ជាតិ
រដ្ឋាភិបាល កំពុង​ចរចា​ការទូត​ជាមួយ​អូស្ត្រាលី លើ​ករណី​ដុត​រូប​ទីងមោង​សម្ដេច ហ៊ុន សែន
26, Feb 2018 , 11:44 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​តាមដាន​សភាពការណ៍​ព​ល​រដ្ឋ​ខ្មែរ រស់នៅ​ប្រទេស​អូស្ត្រាលី ដែល​បាន​ដុត​រូប​ទីងមោង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៤ កុម្ភៈ នៅក្នុង​ពិធី​ទទួល​ស្វាគមន៍​លោកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី​។​



​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ សុ​ន្ទ​រី បាន​និយាយថា ក្រសួង​បាន​ទាក់ទង​ទៅ​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តាមផ្លូវ​ការទូត​ហើយ មុននឹង​មាន​វិធានការ​បន្តទៀត​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ជុំ សុ​ន្ទ​រី បានបញ្ជាក់​ដូច្នេះ​ថា​៖«​បញ្ហា​នេះ​ក្រសួងការបរទេស​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សភាពការណ៍​នៅ​អូស្ត្រាលី​។ ខ្ញុំ​មិនទាន់មាន​អ្វី​ច្រើន ដែល​អាច​ជម្រាប​បានទេ នូវ​អ្វីដែល​យើង​កំពុងតែ​ធ្វើតាម​ច្រក​ការទូត ពីព្រោះ​អ្វីដែល​យើង​កំពុងធ្វើការ​ងារ​តាម​ការទូត គឺ​យើងមិន​អាច​យកទៅ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​បានទេ​…​តែ​យើង​កំពុង​តាមដាន និង​សម្របសម្រួល​តាម​ច្រក​ការទូត​»​។

​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ សហព័ន្ធ​ខ្មែរ​-​អូស្ត្រាលី​សាជីវកម្ម បានរៀបចំ​ពិធី​ស្វាគមន៍​ភរិយា និង​កូនៗ​ទាំង​៥ របស់លោក​បណ្ឌិត កែម ឡី ដែល​ដឹកនាំ​ដោយ​អភិបាលក្រុង លោក ជា យូ​ហន ប្រធាន​សមាគម​ខ្មែ​រវ៉ិក​តូ​រី​យ៉ា តំណាងរាស្ត្រ​គណបក្សប្រឆាំង​។ ក្រៅពី​ពិធី​ស្វាគមន៍​នេះ ក៏មាន​រៀបចំ​ដុត​រូប​ទីងមោង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​។​

​ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួងមហាផ្ទៃ ថ្កោលទោស​ចំពោះ​សកម្មភាព​ប្រមាថ​រដ្ឋាភិបាល តាមរយៈ​ដុត​រូប​ទីងមោង​នេះ​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចាត់ទុក​ទង្វើ​បែបនេះ​ថា ជា​រឿង​គ្មាន​ក្រមសីលធម៌ ដែល​ពលរដ្ឋ​ខ្មែរ​ទាំងនោះ កំពុង​មើលងាយ​ដល់​ជាតិ​សាសន៍​ខ្លួន​។​«​វា​ជា​ទង្វើ​ខុសឆ្គង​ខាង​សីលធម៌​ធ្ងន់ធ្ងរ​ណាស់​បើ​ក្នុងនាម​ជា​ខ្មែរ​។ ហើយ​បើ​អ្នក​ទាំងអស់នោះ​ត្រូវបាន​គេ​យក​រូប​ទៅ​ដុត​បែបនេះ​ដែរ តើ​កូនចៅ​ចេះ​ឈឺចាប់​ឬ​អត់​?...​ក្នុងនាម​ជា​ជនជាតិខ្មែរ​មួយរូប យើង​ពុំគួរ​ធ្វើ​អ្វី​ខុសពី​ជាតិ ដែល​ជាតិ​របស់​យើង បានកំណត់​ទេ​។ ហើយ​វា​បង្ហាញ​ពី​កំហុស​សីលធម៌​របស់​អ្នក​ទាំងអស់នោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ខៀវ សុភ័គ​។​

