កីឡាជាតិ
ជាតិ
ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​គ្រោង​បំបែក​រូបមន្ត Athlete Partway ដើម្បី​អនុវត្ត​នៅ​កម្ពុជា​
25, Feb 2018 , 8:39 am        
រូបភាព
លោក យី វាសនា ចូលរួមវគ្គបណ្តុះបណ្តាល Athlete Partway នៅប្រទេសជប៉ុនកាលពីពេលកន្លងទៅ
លោក យី វាសនា ចូលរួមវគ្គបណ្តុះបណ្តាល Athlete Partway នៅប្រទេសជប៉ុនកាលពីពេលកន្លងទៅ
ដោយ:
​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​(NPCC) គ្រោង​បំបែក​រូបមន្ត​ដែល​ទទួលបាន​ពី​ការបណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​ស្តីពី​«Athlete Partway» ដើម្បី​អនុវត្ត​នៅ​កម្ពុជា​។ ការ​ច្បិច​យក​រូបមន្ត​ខ្លះៗ​ដោយ​មិន​យក​ទាំងស្រុង​មក​អនុវត្ត​នេះ ដោយសារ​មាន​ចំណុច​ខ្លះ​កម្ពុជា​គ្មាន​លទ្ធភាព និង​មិនអាច​ទទួលយកបាន​។ តាមរយៈ​ការ​បំបែក​នេះ​កម្ពុជា​រំពឹងថា នឹង​ជួយ​ជំរុញ​វិស័យ​កីឡា​ជនពិការ​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។



«Athlete Partway»​ជា​ប្រព័ន្ធ​បណ្តុះបណ្តាល​ជំនាញ​កីឡា​ពី​កម្រិត​ថ្នាក់មូលដ្ឋាន​ឲ្យ​ឈានទៅរក​កម្រិត​ខ្ពស់​។ ប្រព័ន្ធ​នេះ​ចែកចេញជា​៣​កម្រិត ក្នុងនោះ​កម្រិត​ដំបូង​(Early-Entry)​បណ្តុះបណ្តាល​ពី​អាយុ​៦-៩​ឆ្នាំ និង​ពី​៩-១២​ឆ្នាំ រីឯ​កម្រិត​មធ្យម​(Mid-Entry)​ពី​អាយុ​៩-១២​ឆ្នាំ និង​ពី​១២-១៥​ឆ្នាំ និង​កម្រិត​ខ្ពស់​(Late-Entry)​ពី​អាយុ​១២-១៥​ឆ្នាំ និង​ពី​១៥-១៨​ឆ្នាំ​។​



​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​ចូលរួម​សិក្សា​វគ្គប​ណ្តុះ​ស្តីពី​«Athlete Partway»​នៅ​ប្រទេស​ជប៉ុន គ្រោង​ប្រើប្រាស់​ប្រព័ន្ធ​បណ្តុះបណ្តាល​នេះ ដើម្បី​អនុវត្ត​នៅ​កម្ពុជា​។ តែ​ស្ថាប័ន​ដែល​ផ្តោតលើ​កីឡាករ​ពិការភាព​មួយ​នេះ​អះអាងថា មិនមែន​យក​ទាំងស្រុង​នោះឡើយ ដោយសារ​មាន​ចំណុច​មួយចំនួន​មិនអាច​ធ្វើបាន​។​

​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ដែល​ដឹកនាំ​ប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​បាន​និយាយថា តាមរយៈ​វគ្គ​សិក្សា​កម្ពុជា​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ជាច្រើន ទាំង​បច្ចេកទេស និង​តិច​និក​ក្នុងការ​ជ្រើសរើស​កីឡាករ និង​ហ្វឹកហាត់​ជាដើម​។​



«​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​នឹង​បំបែក​នូវ​រូបមន្ត​នេះ ដោយ​យើង​មិនអាច​យក​ទាំងស្រុង​មក​អនុវត្ត​នៅ​កម្ពុជា​បាន​នោះទេ គឺ​យើង​ត្រូវ​មើល​តាម​លក្ខខណ្ឌ និង​ស្ថានភាព​ជាក់ស្តែង​របស់​យើ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យី វាសនា ហើយ​លោក​បាន​បន្ថែមថា តាមរយៈ​ប្រព័ន្ធ​នេះ​លោក​រំពឹងថា វិស័យ​កីឡា​ជនពិការ​នៅ​កម្ពុជា​នឹងមាន​ការរីកចម្រើន​កាន់តែខ្លាំង​ថែមទៀត​។     



​ប្រព័ន្ធ​បណ្តុះបណ្តាល Athlete Partway ភាគច្រើន​គេ​យកទៅអនុវត្ត​នៅតាម​សាលា និង​ផ្តោត​សំខាន់​លើ​កីឡា​អូឡាំពិក​ចំនួន​១៧​ប្រភេទ​កីឡា​រួមមាន​បាល់បោះ​, បាល់ទាត់​, បាល់ទាត់​បែប​អាមេរិក​, ហែល​ទឹក​, បាល់ទះ​, ចំបាប់​, ទ្រី​យ៉ា​ត្លុង​, បាល់ឱប​, ឡើង​ភ្នំ​, Curling, Hockey , អត្តពលកម្ម​, កីឡា​ចោល​ថាស​, កីឡា​លើក​ទម្ងន់​, វាយកូនគោល​, ប្រណាំងទូក និង​វាយ​កូន​បាល់​។



​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ក្រោម​គម្រោង​«Sport for Tomorrow» ដែល​រៀបចំ​ពីថ្ងៃ​ទី​៥-៩ កុម្ភៈ នៅ​មជ្ឈមណ្ឌល High Performance Sport Center នៅ​ប្រទេស​ជប៉ុន​មាន​១២​ប្រទេស​ចូលរួម ក្នុងនោះ​មកពី​អាស៊ាន​១១​ប្រទេស​និង​ម្ចាស់ផ្ទះ​ជប៉ុន​។ រីឯ​កម្ពុជា​បាន​បញ្ជូន​អ្នកជំនាញ​៥​រូប​ឲ្យ​ចូលរួម ដែល​ដឹកនាំ​ដោយ​លោក យី វាសនា អគ្គលេខាធិការ NPCC៕          


Tag:
 ប៉ា​រ៉ា​ឡាំ​ពិ​ក​
  យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com