ជាតិ
ក្រសួង​ព័ត៌មាន ច្រានចោល​របាយការណ៍​CCIM ដែលថា រដ្ឋាភិបាល​ប្រើ​ឥទ្ធិពល​គំរាមកំហែង​អ្នកកាសែត​
22, Feb 2018 , 5:26 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន ច្រានចោល​របាយការណ៍​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែលថា រដ្ឋាភិបាល​ប្រើ​ឥទ្ធិពល​ច្បាប់ គំរាមកំហែង​ដល់​សេរីភាព​អ្នកសារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​។ ក្រសួង​ព័ត៌មាន ចាត់ទុក​របាយការណ៍​CCIM​ថា ជាការ​ស្រាវជ្រាវ​គ្មាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់​។​



​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹម​សេង បាន​និយាយថា កម្ពុជា​គ្មាន​ការ​រឹតត្បិត​សេរីភាព​អ្នកសារព័ត៌មាន​នោះទេ លើកលែងតែ​អ្នកសារព័ត៌មាន​អនុវត្ត​ខុសច្បាប់ ។ លោក អ៊ុក គឹម​សេង បន្ថែមថា អ្នកសារព័ត៌មាន​នៅ​កម្ពុជា ត្រូវបាន​ធានា​ដោយ​ច្បាប់សារព័ត៌មាន ដោយ​មិន​ស្ថិតក្រោម​ការគំរាមកំហែង​ពី​ឥទ្ធិពល​រដ្ឋាភិបាល​ឡើយ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គេ​ថា​អ្នកសារព័ត៌មាន​រង​ការគំរាមកំហែង ប៉ុន្តែ​រាល់​អត្ថបទ​ព័ត៌មាន ទាំង​កាសែត​បោះ​ពុ​ម្ភ ទាំង​ការ​អន​ឡាយ ឬ​វិទ្យុ ទូរទស្សន៍​នានា រាល់ពេល​ចេញផ្សាយ​គ្មាន​ការត្រួតពិនិត្យ​ជាមុន​ពី​រដ្ឋាភិបាល​ទេ​ដូច្នេះ​បានន័យថា សេរីភាព​សារព័ត៌មាន​គ្មាន​រឹតត្បិត​ឡើយ ហើយ​វា​បញ្ជាក់ថា សារព័ត៌​មាននៅ​កម្ពុជា​ទាំង​ជាតិ និង​អន្តរជាតិ ត្រូវបាន​ធានា​ដោយ​ច្បាប់​ស្តីពី​សារព័ត៌មាន ដោយ​គ្មាន​ការរារាំង និង​ហាមឃាត់​អ្នកសារព័ត៌មាន​ទេ​…​។ ហើយ​បើ​កន្លែង​ណា​ដែល​អ្នកសារព័ត៌មាន​ចង់យក​ព័ត៌មាន​គឺ​គ្មាន​ការហាមឃាត់​ទេ លើកលែងតែ​កន្លែង​មួយចំនួន ដែល​គេ​ហាម​នោះ ទើប​អ្នកព័ត៌មាន​ត្រូវសុំ​ការអនុញ្ញាត​សិន ដូច្នេះ​វា​គ្មាន​អ្វីដែល​គំរាមកំហែង​ដល់​អ្នកព័ត៌មាន​ទេ​»​។ 



​របាយការណ៍​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែលមាន​ចំណងជើង​ថា «​ការ​ប្រឈម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧» បានលើកឡើង​ពី​បញ្ហា​បញ្ចេញមតិ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​រង​ការគំរាមកំហែង និង​ការចាប់ខ្លួន​អ្នក​បញ្ចេញមតិ រួមទាំង​អ្នកកាសែត ដែល​រដ្ឋាភិបាល ចាត់ទុកជា​អ្នកប្រឆាំង​ខ្លួន ក្រោម​ហេតុផល​ផ្លូវច្បាប់​ជាដើម​។

