeles Times ចុះផ្សាយ​កាលពី​ថ្ងៃទី ៣០ ខែមករា​។



Alvarez និង Golovkin ធ្លាប់​ជួបគ្នា​ម្តង​រួចមកហើយ​កាលពី​ខែកញ្ញា​ឆ្នាំមុន​នៅ​សង្វៀន T-Mobile Arena ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដោយ​អ្នក​ទាំង​ពីរបាន​ត្រឹម​ស្មើគ្នា​ប៉ុណ្ណោះ​ក្រោយ​ចប់​ការប្រកួត​១២​ទឹក និង​ជា​លទ្ធផល​មិន​អស់ចិត្ត​រៀងខ្លួន​។​



Gennady Gennadyevich Golovkin ឬ GGG អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​សញ្ជាតិ​កា​ហ្សា​ក់​ស្ថាន​មិន​ពេញ​ចិត្តនឹង​ការសម្រេច​របស់​ចៅក្រម​ឲ្យ​ខ្លួន​ស្មើ​ជាមួយ Alvarez នោះទេ នា​ការប្រកួត​លើក​ទៅ​១ ដោយ​ស្នើរ​ឲ្យ​មានការ​ប្រកួត​ជាថ្មី​ម្តងទៀត​។ ចំណែក​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​កវ័យ​២៧​ឆ្នាំ Alvarez ក៏​មិន​ញញើត​សម្រាប់​ជំនួប​លើក​ទី​២​នេះដែរ ដោយ​បោះសម្តី​ទៅកាន់​គូប្រកួត​ថា​៖«​ពេលនេះ Golovkin នឹងមិន​មាន​លេស​ណាមួយ​ទាក់ទង​នឹង​ចៅក្រម​ទេ​ព្រោះ​ខ្ញុំ​នឹង​ឲ្យ​គេ​ចាញ់​ដោយ​អស់ចិត្ត​»​។​



GGG ម្ចាស់​ខ្សែក្រវាត់​៤​ស្ថាប័ន WBA, WBC IBF, និង IBO ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៥​ឆ្នាំមាន​ប្រវត្តិ​ប្រកួត​៣៨​លើក ឈ្នះ​៣៧ មិនដែល​ស្គាល់​ចាញ់​ឡើយ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ៣៣​លើក ខណៈ Alvarez ធ្លាប់​ចាញ់​តែ​១​លើក​ប៉ុណ្ណោះ​ក្រោម​ថ្វីដៃ Floyd Mayweather ក្នុងចំណោម​ការប្រកួត​ទាំង​៥២​លើក​។​

​សម្រាប់​ជំនួប​លើក​ទី​២​ខាងមុខនេះ អ្នក​ទាំង​ពីរបាន​អះអាង​ដូចគ្នា​ថា​នឹងធ្វើ​ឲ្យ​ទាក់ទាញ និង​កក្រើក​លើស​ង្វៀន​ជាថ្មី​ម្តងទៀត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​ការរីករាយ​របស់​អ្នកគាំទ្រ​ដែល​ចង់ឃើញ​ការប្រកួត​ល្អ​បំផុត​៕


Tag:
 ប្រដាល់​
  Saul Canelo Alvarez
  Gennady Golovkin
© រក្សាសិទ្ធិដោយ thmeythmey.com