ជាតិ
សង្គមជាតិ
អភិបាលខេត្ត​កោះកុង បញ្ជា​ឲ្យ​អាជ្ញាធរ​រក​មូលហេតុ ដែល​បណ្ដាល​ឲ្យ​ក្របីងាប់និងរបួស​១២​ក្បាល​​
05, Feb 2018 , 1:40 pm        
រូបភាព
រូបពីហ្វេសប៊ុកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង
រូបពីហ្វេសប៊ុកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង
​ភ្នំពេញ​៖ អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង បាន​បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត រក​មូល​ហេតុដែល​បណ្ដា​ល​ឲ្យ​ក្របី​របស់​ប្រជាពលរដ្ឋ ចំនួន​១២​ក្បាល​ងាប់​ និងរបួស។ អភិបាលខេត្ត​កោះកុង ចេញ​បញ្ជា​ឲ្យ​រក​ដើមចម​នៃ​បញ្ហាក្របី​១២​ក្បាល​នេះ ធ្វើឡើង​ក្រោយពី​ប្រជាពលរដ្ឋ អះអាងថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​។​


 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ខ្លួន លោកស្រី មិថុនា ភូ​ថង ដែល​ទទួលបាន​ព័ត៌មាន​​នេះ បាន​សរសេរ​ដូច្នេះ​៖« ចំពោះ​ករណី​បាញ់​ក្របី​ស្លាប់ និង​របួស នាង​ខ្ញុំ​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្វែងរក​មូលហេតុ​ពិត និង​ដាក់​បញ្ជា​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​ពិនិត្យ​ករណីនេះ​ជាបន្ទាន់​»​។​
 
​កាលពី​ថ្ងៃទី​២ កុម្ភៈ មាន​ករណី​ក្របី​ងាប់ និងរបួស១២​ក្បាល​ នៅក្នុង​ភូមិ​តាធ​ង ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ពលរដ្ឋ​ដែលជា​ម្ចាស់​ក្របី​ទាំងនោះ បាន​អះអាងថា អ្នកយាម​ក្រុមហ៊ុន​ស្ករអំពៅ​នៅ​កោះកុង​ជា​អ្នកបាញ់​ក្របី ខណៈដែល​ក្របី​ទាំងនោះ​ត្រូវបាន​ពួកគាត់ ព្រលែង​ឲ្យ​ស៊ី​ស្មៅ​នៅក្បែរ​ដី​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​។ ម្ចាស់​ក្របី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ផ្ដល់​សំណង​ដល់​ពួកគាត់​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​អាជ្ញាធរខេត្ត ជុំវិញ​ករណី​នេះឡើយ​។ 
 
​តែបើ​តាម​ការចុះផ្សាយរ​បស់​វិទ្យុ​អាស៊ី​អាស៊ី​នោះ ក្រុមហ៊ុន​ផលិត​ស្ករអំពៅ​នៅ​ខេត្តកោះកុង បាន​ហៅ​ពលរដ្ឋ ២​គ្រួសារ ដើម្បី​ដោះស្រាយ​សំណង បន្ទាប់ពី​ក្រុមហ៊ុន​នេះ បាន​បាញ់​សត្វ​ក្របី​របស់​ពួកគាត់​ងាប់​អស់ ៦​ក្បាល និង​របួស ៦​ក្បាល​។ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ពី​ហេតុផល នៃ​ដំណោះស្រាយ​តាម​វិធី​ណាមួយ​នោះឡើយ​៕
 
 
 
 

Tag:
 មិថុនា ភូ​ថង​
 ​កោះកុង​
 ​ក្របី​
© រក្សាសិទ្ធិដោយ thmeythmey.com