ជាតិ
លោក សុខ ឥសាន​៖ Brad Adam រិះគន់​កម្ពុជា ដោយ​ខ្វះ​ការស្រាវជ្រាវ​
15, Feb 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​- ប៉ាស៊ីហ្វិក Human Right watch រិះគន់​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​ថា ជាការ​កែទម្រង់​ច្បាប់ ដើម្បី​ពង្រឹង​អំណាច​សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ថា ការធ្វើ​វិសោធន​កម្មនេះ ស្របតាម​ឆន្ទៈ​ប្រជាពលរដ្ឋ ដែល​មិន​ដូចជា​ការរិះគន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់ Human Right watch ឡើយ​។​



​ក្រោយពី​រដ្ឋសភា​អនុម័ត​លើ​ខ្លឹមសារ​មាត្រា​មួយចំនួន ក្នុង​រដ្ឋធម្មនុញ្ញ និង​មាត្រា​ថ្មី​ក្នុង​ក្រមព្រហ្មទណ្ឌ ដែល​ចែង​អំពី​ការដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​នោះ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​- ប៉ាស៊ីហ្វិក ចេញមុខ​រិះគន់​លើ​ការធ្វើ​វិសោធនកម្ម​នេះ​មុនគេ​។ នាយក​ប្រតិបត្តិ Human Right Watch លោក Brad Adam បាន​លើកឡើងថា ក្រុមតំណាងរាស្ត្រ​រដ្ឋសភា ដែល​លើកដៃ​អនុម័ត​លើ​ខ្លឹមសារ​ទាំងនេះ កំពុង​បង្ហាញ​ពី​ការរួបរួម​ជាមួយ​គណ​បក្ស​កាន់អំណាច ក្នុង​គោលដៅ​បំបិទ​សិទ្ធិ​បញ្ចេញមតិ​។ លោក Brad Adam រិះគន់ថា កម្ពុជា​កំពុង​បន្តដំណើរ​ឆ្ពោះទៅកាន់​ប្រទេស មាន​រដ្ឋ​ឯក​បក្ស ដែល​នឹង​កើតមាន​បញ្ហា​ការទូត សេដ្ឋកិច្ច និង​នយោបាយ​ធ្ងន់ធ្ងរ​។​

​លោក Brad Adam ដែល​តែងតែ​ចេញមុខ​រិះគន់​លើ​បញ្ហានយោបាយ​នៅ​កម្ពុជា​នោះ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​១៤ កុម្ភៈ ដូច្នេះ​ថា​៖«​ជា​ជំហាន​បន្តិច​ម្ដងៗ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ប្រព័ន្ធ​នយោបាយ​ស្របច្បាប់ ដើម្បី​ពង្រឹង​អំណាច​របស់គាត់ ដូចជា​អាជ្ញាធរ​ផ្ដាច់មុខ​ក្នុងប្រទេស ដោយ​គ្មាន​ការគំរាមកំហែង​ពី​ក្រុម​បក្សប្រឆាំង ឬ​ក្រុម​ជំទាស់​គំនិត​ខ្លួន​។ ការធ្វើ​វិសោធនកម្ម​ទាំងនេះ គឺជា​សញ្ញា​ចុងក្រោយ ដែល​បង្ហាញ​ពី​ដំណើរ​ឆ្ពោះ​កាន់អំណាច​ដោយ​ឥត​អៀនខ្មាស​។ ហើយ​លទ្ធិប្រជាធិបតេយ្យ​បាត់បង់​ផងដែរ​»​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុក​ការលើកឡើង​របស់លោក Brad Adam នេះ គ្រាន់តែ​ជាការ​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ខ្វះ​ការស្រាវជ្រាវ​។ លោក សុខ ឥសាន ឆ្លើយតប​ថា រដ្ឋសភា​អនុម័ត​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទាំងនេះ ដើម្បី​សម្រួល​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល ក្នុង​ការពង្រឹង​ប្រសិទ្ធិភាព​ការងារ​ប៉ុណ្ណោះ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​រដ្ឋសភា​អនុម័ត​ច្បាប់​នេះ ដើម្បី​សម្រួល​តំណែង​រដ្ឋលេខាធិការ​ចេញ​ពី​រដ្ឋាភិបាល កុំ​ឲ្យ​គេ​ថា​ក្បាល់​ធំ​ជាង​ខ្លួន ដូច្នេះ​កាត់បន្ថយ​ចំនួន​មនុស្ស​នេះ ដើម្បី​ឲ្យ​ពួកគេ​ធ្វើការ​ឲ្យ​បានល្អ និង​ពង្រឹង​ប្រសិទ្ធិភាព​ក្នុងការ​ដឹកនាំ​។ ចំណែក​ខ្លឹមសារ​មួយទៀត ដែល​ប​ញ្ជូ​ល​ក្នុង​ក្រមព្រហ្មទណ្ឌ ដើម្បី​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ពង្រឹង​ច្បាប់​ឡើងវិញ​…​។ ដូច្នេះ​ការលើកឡើង​របស់លោក Brad Adam និយាយ​មិន​ចំ​គោលបំណង​ពិត​អ្នកអនុម័ត​ច្បាប់​ឡើយ ។ ហើយ​បើ​គាត់​និយាយ​បែបនេះ បានន័យថា គាត់​ហាម​កម្ពុជា​បង្កើត​ច្បាប់​ការពារ​ព្រះមហាក្សត្រ ដូច្នេះ​បានន័យថា លោក Brad Adam កំពុង​ប្រមាថ​ព្រះមហាក្សត្រ​ហើយ​»​។​
អត្ថបទទាក់ទង

​កាលពី​ថ្ងៃទី​១៤ កុម្ភៈ រដ្ឋសភា បានអនុម័ត​លើ​មាត្រា​មួយចំនួន ក្នុង​រដ្ឋធម្មនុញ្ញ រួមមាន មាត្រា​៣៤ មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​។ អនុម័ត​លើ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ។ ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​និង​សម្រួល​ពាណិជ្ជកម្ម តំបន់ត្រីកោណ​អភិ​វ​ឌ្ឈ​ន៏​កម្ពុជា​- វៀតណាម​- ឡាវ  និង​ការអនុម័ត​មាត្រា​ថ្មី នៃ​ក្រមព្រហ្មទណ្ឌ ដើម្បី​ដាក់ទោស​រូបវន្តបុគ្គល និង​នីតិបុគ្គល ដែល​ប្រមាថ​ព្រះមហាក្សត្រ​។ មាត្រា​ថ្មី​នេះ ដែល​ទើបនឹង​តាក់តែង ដើម្បី​បញ្ចូល​ទៅក្នុង​ក្រមព្រហ្មទណ្ឌ បាន​ចែងថា បុគ្គល​ណា (​រូបវន្តបុគ្គល​) ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១0​លាន​រៀល​៕


Tag:
 Human Right watch
  រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com