​របាយការណ៍ CCIM ដែលមាន​៤០​ទំព័រ បាន​សរសេរ​ពី​បញ្ហា​ប្រឈម​ធំ​បំផុត​នៃ​សេរីភាព​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ដូច្នេះ​ថា​៖«​សរុបមក បន្ទាប់ពី​ឆ្នាំ​ដ៏​ច្របូកច្របល់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​ដែល​បានផ្ដល់​បទសម្ភាសន៍​បាន​និយាយថា ឥទ្ធិពល​របស់​រដ្ឋាភិបាល គឺជា​បញ្ហា​ដ៏​ធំ​បំផុត​ដែល​អ្នកសារព័ត៌មាន​ប្រឈមមុខ​សព្វថ្ងៃ​។ ៤៩​ភាគរយ បាន​និយាយថា ការគ្រប់គ្រង​និង​ឥទ្ធិពល​របស់​រដ្ឋាភិបាល គឺជា​បញ្ហា​ដ៏​ធំ​បំផុត ហើយ ១៨​ភាគរយ និយាយថា វា​ជាការ​ធ្វើទុក្ខបុកម្នេញ និង​ការគំរាមកំហែង​ផ្លូវច្បាប់​ទៅលើ​អ្នកសារព័ត៌មាន​»​។​

​របាយការណ៍ CCIM ដដែល បាន​បន្ថែមថា ការបង្ក្រាប​របស់​រដ្ឋា​ភិ​បាល​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅ​ឆមាស​ទី​២​ក្នុង​ឆ្នាំ​២០១៧​កន្លងមក បានបង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​របស់​ស្ថាប័ន​ឯករាជ្យ​។ «​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កាន់តែ​តិច អ្នកមានអំណាច​កាន់តែ​មាន​សេរីភាព ដែល​ធ្វើ​សកម្មភាព​ដោយ​គ្មាន​និ​ទណ្ឌ​ភាព ។ វា​ជា​ស្ថានភាព​អាក្រក់​សម្រាប់​មនុ​ស្ស​គ្រប់គ្នា​នៅក្នុង​ប្រទេស ដែល​កាន់តែ​ធ្លាក់ចុះ​ដុនដាប ក៏ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ដឹង​នោះទេ​។ សេរីភាព​ពិត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មានន័យថា មាន​ទាំង​អ្នក​សរសើរ និង​អ្នក​រិះគន់​»​។ នេះ​បើតាម​របាយការណ៍​CCIM​។​



​តែ​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ចាត់ទុក​របាយការណ៍​CCIM​ថា ជាការ​ស្រាវជ្រាវ​គ្មាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់ ដោយ​គ្រាន់​តែមាន​គោលបំណង​ចង់​វាយប្រហារ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​«​អ្វីដែល​CCIM​និយាយ​នេះ មិនមាន​មូលដ្ឋាន​អ្វីមួយ​មក​ចោទប្រកាន់ ឬ​មក​វាយតម្លៃ​លើ​រដ្ឋាភិបាល​ឡើយ​។ ហើយ​ខ្ញុំ​មិន​យល់​ពី​គោលបំណង​របស់​ពួកគេ​ដែរ ឬមួយ​ពួកគេ​មាន​គោលបំណង​អាក្រក់ ឬ​ចង់យក​បញ្ហា​ទាំង​នោះមក​វាយប្រហារ​រ​ដ្ឋា​ភិ​បាល​»​។ នេះ​ជា​ឆ្លើយតប​របស់លោក អ៊ុក គឹម​សេង ដែល​បាន​បន្ថែមថា អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​កម្ពុជា ប្រមាណ​៥០០០​នាក់ ត្រូវ​ធានា​ដោយ​ច្បាប់សារព័ត៌មាន ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​អនុវត្ត​តួនាទី ឲ្យ​ស្របច្បាប់​ផងដែរ​៕

Tag:
 អ៊ុក គឹម​សេង​
  សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com