ជាតិ
សេដ្ឋកិច្ច
WIPO ជំរុញ​អ្នកសារព័ត៌មាន​នៅ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច​ឲ្យ​ចាប់អារម្មណ៍​លើ​ប្រធានបទ «​កម្មសិទ្ធិបញ្ញា​»
15, Dec 2017 , 12:09 am        
រូបភាព
ក្រុមអ្នកសារព័ត៌មាន និងវាគ្មិន ថតរួមគ្នានៅទីស្នាក់ការ WIPO ប្រចាំសិង្ហបុរី។ រូបថត WIPO
ក្រុមអ្នកសារព័ត៌មាន និងវាគ្មិន ថតរួមគ្នានៅទីស្នាក់ការ WIPO ប្រចាំសិង្ហបុរី។ រូបថត WIPO
ដោយ: ថ្មីៗ
សិង្ហបុរី៖ ​អ្នកសារព័ត៌មាន​ពី​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច ជាង​៣០​នាក់ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​មួយ​ស្តីពី​កម្មសិទ្ធិបញ្ញា (Intellectual Property) ដែល​រៀបចំ​ដោយ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) នៅ​ប្រទេស​សិង្ហ​បុរី ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ។​



«​កម្មសិទ្ធិបញ្ញា ឬ IP ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​របស់​អ្នកសារព័ត៌មាន​នៅលើ​ពិភពលោក ដោយ​វា​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅ​សេដ្ឋកិច្ច ការអភិវឌ្ឍន៍​សង្គម និង​វប្បធម៌​»​។ នេះ​ជាការ​លើកឡើង​របស់លោក Peter Willimott មន្ត្រីជាន់ខ្ពស់​ផ្នែក​កម្មវិធី​របស់​អង្គការ WIPO ប្រចាំ​ការិយាល័យ​នៅ​ប្រទេស​សិង្ហ​បុរី​។​

​នៅក្នុង​សិក្ខាសាលា​ពីរ​ថ្ងៃ​លើ​ប្រធានបទ «Intellectual Property is Big News» អ្នកសារព័ត៌មាន​ជាង​៣០​នាក់​មកពី​កម្ពុជា (​ក្នុងនោះ​មាន​តំណាង​សារព័ត៌មាន​ថ្មីៗ​) បង់​ក្លា​ដែ​ស ប៊ូ​តង់ ចិន ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីរ៉ង់ ឡាវ ម៉ាឡេស៊ី ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា ណេ​ប៉ាល់ ប៉ា​គី​ស្ថាន ប៉ា​ពូ​ញូ​វ​ហ្គី​ណេ ហ្វីលីពីន កូរ៉េខាងត្បូង ស្រីលង្កា ថៃ និង​វៀតណាម បាន​ស្វែងយល់​បន្ថែម​លើ​ការងារ​ពង្រឹង​កម្មសិទ្ធិ​បញ្ញា​របស់​អង្គការ WIPO​។

​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ជា​ភ្នាក់ងារ​ជំនាញ​មួយ​របស់​អង្គការសហប្រជាជាតិ ដែល​បច្ចុប្បន្ន​រដ្ឋ​ចំនួន​១៩១​ជា​សមាជិក និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។  WIPO មាន​បេសកកម្ម​ក្នុង​ការពង្រឹង​កម្មសិទ្ធិ​បញ្ញា​អន្តរជាតិ រួមទាំង​ការដោះស្រាយ​ជម្លោះ​នានា​នៅលើ​ផ្នែក​នេះ​។​

​តាមរយៈ​សិក្ខាសាលា​នេះ វាគ្មិន​ជំនាញ​របស់ WIPO និង​អ្នកជំនួញ​ជោគជ័យ​មួយចំនួន​នៅ​សិង្ហ​បុរី បាន​អះអាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច ពី​សារសំខាន់​ផ្លូវច្បាប់​សម្រាប់​អាជីវកម្ម ការបង្កើត​ថ្មី និង​ស្នាដៃ​ផ្សេងៗ ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ដ៏​ត្រឹមត្រូវ ក្នុងនោះ​មាន​ការពារ​ពាណិជ្ជសញ្ញា ឬ​ម៉ាក (Trademark) រក្សា​សិទ្ធិ (Copyright), ការ​រចនា (design) និង ប្រកាសនីយបត្រ​តក្កក​ម្ម (Patent) ជាដើម​។​

​នៅមុន​បិទ​បញ្ចប់​សិក្ខាសាលា អ្នកសារព័ត៌មាន​ក៏បាន​ឱកាស​ចោទ​ជា​សំណួរ​ទៅកាន់​លោក Francis Gurry អគ្គនាយក​អង្គការ WIPO តាមរយៈ​វីដេអូ​ខន់​ហ្វើ​រិ​ន​ផងដែរ​៕


Tag:
 WIPO
  IP
  កម្មសិទ្ធិបញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com