ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំ​កំពូលៗ ទៅ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ព្រឹក​នេះ​
25, Feb 2018 , 9:45 am        
រូបភាព
​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូលៗ ដូចជា​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាដើម បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ​។ មេដឹកនាំ​ទាំងនោះ ទៅ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ក្នុងនាម​ជា​តំណាងរាស្ត្រ​។


 
​អ្នក​ដែលមាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺជា​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​។ ចាប់ពី​ម៉ោង​៣​រសៀល​ទៅ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។​
 
​សមាជិក​ព្រឹទ្ធសភា​ពីមុន មាន​៦១​នាក់​។ ប៉ុន្តែ​នៅ​នីតិកាល​ទី​៤​នេះ សមាជិក​ព្រឹទ្ធសភា ត្រូវបាន​បង្កើន​ដល់​៦២​នាក់ ដោយ​ក្នុងនោះ ២​រូប​ត្រូវបានតែងតាំង​ដោយ​ព្រះមហាក្សត្រ និង​២​រូប ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា ហើយ​៥៨​រូប​ទៀត កើតចេញពី​ការបោះឆ្នោត​។ 
 
​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤នេះ មាន​គណបក្ស​៤ ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា​។ ចំណែក គណបក្ស​ភ្លើងទៀន ដែល​ពីមុន​មាន​ឈ្មោះថា គណបក្ស សម រង្ស៊ី និង​ចាត់ទុកជា​គណបក្សប្រឆាំង​ក្នុង​ស្ថាប័នព្រឹទ្ធសភា មិនបាន​ចូលរួម​នោះទេ​៕

អត្ថបទទាក់ទង

 

Tag:
 បោះឆ្នោតព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com