​លោក ខៀវ សុភ័គ ដាក់​ការសង្ស័យថា ទង្វើ​ពលរដ្ឋ​ខ្មែរ​ទាំងនេះ កើតចេញពី​ការ​ញុះញង់​របស់លោក ហុង លីម ដែល​តែងតែ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​កន្ល​ង​មក​។ លោក សុភ័គ ព្រមាន​លោក ហុង លីម កុំ​ឲ្យ​ឈាន​ជើង​ជាន់​ទឹកដី​ខ្មែរ​ផងដែរ ។ អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុងនាម​ខ្ញុំ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ក៏មាន​ការក្តៅក្រហាយ​ចំពោះ​ទង្វើ​បែបនេះ​។ ហើយ​យើង​ស្វាគមន៍​លោក ហុង លីម ជានិច្ច បើ​លោក ហុង លីម មកដល់​កម្ពុជា​ពេលណា យើង​មិន​ត្រឹមតែ​ដុត​រូប​ចោល​ទេ​…​។ ហើយ​ការដុត​រូប​ទីងមោង​នេះ បើ​នៅ​ស្រុក​ខ្មែរ​វិញ មិនដឹង​ជាមាន​សភាពការណ៍​ប៉ុណ្ណា​ទេ​(​វិធានការ​) ប៉ុន្តែ​នេះ​វា​ដុត​នៅ​ស្រុក​គេ​»​។​
អត្ថបទទាក់ទង

ក្រៅពីតំបន់សមាគម​ខ្មែ​រវ៉ិក​តូ​រី​យ៉ានេះ ក៏មានពលរដ្ឋតំបន់ផ្សេងៗទៀតនៅប្រទេសអូស្ត្រាលី និងពលរដ្ឋខ្មែររស់នៅអាមេរិក បានធ្វើសកម្មភាពដុតរូបសម្ដេច ហ៊ុន សែន ជាបន្តបន្ទាប់ដែរ ក្នុងរយៈពេល២ថ្ងៃមកនេះ ក្រោយពីសម្ដេច ហ៊ុន សែន ប្រកាសហាមដុតរូបខ្លួននៅក្រៅប្រទេស។ នេះបើតាមវីដេអូ ដែលបានបង្ហោះនៅបណ្ដាញហ្វេសប៊ុក។

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​ពិសេស​អូស្ត្រាលី​-​អាស៊ាន នៅ​ថ្ងៃទី​១៧-១៨ មីនា​ខាងមុខនេះ​។ មុននឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ សម្ដេច ហ៊ុន សែន ដឹងខ្លួន​ច្បាស់​ថា ប្រាកដ​ជាមាន​ក្រុមប្រឆាំង​រដ្ឋាភិបាល នឹង​ចេញមក​បាតុកម្ម​តវ៉ា​ចំពោះ​វត្តមាន​សម្ដេច នៅលើ​ទឹកដី​អូស្ត្រាលី​នេះ​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់​នៅ​តំបន់​វត្ត​ទឹកថ្លា កាលពី​ថ្ងៃ​២១ កុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​ព្រួយបារម្ភ​ពី​ក្រុមអ្នកតវ៉ា ប្រឆាំង​វត្តមាន​សម្ដេច​ឡើយ ព្រោះ​សម្ដេច​យល់ថា វា​ជាការ​សម្ដែង​អារម្មណ៍ និង​មតិ​របស់​ក្រុម​អ្នក​មិន​គាំទ្រ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្វីដែល​ប្រមុខ​រដ្ឋាភិបាល មិន​ចង់ឃើញ​នោះ គឺ​ការតវ៉ា​ដោយ​ដុត​រូបភាព​សម្ដេច នៅ​ទីធ្លា​សាធារណៈ ព្រោះ​វាជា​រឿង​អ​បិ​យ​ជំនឿ​មិនល្អ​របស់​ខ្មែរ​។ នាយករដ្ឋមន្ត្រី ព្រមាន​ចាត់វិធានការ​លើ​អ្នក​តវ៉ា​ដុត​រូប​សម្ដេច​ផងដែរ​៕


Tag:
 ជុំ ស​ន្ទ​រី​
  ហ៊ុន សែន​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com